Breaking News
Loading...
Wednesday, October 2, 2013

ទឹកដោះគោ​មាន​ប្រយោជន៍​ដល់​សុខភាព ៦​យ៉ាង​


​ទឹកដោះគោ​គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​របប​អាហារ​របស់​យើង​។ យើង​ចាប់ផ្តើម​ផឹក​ទឹកដោះគោ​តាំងពី​យើង​នៅ​ក្មេង ប៉ុន្តែ​របប​អាហារ​បែបនេះបែរ​ជា​ថយ​ចុះ​ទៅ​វិញ​នៅ​ពេល​យើង​ធំ​ឡើង​។ មនុស្ស​មួយចំនួន​មាន​ការអៀនខ្មាស​អំពី​រឿង​នេះ​ដោយសារ​តែ​ពួកគេ​ខ្លាច​ថា វា​នឹង​បន្ថែម​ជាតិ​ខ្លាញ់​កាន់តែច្រើន​ក្នុង​របប​អាហារ​ពួកគេ​។ អ្នកខ្លះ​ទៀត​បែរជា​អោយ​ហេតុផល​ថា ពួក​គេ​លែង​ត្រូវការ​ផឹក​ទឹកដោះគោ​ទៀតហើយ​។ ការ​ទទួលទាន​ទឹកដោះគោ​មិន​ដែល​ប្រកាន់​ថា​មនុស្ស​ក្មេង​ចាំ​ញ៉ាំ និង​មនុស្ស​ចាស់​ហាម​ញ៉ាំ​នោះទេ ព្រោះ​វា​គឺជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​វីតាមីន និង​ជីវជាតិ​ជាច្រើន ព្រមទាំង​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ទៀតផង​ដូចជា​៖
 
​លូតលាស់​ស្បែក​
​ម្ចាស់​ស្ត្រី​នៃ​ប្រទេស​អេ​ហ្ស៊ី​ប​ពី​សម័យ​បុរាណ ក្លេ​អូ​ប៉ា​ត្រា (Cleopatra) បាន​ប្រើ​ទឹកដោះគោ​លាង​សម្អាតខ្លួន​ដើម្បី​រក្សា​ស្បែក​អោយនៅ​ទន់​, រលោង និង​លូតលាស់​។ អ្នក​ក៏​អាច​ធ្វើ​ដូច​គ្នា​បានដែរ ឬ​អ្នក​អាច​ផឹក​ទឹកដោះគោ​ពីរ​បី​កែវជា​រៀងរាល់ថ្ងៃ​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​របស់​វា​។ ទឹកដោះគោ​មាន​ជីវជាតិ​ជាច្រើន​ក្នុង​ការជួយ​រក្សា​ស្បែក​អោយ​មើល​ទៅ​ល្អ​បំផុត​។ វា​មាន​ជាតិ​ឡា​ក់ទិច​អាស៊ី​ត​ដែល​អាច​ដើរតួរ​ជា Exfoliant និង​អង់ស៊ីម​ដើម្បី​ជួយ​ថែរក្សា​ស្បែក​អោយ​នៅ​រលោង​។ សារធាតុ​អាមីណូអាស៊ីត​ក្នុង​ទឹកដោះគោ​ក៏​ជួយ​ថែរក្សា​ស្បែក​អោយ​មាន​សំណើម​ផងដែរ​។ ទឹកដោះគោ​មាន​សារធាតុ​អង់​ទី​អុកស៊ី​ដង់​សម្រាប់​ជួយ​ការពារ​ការខូចខាត​ដោយសារ​តែ​ជាតិពុល​ពី​បរិដ្ឋាន​ជុំវិញ​ខ្លួន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​អាឡែ​ហ្ស៊ី​នឹង​ទឹកដោះគោ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ  វា​ពិតជា​ធ្វើអោយ​ស្បែក​មាន​បញ្ហា​កាន់តែ​ខ្លាំង​ទៀត​។​
 
​ធ្មេញ និង​ឆ្អឹង​មាន​សុខភាព​ល្អ​
​ទឹកដោះគោ​គឺជា​ប្រភព​នៃ​ជាតិ​កាលស្យូម​ដ៏​អស្ចារ្យ​មួយ ដែល​មាន​សារៈសំខាន់​ក្នុង​ការជួយ​ថែរក្សា​ឆ្អឹង​អោយនៅ​សុខភាព​ល្អ​។ មិនមែន​មាន​តែ​កូន​តូចៗ​របស់​អ្នកត្រូវកា​រញ៉ាំ​ទឹកដោះ​គ​ដើម្បី​ឆ្អឹង​លូតលាស់​នោះទេ ប៉ុន្តែ​មនុស្ស​ធំ​ក៏​ត្រូវការ​ទឹកដោះគោ​ដើម្បី​ឆ្អឹង​រឹងមាំ និង​ការពារ​ខ្លួន​ពី​ជំងឺ​ពុក​ឆ្អឹង​ដែរ​។ ទឹកដោះគោ​ក៏​ជា​ប្រភព​ដ៏​អស្ចារ្យ​សម្រាប់​ធ្មេញ​ដ៏​រឹងមាំ និង​ជួយ​ការពារ​ពី​ជំងឺ​ពុក​ឆ្អឹង​ទៀតផង​។ ដើម្បី​អាច​មាន​ការ​បឺត​ស្រូប​ជាតិ​កាលស្យូម​បាន រាងកាយ​ត្រូវតែ​មាន​វត្តមាន​របស់​វីតាមីន D​។ បើសិនជា​រាងកាយ​អ្នក​កង្វះ​វីតាមីន D ចូរ​ទិញ​ទឹកដោះគោ​ណា​ដែល​មាន​បន្ថែម​វីតាមីន D​ស្រាប់​ដើម្បី​រាងកាយ​អាច​បឺត​ស្រូប​ជាតិ​កាលស្យូម​បាន​។​
 
​សាច់ដុំ​
​ទឹកដោះគោ​ផ្ទុក​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ដើម្បី​ជួយ​សាងសង់​សាច់ដុំ​ឡើងវិញ​។ ចូរ​ផឹក​ទឹកដោះគោ​មួយ​កែវ​ក្រោយពី​ហាត់ប្រាណ​រួច​ដើម្បី​អោយ​រាងកាយ​វិល​មក​រក​សភាព​ដើម​វិញ​ស្រួល​។​
 
​សម្រក​ទម្ងន់​

​ការសិក្សា​ជា​ច្រើន​បានអោយដឹងថា ស្ត្រី​ដែល​ផឹក​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប ឬ​ទឹកដោះគោ​ស្រស់​ឃើញថា​អាច​ស្រក​ទម្ងន់​បាន​ច្រើន​ជាង​ស្ត្រី​ដែល​មិន​ផឹក​ទឹកដោះគោ​។ វា​គឺជា​របប​អាហារ​ដ៏​អស្ចារ្យ ព្រមទាំង​ជា​អាហារ​ស​ម្រន​ប្រកប​ដោយ​សុខភាព​ល្អ​ដែរ​។ ចូរ​បន្ថែម​ទឹកដោះគោ​មួយ​កែវ​សម្រាប់​ជា​អាហារ​ពេលយប់​របស់​អ្នក ឬ​ផឹក​ទឹកដោះគោ​មួយ​កែវ​ខណៈពេល​កំពុង​តែ​ញ៉ាំ​ផ្លែឈើ​មួយ​ដុំ​។​
 
​បន្ថយ​ស្ត្រេ​ស​
​ទឹកដោះគោ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ការបំបាត់​ភាព​តានតឹង​នៅពេល​ថ្ងៃ​។ ទឹកដោះគោក្តៅ​ឧណ្ហៗ​មួយ​កែវ​ជួយ​បន្ធូរ​សាច់ដុំ និង​បំបាត់​ភាព​មួរ​ម៉ៅ​របស់​សរសៃប្រសាទ​។ ទឹកដោះគោ​ក៏​ត្រូវបាន​គេ​អះអាង​ដែរ​ថា ជួយ​បន្ថយ​រោគសញ្ញា​នៃ​អា​ការៈឈឺចាប់​មុន​មក​រដូវ និង​ប៉ូវ​កម្លាំង​។ ដូច្នេះ​ថ្ងៃ​ក្រោយ​បើសិន​ជា​អ្នក​មាន​អារម្មណ៍​អស់កម្លាំង ចូរ​សាកល្បង​ផឹក​ទឹកដោះគោ​មួយ​កែវ​ទៅ​។​
 
​រាងកាយ​មាន​សុខភាព​ល្អ​

​ទឹកដោះគោ​មាន​សមា​ធាតុ​ជាច្រើន​ក្នុង​ការបញ្ចុះ​សម្ពាធ​ឈាម និង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ វា​ជួយ​កាត់បន្ថយ​ការ​ផលិតកូ​ឡេ​ស្ទើ​រ៉ុល​របស់​ថ្លើម និង​ជួយ​បន្សាប​ជាតិ​អាស៊ីត​ទៀតផង​។ វីតាមីន A និង B ក្នុង​ទឹកដោះគោ​អាច​ជួយ​ធ្វើអោយ​ភ្នែក​មើល​ឃើញ​ច្បាស់​ល្អ និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ជាច្រើន​ផងដែរ​៕

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved