ភ្លេចៗ​ខ្លួន​ការ​ប្រកួត​ជម្រុះ FIFA World Cup 2014 បាន​ចាប់​ផ្ដើម​បន្ត​ទៀត​ហើយ ខណៈ​កាន់​តែ​ជិត​រក​ឃើញ​ក្រុម​ទាំង​អស់​ទៅ​ប្រេស៊ីល​ទៅ​ហើយ​នោះ។ តើ​ក្រុម​ណា​ខ្លះ​ទៀត​នឹង​កក់​កៅអី​ស្វ័យប្រវត្តិ ហើយ​ក្រុម​ណា​ខ្លះ​ទៀត​នឹង​ដឹង​ខ្លួន​​ធ្លាក់​​ស្វ័យ​ប្រវត្តិ ​ក្រោយ​ការ​ប្រកួត​យប់​នេះ?

តំបន់​អឺរ៉ុប

សម្រាប់​​ តំបន់​អឺរ៉ុប​ ដែល​មាន​កៅអី​១៣​នោះ បាន​រក​ឃើញ​ជា​ផ្លូវការ​២​​ហើយ​ គឺ ​អ៊ីតាលី និង​ហុល្លង់ ខណៈ​ក្រុម​ខ្លះ​ទៀត​ក៏​នឹង​អាច​​កក់​កៅអី​បន្ថែម​ទៀត​ដែរ​នៅ​យប់​នេះ។

ពូល A ៖ ក្រុម​លេខ១ បែលហ្សិក ប៉ះ​ក្រុម​លេខ​២ ក្រូអាត ម៉ោង១១​យប់ ខណៈ​ក្រុម​ធ្លាក់​ស្វ័យប្រវត្តិ​ទាំង​២​គឺ វែល និង​ម៉ាសេដូនៀ ជួប​គ្នា​ម៉ោង​១:៤៥នាទី​រំលង​អាធ្រាត្រ។ បែលហ្សិក​ នឹង​ជាប់​ស្វ័យប្រវត្តិ​បើ​ឈ្នះ ឬ​ស្មើ​​ក្រូអាត​យប់​នេះ។ មើល​តារាង​ពិន្ទុ​ពូល A ដូច​ខាង​ក្រោម៖

ពូល B ៖ ក្រុម​លេខ​៥ អាមិននៀ (Armenia) ប៉ះ​ក្រុម​លេខ​២ ប៊ុលហ្គារី ម៉ោង​១០យប់, ក្រុម​បាត​តារាង ម៉ាល់តា​ ជួប​ក្រុម​លេខ​៤ សាធារណរដ្ឋឆេក ម៉ោង​១២:៣០អាធ្រាត្រ ខណៈ​ក្រុម​លេខ៣ ដាណឺម៉ាក ត​ទល់​ក្រុម​ជាប់​ស្រាប់​ អ៊ីតាលី ម៉ោង​១:១៥នាទី​រំលង​អាធ្រាត្រ។ ពូល​នេះ​ ក្រុម​៤​នៅ​មាន​សិទ្ធិ​ប្រជែង​យក​កៅអី​លេខ​២​ដើម្បី​ទៅ​ប្រកួត​ Play-off ក្រោយ​អ៊ីតាលី​ក្ដោប​យក​លេខ​១ហើយ​នោះ។ ក្រុម​៤​ដែល​នៅ​មាន​សិទ្ធិ​ដណ្ដើម​គ្នា​យក​លេខ២នោះ រួម​មាន​ ប៊ុលហ្គារី, ដាណឺម៉ាក, សាធារណរដ្ឋឆេក និង ​អាមិននៀ ចំណែក​ម៉ាល់តា​ធ្លាក់​ស្វ័យប្រវត្តិ​ហើយ។ តើ​ក្រុម​ណា​នឹង​បន្ត​ធ្លាក់​ស្វ័យប្រវត្តិ​ទៀត​ក្រោយ​ប្រកួត​យប់​នេះ? តារាង​ពិន្ទុ​ពូល B ​មាន​ដូច​ខាង​ក្រោម៖

ពូល C ៖ ក្រុម​០ពិន្ទុ Faroe Islands ជួប​ កាហ្សាក់ស្ថាន ម៉ោង​១២កណ្ដាល​អាធ្រាត្រ រីឯ​​ក្រុម​ជិត​ជាប់ អាល្លឺម៉ង់ ប៉ះ ​អៀរឡង់ ម៉ោង​១:៤៥រំលង​អាធ្រាត្រ ខណៈ​ម៉ោង​ដូច​គ្នា​នេះ ក្រុម​លេខ​២​ ស៊ុយអែត ជួប​ក្រុម​លេខ៣​អូទ្រីស។ អាល្លឺម៉ង់​ នឹង​ជាប់​ស្វ័យប្រវត្តិ​ប្រសិន​បើ​ឈ្នះ​យប់​នេះ ខណៈ​ស៊ុយអែត​ក៏​នៅ​មាន​សិទ្ធិ​ដណ្ដើម​លេខ​១ពី​អាល្លឺម៉ង់​នោះ​ដែរ។ អូទ្រីស និង​អៀរឡង់​ ​នៅ​មាន​ឱកាស​ប្រជែង​យក​លេខ​២​ក្នុង​ពូល ប៉ុន្តែ​អៀរឡង់​ដូច​ជា​សង្ឃឹម​តិច​ណាស់។ មើល​តារាង​ពិន្ទុ​ពូល​ C ដូច​ខាង​ក្រោម៖

ពូល D ៖ ៣គូ​ពូល D យប់​នេះ​សុទ្ធ​តែ​ប្រកួត​ម៉ោង​១:៣០រំលង​អាធ្រាត្រ​ដំណាល​គ្នា ពោល​គឺ​ អង់ដូរ៉ា ប៉ះ ​រ៉ូម៉ានី, អេស្តូនី ជួប ទួរគី រី​ឯ​ ហុល្លង់ ត​តាំង​ ហុងគ្រី។ ហុល្លង់​ក្ដាប់​យក​លេខ​១​ហើយ ដូច្នេះ​ ហុងគ្រី, ទួរគី និង ​រ៉ូម៉ានី ត្រូវ​ប្រជែង​យក​លេខ២ ខណៈ​ អេស្តូនី និង ​អង់ដូរ៉ា ធ្លាក់​ហើយ។ ចង់​ដឹង​ច្បាស់ មើល​តារាង​ពិន្ទុ​ខាង​ក្រោម៖

ពូល E ៖ អាល់បានី ជួប ​ស្វីស ម៉ោង​១កន្លះ​រំលង​អាធ្រាត្រ ខណៈ១៥នាទី​បន្ទាប់ អ៊ីស្លង់ (Iceland) ប៉ះ​ ស៊ីប្រ៊ូស (Cyprus) និង ​ស្លូវើនៀ ជួប ​ន័រវែស។ ពូល​នេះ​ហាក់​តឹងតែង​ជាង​គេ​ត្បិត​មិន​ទាន់​មាន​ក្រុម​ណា​ពិន្ទុ​ដាច់​លើស​គេ​នោះ​ទេ ខណៈ​ក្រុម​ធ្លាក់​ស្វ័យប្រវត្តិ​គឺ​មាន​តែ ​ស៊ីប្រ៊ូស ​មួយ​ប៉ុណ្ណោះ។ ស្វីស, អ៊ីស្លង់ និង ​ស្លូវើនៀ នៅ​មាន​សិទ្ធិ​ប្រជែង​យក​លេខ​១ ខណៈ ​ន័រវែស និង ​អាល់បានី អស់​ឱកាស​យក​លេខ​១ តែ​នៅ​មាន​សិទ្ធិ​ប្រជែង​យក​លេខ​២។ តារាង​ពិន្ទុ​ពូល E មាន​ដូច​ខាង​ក្រោម៖

Ronaldo (កណ្ដាល) កំពុង​ហ្វឹកហាត់​ត្រៀម​ទាត់​ឲ្យ​ព័រទុយហ្គាល់​យប់​នេះ

ពូល F ៖ អាហ្សេបៃហ្សង់ ជួប ​អៀរឡង់​ខាង​ជើង ម៉ោង​១១យប់, លុចហ្សំបួរ ប៉ះ​រុស្សី ម៉ោង​១កន្លះ​ និង​ព័រទុយហ្គាល់ ជួប ​អ៊ីស្រាអែល ម៉ោង​២:៤៥រំលង​អាធ្រាត្រ។ ក្នុង​ពូល​នេះ រុស្សី ព័រទុយហ្គាល់ និង​អ៊ីស្រាអែល សុទ្ធ​តែ​នៅ​មាន​សិទ្ធិ​ប្រជែង​កៅអី​លេខ១ ខណៈ​អៀរឡង់​ខាង​ជើង, លុចហ្សំបួរ និង​អាហ្សេបៃហ្សង់ ធ្លាក់​អស់​ហើយ។ មើល​ពិន្ទុ​ដូច​ខាង​ក្រោម៖

ពូល G ៖ លីទុយអានី ជួប ឡាតវី ម៉ោង​១០កន្លះ​យប់, បូស្នី-ហឺហ្ស៊េហ្គោវីណា ប៉ះ លិចធិនស្តែន ម៉ោង​១ ខណៈ​ក្រិក ជួប​ត​ទល់ ស្លូវ៉ាគី ម៉ោង​១:៤៥រំលងអាធ្រាត្រ។ ៤ក្រុម​ពូល​នេះ​បាន​ធ្លាក់​ស្វ័យប្រវត្តិ​អស់​ហើយ គឺ ស្លូវ៉ាគី, លីទុយអានី, ឡាតវី និង លិចធិនស្តែន ដូច្នេះ​សល់​តែ​បូស្នី និង​ក្រិក ប៉ុណ្ណោះ​ដែល​ត្រូវ​ប្រជែង​យក​លេខ១។ តើ​២ក្រុម​នេះ មួយ​ណា​លេខ​១ មួយ​ណា​លេខ២? មើល​ពិន្ទុ​ខាង​ក្រោម៖

ពូល H ៖ ម៉ុលដូវ៉ា ជួប​ក្រុម​០ពិន្ទុ សាន់ម៉ារីណូ ម៉ោង​១១យប់, អ៊ុយក្រែន ត​តាំង ប៉ូឡូញ ម៉ោង១ ខណៈ អង់គ្លេស ​ស្វាគមន៍ ម៉ុងតេណេក្រូ ម៉ោង​២រំលង​អាធ្រាត្រ។ អង់គ្លេស អ៊ុយក្រែន ម៉ុងតេណេក្រូ និង​ប៉ូឡូញ សុទ្ធិ​តែ​មាន​ឱកាស​ប្រជែង​យក​លេខ​១ ផ្ទុយ​ពី ម៉ុលដូវ៉ា និង​សាន់ម៉ារីណូ ដែល​ធ្លាក់​ស្វ័យប្រវត្តិ​ហើយ។ មើល​តារាង​ពិន្ទុ​ខាង​ក្រោម៖

កីឡាករ​ក្រុម​អង់គ្លេស​កំពុង​ហ្វឹកហាត់​ត្រៀម​ប្រកួត​យប់​នេះ

ពូល I ៖ ដោយ​សារ​ពូល​នេះ មាន​តែ​៥ក្រុម ដូច្នេះ​យប់​នេះ គឺ​មាន​តែ​១គូ​ទេ គឺ​ក្រុម​កំពូល​តារាង អេស្ប៉ាញ ជួប​ក្រុម​បាត​តារាង បេឡារូស ម៉ោង​៣​ទៀប​ភ្លឺ។ មាន​តែ​អេស្ប៉ាញ និង​បារាំង​ប៉ុណ្ណោះ ដែល​នៅ​មាន​សិទ្ធិ​ប្រជែង​យក​កំពូល​តារាង រី​ឯ ហ្វាំងឡង់ ហ្សកហ្ស៊ី និង​បេឡារូស ចប់​ហើយ។ តារាង​ពិន្ទុ​ពូល I មាន​ដូច​ខាង​ក្រោម៖

បញ្ជាក់៖ ក្រុម​លេខ​១​ក្នុង​ពូល​ទាំង​៩ នឹង​ជាប់​ជា​ស្វ័យប្រវត្តិ ខណៈ​ក្រុម​លេខ​២​ល្អ​បំផុត​ចំនួន​៨ ត្រូវ​ចាប់​គូ​ទាត់ play-off យក​៤ក្រុម​ឡើង​ទៅ។ ដោយ​សារ​ក្នុង​ចំណោម​៩ពូល មាន​ពូល​១មាន​ក្រុម​តិច​ជាង​គេ ដូច្នេះ​ការ​ប្រកួត​ទល់​នឹង​ក្រុម​បាត​តារាង​សម្រាប់​ពូល៨​​ដែល​មាន​៦ក្រុម​គឺ​មិន​ត្រូវ​បាន​គិត​នោះ​ទេ។ ក្រុម​លេខ​២​ល្អ​បំផុត​ ត្រូវ​គិត​លើ​ ពិន្ទុ បន្ទាប់​មក​គឺ​គ្រាប់​បាល់​សំណល់ និង​ចុង​ក្រោយ​គឺ​ចំនួន​គ្រាប់​បាល់​ស៊ុត​ចូល​គេ។

តំបន់​អាមេរិក​ខាង​ត្បូង (CONMEBOL)

ក្នុង​តំបន់​នេះ​ ទទួល​កៅអី​ទៅ​ប្រេស៊ីល​ចំនួន​៤កន្លះ ពោល​គឺ​ក្រុម​កំពូល​ទាំង​៤ នឹង​ជាប់​ជា​ស្វ័យប្រវត្តិ ខណៈ​ក្រុម​លេខ​៥ ត្រូវ​ប្រកួត​ play-off ដណ្ដើម​កៅអី​ជាមួយ​ក្រុម​លេខ​៥ ក្នុង​វគ្គ​ជម្រុះ​តំបន់​អាស៊ី (ហ្សកដានី)។ នៅ​យប់​នេះ មាន​៤​ដែល​ត្រូវ​ប្រកួត គឺ៖

វេណេហ្ស៊ុយអេឡា vs ប៉ារ៉ាហ្គាយ (៣:៣០ទៀប​ភ្លឺ)
កូឡុំប៊ី vs ឈីលី (៤:០០ទៀប​ភ្លឺ)
អេក្វាឌ័រ vs អ៊ុយរុយហ្គាយ (៤:០០ទៀប​ភ្លឺ)
​អាហ្សង់ទីន vs ប៉េរូ (៦ព្រឹក)

អាហ្សង់ទីន បាន​កក់​កៅអី​ទៅ​ប្រេស៊ីល ជា​ស្វ័យប្រវត្តិ​ហើយ។ កូឡុំប៊ី ឈីលី អេក្វាឌ័រ និង​អ៊ុយរុយហ្គាយ ជា​ក្រុម​នៅ​មាន​សិទ្ធិ​ប្រជែង​យក​កៅអីសល់​ចំនួន​៣​ទៀត ខណៈ​វេណេហ្ស៊ុយអេឡា នៅ​មាន​សង្ឃឹម​ដណ្ដើម​កៅអី play-off (លេខ៥)។ ចំណែក ប៉េរូ, បូលីវី និង​ប៉ារ៉ាហ្គាយ ធ្លាក់​អស់​ហើយ។ មើល​តារាង​ពិន្ទុ ដូច​ខាង​ក្រោម​នេះ៖

កីឡាករ​ក្រុម​អាហ្សង់ទីន​កំពុង​ហ្វឹកហាត់​

តំបន់ CONCACAF (អាមេរិក​កណ្ដាល អាមេរិក​ខាង​ជើង និង​ការីប៊ីន)

តំបន់​នេះ​ទទួល​កៅអី​ទៅ World Cup 2014 ចំនួន ៣កន្លះ ពោល​គឺ​ក្រុម​កំពូល​៣ជាប់​ទៅ​ប្រេស៊ីល​ស្វ័យប្រវត្តិ ខណៈ​ក្រុម​លេខ​៤ ត្រូវ​ប្រកួត play-off ២ជើង​ទល់​នឹង​ក្រុម​ជើង​ឯក​អូសេអានី គឺ​នូវែលហ្សេឡង់ (New Zealand)។ ក្រុម​២បាន​ជាប់​ស្វ័យប្រវត្តិ​ហើយ គឺ​សហរដ្ឋ​អាមេរិក និង​កូស្តារីកា ដូច្នេះ​សល់​តែ​កៅអី​១កន្លះ​ទៀត​ប៉ុណ្ណោះ​សម្រាប់​ក្រុម​៤ផ្សេង​ទៀត​ក្នុង​ជុំ​ចុង​ក្រោយ​នៃ​វគ្គ​ជម្រុះ​តំបន់​នេះ។ ប៉ុន្តែ​ ចាម៉ៃកា ដែល​នៅ​បាត​តារាង​បាន​ធ្លាក់​ស្វ័យប្រវត្តិ​ហើយ ខណៈ ហុងឌុយរ៉ាស់ ប៉ាណាម៉ា និង​ម៉ិកស៊ីកូ នៅ​មាន​ឱកាស​ប្រជែង​យក​កៅអី​ដែល​នៅ​សល់។ តារាង​ពិន្ទុ​ក្នុង​តំបន់​នេះ មាន​ដូច​ខាង​ក្រោម​៖

តំបន់​អាហ្វ្រិក

​តំបន់​នេះ​ទទួល​កៅអី​ទៅ​ប្រេស៊ីល​ចំនួន​ ៥ ដូច្នេះ​ក្រុម​ទាំង​១០ ដែល​នៅ​សល់​ក្នុង​ជុំ​ចុង​ក្រោយ ត្រូវ​ប្រកួត​គ្នា​២ជើង​ដើម្បី​រក​អ្នក​ឈ្នះ​ទាំង​៥​ជាប់​ទៅ​តែ​ម្ដង។ គូ​ទាំង​៥​បាន​ចាប់​រួច​រាល់​ហើយ ដែល​មាន​ដូច​ខាង​ក្រោម៖

កូឌីវ័រ vs សេណេហ្គាល់
អេត្យូពី vs នីហ្សេរីយ៉ា
ទុយណេស៊ី vs កាមេរ៉ូន
ហ្គាណា vs អេហ្សីប
ប៊ូគីណាហ្វាសូ vs អាល់ហ្សេរី

ការ​ប្រកួត​ជើង​ទី​១ គឺ​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​សៅរ៍​ស្អែក យប់​ថ្ងៃ​អាទិត្យ និង​យប់​ថ្ងៃ​អង្គារ ខណៈ​ជើង​ទី​២ ធ្វើ​ឡើង​នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ក្រោយ។ តើ​ក្រុម​៥ណា​ នឹង​ត្រូវ​ហោះ​ទៅ​លេង​នៅ​ប្រេស៊ីល​ ឆ្នាំ​២០១៤?

ហ្គាណា កំពុង​ហ្វឹកហាត់​​ត្រៀម​ប្រកួត

ប្រិយមិត្ត​សាក​ទាយ​​ល​មើល៍ ថា​តើ​ក្រុម​ណា​ខ្លះ នឹង​ទៅ​បង្រ្គប់​កៅអី​ទាំង​៣២​ នៅ World Cup ឆ្នាំ​ក្រោយ។ គិត​មុន​ការ​ប្រកួត​យប់​នេះ កៅអី​ចំនួន​១០ ត្រូវ​បាន​កក់​អស់​ហើយ ដូច្នេះ​សល់​តែ​២២​ទៀត​ប៉ុណ្ណោះ​ដែល​នៅ​សល់។​ ​ប្រទេស​ទាំង​១០​នោះរួម​មាន៖ ប្រេស៊ីល (​ម្ចាស់​ផ្ទះ), ជប៉ុន (អាស៊ី), អូស្រ្ដាលី (អាស៊ី), អ៊ីរ៉ង់ (អាស៊ី), កូរ៉េខាងត្បូង (អាស៊ី), ហុល្លង់ (អឺរ៉ុប), អ៊ីតាលី (អឺរ៉ុប), អាមេរិក (CONCACAF), កូស្ដារីកា (CONCACAF) និង​អាហ្សង់ទីន (អាមេរិក​ខាង​ត្បូង)៕

អត្ថបទ​ផ្សេង​ទៀត​ទាក់ទង​នឹង FIFA World Cup សូម​ចុច​ត្រង់​នេះ៕