លោក Jurgen Klopp គ្រូ​បង្វឹក​ក្រុម Borussia Dortmund នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​អតីត​កីឡាករ​របស់​ខ្លួន Shinji Kagawa ត្រលប់​ទៅ​រួម​ទ្រនំ​វិញ​ដដែល ចំ​ពេល​ដែល​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ជប៉ុន​រូប​នេះ​មិន​ជាប់​ក្នុង​ក្រសែ​ភ្នែក​​អ្នក​ចាត់ការ​ក្លិប​បិសាច​ក្រហម Manchester United, David Moyes នោះ​ឡើយ។

Kagawa ក្រោយ​ស៊ុត​បញ្ចូល​ទី​ឲ្យ Man Utd កន្លង​មក

Kagawa ជា​កីឡាករ​កំពូល​​ម្នាក់​កាល​​នៅ​អាល្លឺម៉ង់ ប៉ុន្តែ​ការ​ផ្លាស់​មក​កាន់​អង់គ្លេស បែរ​ជា​មិន​សូវ​បាន​បង្ហាញ​ខ្លួន​ទៅ​វិញ ជា​ពិសេស​ក្រោម​ការ​ដឹក​នាំ​របស់​ Moyes។ ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​ព័ត៌មាន​នៃ​ការ​ផ្លាស់​ទៅ​កាន់ Dortmund វិញ​បាន​លេច​ជា​រូបរាង​ឡើង ដោយ​ក្នុង​នោះ Man Utd ចង់​បាន​ខ្សែ​ការពារ​ Neven Subotic របស់​ Dortmund ជា​ផ្នែក​មួយ​នៃ​ការ​ដោះដូរ។

យ៉ាង​ណា​ក្ដី Klopp បាន​បដិសេធ​ថា​ការ​ចង់​បាន Subotic គឺ​មិន​អាច​ទៅ​រួច​ទេ ត្បិត​ខ្សែ​ការពារ​វ័យ​២៤ឆ្នាំ​រូប​នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​ក្លិប។

ប្រភព​ជិតស្និទ្ធ​នឹង Dortmund បាន​បញ្ជាក់​ឲ្យ​ដឹង​ថា៖ “Jurgen ចង់​បាន​ Kagawa ត្រលប់​មក​ក្លិប​វិញ ហើយ​គាត់​បាន​បើក​ទ្វារ​ចាំ​ទទួល Kagawa ជា​និច្ច។ Shinji បាន​ចាកចេញ​ទាំង​ក្ដុកក្ដួល​ក្នុង​ចិត្ត ប៉ុន្តែ​គាត់​មិន​អាច​បដិសេធ​ឱកាស​លេង​ឲ្យ United បាន។ តែ​ឥលូវ​អ្វីៗ​ប្រែ​ជា​មិន​សូវ​ល្អ ដូច្នេះ​គាត់​នឹង​ត្រូវ​​ស្វាគមន៍​ឲ្យ​វិល​វិញ”។

ក្រោយ​ឡើង​ស្នង​ដំណែង​ Sir Alex Fergusen នា​រដូវ​កាល​នេះ​ លោក Moyes ហាក់​មិន​ចាប់​អារម្មណ៍​នឹង​ Kagawa នោះ​ទេ ពោល​គឺ​ដាក់​ឲ្យ​លេង​ជម្រើស​ដំបូង​តែ​ម្ដង​ប៉ុណ្ណោះ​ពេល​ប៉ះ West Brom ហើយ​បាន​ប្ដូរ​ចេញ​វិញ​យ៉ាង​លឿន​ផង​ដែរ។

David Moyes និង​ Kagawa

គ្រូ​បង្វឹក Dortmund លោក Jurgen Klopp

Subotic (លឿង) របស់ Dortmund ដែល Man Utd ចង់​បាន​

តើ​ Kagawa នឹង​អាច​ចេញ​ពី​ Man Utd ទៅ​កាន់​ទ្រនំ​ចាស់​វិញ​​ដែរ​ឬ​ទេ ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ដែល​បើក​ទ្វារ​នា​ខែ​មករា​ខាង​មុខ​នេះ?