Breaking News
Loading...
Tuesday, January 7, 2014

ចេញ​ពី​ខារ៉ា​អូ​ខេ បើក​រថយន្ត​បុក​របង​វិទ្យា​ស្ថាន​ខ្ទាត ទៅ​បោក​បង្គោល​ភ្លើង​ ផ្លោ​ង​ទៅ​បុក​អ្នក​ថ្មើរ​ជើង របួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់


ប្រភព អង្គរធំមេឌា

ភ្នំពេញ៖ នារី​ម្នាក់​របួស​ធ្ងន់ និង​បុរស​ម្នាក់​របួស​ស្រាល ខណៈ​ពេល​កំពុង​បណ្តើរ​គ្នា​តាម​ផ្លូវ ស្រាប់​តែ​រថយន្ត​ឡិច​ស៊ីស GS​300 ទើប​នឹង​ចេញ​ពី​ខា​រ៉ា​អូ​ខេ បើក​លឿន​​ដូច​ហោះ ទៅ​បុក​រះ​របង​វិទ្យា​ស្ថាន​មួយ ហើយ​វេ​គូទ​រថយន្ត​ទៅ​បោក​នឹង​បង្គោល​ភ្លើង ធ្វើ​ឲ្យ​រថយន្ត​ផ្លោង​ទៅ​បុក​អ្នក​ថ្មើរ​ជើង​២​នាក់ កំពុង​ដឹក​​ដៃ​គ្នា​រត់​ឆ្លង​ផ្លូវ ។

គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា មុខវិទ្យាស្ថានប្រតិបត្តិការអន្តរជាតិកម្ពុជា តាមផ្លូវលេខ១៨២ សង្កាត់​ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

បុរសម្នាក់រងរបួសស្រាលបានឲ្យដឹងថា មុនពេលកើតហេតុរូបគេនិងមិត្តភក្កិស្រីម្នាក់កំពុងតែដើរតាមផ្លូវនៅខាងឆ្វេងដៃស្រាប់តែឃើញរថយន្តឡិចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W 00006 បើកបរក្នុងស្ថានភាពស្រវឹងជិះរេពេញផ្លូវហើយបើកបរលឿនដូចហោះ ឃើញបែបនេះរូបគេទាំង២នាក់ បានដឹក​ដៃ​គ្នារត់ឆ្លងផ្លូវ ដើម្បី​គេចពីរថយន្ត ប៉ុន្តែរថយន្តបើកលឿនពេក គ្រាន់តែដឹកដៃគ្នារត់មិនទាន់ផុតផង ស្រាប់តែរថយន្តរេចង្កូតទៅខាងឆ្វេងដៃ ទៅបុករះរបង​វិទ្យាស្ថា​ន​ប្រតិបត្តិការ​អន្តរ​ជាតិ​កម្ពុជា រួចទៅបុកទ្វាររបងធ្វើឲ្យវេគូទរថយន្តបោកនឹងបង្គោលភ្លើង ហើយផ្លោងទៅបុកនារីម្នាក់ រងរបួសធ្ងន់ និងបុរសម្នាក់ រងរបួសស្រាល ។

អ្នករត់ម៉ូតូឌុបបានឲ្យដឹងថា រថយន្តបង្កទើបនឹងបើកចេញពីខារ៉ាអូខេនគរសំរឹទ្ធ ដោយមានអ្នកជិះក្នុងរថយន្ត ៤នាក់ ស្រីម្នាក់ ប្រុស៣នាក់ ស្រវឹងជោកជាំ បើករថយន្ត​ពីលិចទៅកើត មកដល់ចំណុចខាងលើ រេចង្កូតទៅបុករះរបងវិទ្យាស្ថានប្រតិបត្តិការអន្តរជាតិកម្ពុជាហើយវេទៅបោកនឹងបង្គោលភ្លើង ផ្លោងទៅបុកមនុស្ស​ពីរនាក់ ដែលកំពុងតែដឹកដៃគ្នារត់ឆ្លងផ្លូវមិនទាន់ផុតផង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ចំណែករថយន្តខូចខាតទាំងស្រុង ។

ក្រោយពេលកើតហេតុ អ្នករងរបួសត្រូវបានដឹកម៉ូតូ យកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកអ្នកជិះក្នុងរថយន្ត នាំគ្នារត់គេចខ្លួន បន្សល់ទុករថយន្តដែលខូច​ខាតទាំងស្រុង ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕

140106004

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved