Breaking News
Loading...
Wednesday, October 2, 2013

ប្រជាពលរដ្ឋខ្មែរ​​​ជាង​៣០​នាក់​​​​ស្លាប់​ដោយសារ​​​​ទឹក​ជំនន់ និងចោទអាជ្ញាធរ​​​​​ថា​រើសអើង


មក​ទល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ទឹក​ជំនន់​នៅ​​​​ទូទាំង​ប្រទេស​​​​សម្លាប់​​​​មនុស្ស​ជាង ៣០​នាក់ និង​បង្ខំ​ពលរដ្ឋ​​​​រាប់​ពាន់​គ្រួសារ​​​​ផ្សេង​ទៀត​​​​ឲ្យ​ជម្លៀស​​​​ចេញ​ពី​ ផ្ទះសំបែង។ នេះជាការ បញ្ជាក់ឲដឹង របស់គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។ ចំណែក អាជ្ញាធរ​បាន​រង​ការ​ចោទ​ថា​រើសអើង​លើ​អ្នក​រង​គ្រោះ​ដោយ​ទឹក​ជំនន់នេះ។

ខេត្តកំពង់ចាម ថ្ងៃទី២៨ កញ្ញា ២០១៣

ខេត្តកំពង់ចាម ថ្ងៃទី២៨ កញ្ញា ២០១៣ (រូបភាពពី ហ្វេសប៊ុក)

ទឹក​ជំនន់​​​​ទន្លេ​មេគង្គ​​​​លើ​នៅ​ខេត្ត​​​​ក្រចេះ ស្ទឹងត្រែង កំពង់ចាម ចាប់​ផ្ដើម​ស្រក​​​​ក៏​ពិត​មែន ប៉ុន្តែ​តាម​​​​ការ​ព្យាករ​​​​កម្ពស់​ទឹក​អាច​នឹង​​​​ហក់​ឡើង​វិញ បើ​សិន​ជា​​​​មាន​ភ្លៀង​​​​ធ្លាក់​ខ្លាំង។ នេះជាការ បញ្ជាក់ឲ្យដឹង​​​របស់មន្ត្រី​ជាន់​ខ្ពស់​​​​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​​​​គ្រោះ​មហន្តរាយ​ តាមរយះ​​​វិទ្យុ អាស៊ីសេរី។

មន្ត្រី​គណៈ​​​កម្មាធិការ​ជាតិ​​​​គ្រប់គ្រង​​​​គ្រោះ​មហន្តរាយ​​​​អំពាវនាវ​ឲ្យ​ ប្រជាពលរដ្ឋ​​​​ប្រុង​ប្រយ័ត្ន​ពី​​​​គ្រោះថ្នាក់​ដែល​​​​បណ្តាល​មក​ពី​ការ​ ធ្វេសប្រហែស​​​​ពេល​មាន​​​​ទឹក​ជន់​ឡើង។ របាយការណ៍​​​​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បង្ហាញ​ថា ខេត្ត​ចំនួន ១២ រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹក​ជំនន់ ដែល​បង្ក​ឲ្យ​ពលរដ្ឋ​ជាង ៧​ម៉ឺន​គ្រួសារ​ជួប​ការ​លំបាក។ ខេត្ត​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​មាន​ខេត្ត​ព្រះវិហារ បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង ព្រៃវែង កណ្តាល ព្រះសីហនុ រតនគិរី និង​រាជធានី​ភ្នំពេញ។

ពលរដ្ឋ​ធ្វើ​​​​ដំណើរ​កាត់​​​​ទឹក​ជំនន់ ក្នុង​ស្រុក​​​​កៀនស្វាយ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា ២០១៣ (រូបភាពពី RFA)

ពលរដ្ឋ​ធ្វើ​​​​ដំណើរ​កាត់​​​​ទឹក​ជំនន់ ក្នុង​ស្រុក​​​​កៀនស្វាយ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា ២០១៣ (រូបភាពពី RFA)

អនុ​ប្រធាន​​​​គណៈកម្មា​​​ធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​​​​មហន្តរាយ​​​​​ ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា មាន​ប្រសាសន៍​ថា លោក​មិន​មាន​ពេល​​​​គ្រប់គ្រាន់​​​​លម្អិត​ពី​រឿង​នេះ​បាន​ទេ ព្រោះ​លោក​​​​ទើប​តែ​សុំ​ការ​អនុញ្ញាត​​​​​ពី​លោក​​​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​និយាយ​​​​ជាមួយ​អ្នក​​​​កាសែត​បាន។ លោក​បន្ត​​​​ដោយ​ខ្លី​ថា ទឹក​អាច​នឹង​​​​ឡើង ដូច​នេះ​ពលរដ្ឋ​​​​គួរ​ប្រុង​ប្រយ័ត្ន៖ «ទឹក ​វា​ស្រក​ហើយ អត់​មាន​បញ្ហា​អី​ទេ គ្រាន់​វា​បុក​នៅ​ខេត្ត​កណ្ដាល រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រៃវែង យើង​កំពុង​មាន​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​ណា»

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បញ្ជាក់​ថា មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៩ កញ្ញា មាន​មនុស្ស​ស្លាប់​ដោយសារ​ទឹក​ជន់​ឡើង​ចំនួន ២៨​នាក់ ក្នុង​នោះ​ខេត្ត​កំពង់ចាម មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ គឺ ១៦​នាក់ និង​ខេត្ត​រតនគិរី ៤​នាក់ ព្រម​ទាំង​ខេត្ត​មួយ​ចំនួន​ទៀត។ ប៉ុន្តែ​នៅ​ខេត្ត​ព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ក្រុម​ប្រជាពលរដ្ឋ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ពួកគាត់​បាន​ជួយ​សង្គ្រោះ​បុរស​ជន​បរទេស​ម្នាក់ ដែល​បាន​អណ្ដែត​ទៅ​ទើរ​លើ​មែក​ឈើ​ដោយសារ​បើក​ឡាន​ឆ្លង​កាត់​ទំនប់​ស្នេហ៍ ក្នុង​ឃុំ​ធាយ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។

ក្រុម​ពលរដ្ឋ​ក៏​បាន​ជួយ​ស្រង់​សាកសព​ជន​បរទេស​ចំនួន ៤​នាក់ ក្នុង​នោះ​មាន​កុមារ ២​នាក់ និង​ស្ត្រី ២​នាក់ ដែល​បាន​ស្លាប់​ដោយសារ​លង់​ទឹក​ទំនប់។ បុរស​ជន​បរទេស​នោះ គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ឡើយ ដោយសារ​គាត់​មិន​ចេះ​និយាយ​ទាំង​ភាសា​បារាំង និង​អង់គ្លេស។ ក្រុម​ពលរដ្ឋ​ឲ្យ​ដឹង​ថា រថយន្ត​បើក​ចូល​ទឹក គឺ​មក​ពី​អ្នក​បើក​មិន​ដឹង​ថា ទឹក​នៅ​លើ​ផ្លូវ​ជាតិ​ពី​កំពង់​ស្នេហ៍ ទៅ​បាភ្នំ មាន​ជម្រៅ​ជ្រៅ និង​ហូរ​ខ្លាំង ហើយ​អាជ្ញាធរ​មូលដ្ឋាន​ក៏​មិន​បាន​ដាក់​សញ្ញា​ហាម​ឃាត់។ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​ប្រាប់​ថា បញ្ហា​នេះ​មក​ពី​ទឹក​ឡើង​លឿន​ខ្លាំង​ពេក។

រូបភាពពី ហ្វេសប៊ុក

រូបភាពពី ហ្វេសប៊ុក

ទន្ទឹម​នឹង​នេះ របាយការណ៍​​​​របស់​គណៈ​​​កម្មាធិការ​ជាតិ​​​​គ្រប់គ្រង​គ្រោះ​​​​មហន្តរាយ​​​​បញ្ជាក់​ថា សាលារៀន​​​​ដែល​រង​ផល​ប៉ះពាល់​​​​មាន​ចំនួន​ជិត ៤០០​ខ្នង វត្តអារាម​​​​ចំនួន​ជិត ៣០០​វត្ត និង​មន្ទីរ​​​ពេទ្យ​ចំនួន ១៧ ត្រូវ​បាន​ផ្អាក​​​​ដំណើរការ។ សន្ទូង​ដែល​បាន​​​​ប៉ះពាល់​មាន​​​​ចំនួន​ជិត ៩​ម៉ឺន​ហិកតារ ហើយ​ទឹក​ជំនន់​​​​អូស​បន្លាយ សន្ទូង​ទាំង​នោះ​​​​នឹង​ខូចខាត។ ទឹក​ឡើង​ក៏​ប៉ះពាល់​​​​ដំណាំ​ផ្សេងៗ​​​​ចំនួន​ជាង ៣​ពាន់​​​​ហិកតារ។ ទឹក​ជំនន់​​​​កាល​ពី​ឆ្នាំ​​​​២០១២ បាន​សម្លាប់​​​​មនុស្ស ១៤​នាក់។ កាល​ពី​ឆ្នាំ​២០១១ ទឹក​ឡើង​ក៏​បាន​សម្លាប់​មនុស្ស​អស់​ចំនួន ២៥០​នាក់​ដែរ នឹង​បណ្ដាល​ឲ្យ​ខាត​បង់​ថវិកា​ជាតិ​អស់​រាប់​លាន​ដុល្លារ។

ប៉ុន្តែកាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋ​​បាន​លើក​ឡើង​ តាមរយះវិទ្យុ អាសីសេរី ថា អាជ្ញាធរ​ដែល​ចុះ​ស្រង់​ឈ្មោះ​អ្នក​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់ បែរ​ជា​មាន​ការ​រើស​អើង​ចំពោះ​ពួកគាត់ ដោយ​មេ​ភូមិ​លើក​ឡើង​ថា​ ពួក​គាត់​បោះ​ឆ្នោត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ឱ្យ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ជួយ។ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​បាន​មេ​ភូមិ​ព្រែករំដេងកើត បដិសេធ​ថា លោក​មិន​បាន​រើស​អើង​នោះ​ទេ។ ចំណែក ប្រជាពលរដ្ឋ​នៅ​ឃុំ​ពង្រ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ចោទ​ប្រកាន់ក៏បានចោទប្រកាន់​មេ​ភូមិដែរ​ថា បាន​​ប្រកាន់​បក្សពួក ហើយ​និយាយ​ស្ដី​សម្ដី​ធ្ងន់ធ្ងរ​មក​កាន់​​ពួក​គាត់​ នៅ​ពេល​ដែល​មេ​ភូមិ​ដើរ​ស្រង់​ឈ្មោះ​ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់។

​ជាអាទិ ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក​រំដេង​​កើត ឃុំ​ពង្រ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម អ្នកស្រី ប៉េង នីន បាន​មាន​ប្រសាសន៍​ ប្រាប់ ថា នៅ​ថ្ងៃ​ទី​២៧ កញ្ញា ប្រធាន​ភូមិ​បាន​ដើរ​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយ​ទឹក​ ជំនន់​មក​ដល់​មុខ​ផ្ទះ​អ្នកស្រី អ្នកស្រី​ក៏​បាន​ស្រែក​សួរ​ថា ជួយ​កត់​ឈ្មោះ​ពួក​គាត់​ផង ពីព្រោះ​ពួកគាត់​ក៏​ជា​អ្នក​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ដែរ ប៉ុន្តែ​មេ​ភូមិ​បែរ​ជា​មាន​ការ​រើសអើង​ចំពោះ​ពួក​គាត់ ហើយ​ក៏​បាន​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ទៅ​កាន់​គាត់​ទៀត​ផង។

ប្រភពពី៖​ www.healthcambodia.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved