យុវជន​កូន​ខ្មែរ​រស់​នៅ​ប្រទេស​​បារាំង​ចំនួន ២ នាក់ បាន​​សម្រេច​ចិត្ត​មក​ធ្វើ​តេស្ត​សមត្ថភាព​​ជាមួយ​ក្រុម​បាល់ទាត់​​ល្បីៗ ក្នុង​ស្រុក​មួយ​ចំនួន​ ដូចជា ភ្នំពេញក្រោន ណាហ្គាខប TriAsia Phnom Penh FC និង អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​ចាប់​អាជីព​ជា​កីឡាករ​បាល់ទាត់។

Pak Chrissopher (ស្ដំា) និង Pak Viecheth (ឆ្វេង)

អ្នក​ទាំង ២ ក្នុង​រូប​​ ​ម្នាក់​ឈ្មោះ Pak Chrissopher និង Pak Viecheth។ ពួក​គាត់​​​បាន​មក​ដល់​កម្ពុជា​ប្រមាណ ​ជាង​មួយ សប្ដាហ៍ ហើយ និង​​បាន​ចូល​ធ្វើ​តេស្ដ​ក្នុង​​ក្លិប​ទាំង៤ ​ដែល​បាន​រៀប​រាប់​​ខាង​លើ។ ប៉ុន្ដែ​ក្លិប​​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ជា​ក្លិប​ក្រុង​ចុង​ក្រោយ​ហើយ ដែល​ពួក​គាត់​​បង្ហាញ​សមត្ថភាព។ ចំណែក​ឯ​លទ្ធផល​ ពី​ការ​ធ្វើ​តេស្ដ ជាមួយ ៣ ​ក្លិប​ដំបូង​ ថ្នាក់​ដឹកនាំ​នីមួយៗ បាន​ប្រាប់​ថា [ចាំ​ពិចារណា​មើល​សិន]។

ទាក់ទិន​​នឹង​​ការ​សង្កេត​មើល​កីឡាករ​ទាំង ២ នាក់​ខាង​លើ លោក សារ៉េត ស៊ីដន ជំនួយ​ការ​គ្រូ​បង្វឹក​ប្រចាំ​ក្លិប អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ប្រាប់​ថា ក្លិប​លោក​កំពុង​​​ត្រួត​ពិនិត្យ​មើល​សម្ថភាព​កីឡាករ​ទាំង ២​នាក់ តែ​អ្វី​ៗ នឹង​សម្រេច​​ក្រោយ​​​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ចប់​រួចរាល់។

Pak Chrissopher ធ្លាប់​ជាប់​​ក្នុង​បញ្ជី​ឈ្មោះ​របស់ ​លោក ប៉ែន ផាត អតីត​​កីឡាករ​​ជម្រើស​ជាតិ​កម្ពុជា​នា​ទសវត្ស​រ៍​ឆ្នាំ​ ៧០ កាល​ពី​ឆ្នាំ​ ២០១២ កន្លង​ទៅ ដែល​​កាល​នោះ​លោក ​ផាត បាន​ដឹកនាំ​ក្រុម​​​កូន​ខ្មែរ​នៅ​ឯ​បរទេស​មក​ប្រកួត​មិត្តភាព​ជាមួយ​ក្លិប​​ធំៗ ក្នុង​ស្រុក។ ចំណែក Pak Viecheth វិញ​ នេះ​ជា​លើក​ដំបូង​ហើយ ដែល​គាត់​​មក​កម្ពុជា​ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់។

ក្នុង​ជំនួប​​មិត្តភាព​កម្ដៅ​សាច់ដុំ​ជាមួយ​ក្រុម U23 កម្ពុជា កាល​ពី​ថ្ងៃ​ទី ២ តុលា ម្សិលមិញ Viecheth បាន​រក​គ្រាប់​បាល់ ១ គ្រាប់​ឱ្យ​ក្រុម​ប៉ូលិស ខណៈ​លទ្ធផល​ចាញ់ U23 ៤ – ១


Pak Chrissopher

Pak Viecheth

អត្ថបទ៖ ម៉ឺន រស្មី

http://news.sabay.com.kh/articles/tag/cambodian-league/