កូរ៉េខាងជើង​ចាប់​ផ្ដើម​ដំឡើង​​សំឡេង​ធ្ងន់ៗ​ដាក់​អាមេរិក​ និង​កូរ៉េខាងត្បូង​ទៀត​ហើយ​នៅ​ថ្ងៃ​នេះ​ដោយ​ព្រមាន​ថា ​កងយោធា​​របស់​ខ្លួន​នឹង​វាយ​ប្រហារ​កម្ទេច​​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន។ ការ​ព្រមាន​នេះ​ធ្វើឡើង​បន្ទាប់​ពី​អាមេរិក​ កូរ៉េខាងត្បូង និង​ជប៉ុន​បាន​ធ្វើ​សម​យុទ្ធ​យោធា​រួម​​មួយ​នៅ​លើ​ដែន​សមុទ្រ​ឧបទ្វីប​កូរ៉េ​​អស់​រយៈ​ពេល​២ថ្ងៃ​​កន្លង​ទៅ​។

នាវា​ផ្ទុយយន្តហោះ​អាមេរិក​ដែល​កូរ៉េខាងជើង​ព្រមាន​វាយ​កម្ទេច

ដោយ​មាន​វត្តមាន​នាវា​ផ្ទុក​យន្តហោះ នាវា​បាញ់​មីស៊ីល ឧទ្ធម្ភាគចក្រ និង​យន្តហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង​ការ​ធ្វើ​សម​យុទ្ធ​យោធា​​ខាងលើ​បាន​ធ្វើ​ឲ្យ​រដ្ឋ​កុម្មុយនិស្ត​​​មួយ​នេះ​​ក្ដៅ​ក្រហាយ​ដោយ​ចោទ​ថា អាមេរិក​ហាក់​កំពុង​​លែង​ល្បែង​សង្គ្រាម​នុយក្លេអ៊ែរ​​ជា​មួយ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​​នៅ​លើ​ឧបទ្វីប​កូរ៉េ។

​យោង​តាម​ប្រសាសន៍​របស់​ប្រមុខ​គណៈកម្មការ​បង្រួបបង្រួម​សន្តិភាព​ទីក្រុង​ព្យុងយ៉ាង​បាន​​ឲ្យ​ដឹង​ដែរ​ថា ​ខ្លួន​បាន​ព្រមាន​អាមេរិក​​រួចហើយ​ថា សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​នឹង​អាច​ផ្ទុះឡើង​​​​ជា​សង្គ្រាម​​ឆាបឆេះ​ឡើង​នៅ​​ពេល​​ខាងមុខ  ​​ហើយ​ថា​កងកម្លាំង​យោធា​​កូរ៉េខាងជើង​ទាំង​អស់​​បាន​​ប្រុង​ជើងកាង​រួចរាល់​ហើយ​ដែរ ដើម្បី​ត្រៀម​វាយ​ប្រហារ​​កម្ទេច​យោធា​របស់​សត្រូវ​ដែល​ដឹកនាំ​ដោយ​អាមេរិក។

ក៏ប៉ុន្តែ​ បើ​យោង​តាម​មន្ត្រី​អ្នកនាំពាក្យ​​របស់​អាមេរិក​និង​កូរ៉េខាងត្បូង​វិញ​បាន​​ប្រកាស​ថា ការ​ធ្វើ​សម​យុទ្ធ​យោធា​នេះ​ធ្វើ​ឡើង​ក្នុង​គោលដៅ​ដើម្បី​ការ​ស្រាវជ្រាវ និង​ហ្វឹកហាត់​​សម្រាប់​ជំរុញ​សមត្ថភាព​កងទ័ព​​លើ​សកម្មភាព​​មនុស្សធម៌​តែប៉ុណ្ណោះ។


​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នកវិភាគ​បាន​និយាយ​ថា ការ​ព្រមាន​របស់​កូរ៉េខាងជើង​​គឺ​គ្រាន់តែ​​ចង់​​​ទាក់ទាញ​​ចំណាប់​អារម្មណ៍​ទីក្រុង​វ៉ាស៊ីនតោន​​​និង​​ទីក្រុង​សេអ៊ូល​​ឲ្យ​​ងាក​មក​ចូល​​តុចរចា​​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​វិញ​តែប៉ុណ្ណោះ បន្ទាប់​​​ពី​​​​អាមេរិក​និង​កូរ៉េខាងត្បូង​​បាន​​ខ្វែង​គំនិត​គ្នា​ជា​មួយ​នឹង​ខ្លួន​​លើ​​​​កម្មវិធី​នុយក្លេអ៊ែរ​ដ៏​​​ចម្រូងចម្រាស​នេះ៕​​​​