សម្រាប់​ថ្ងៃ​នេះ​ ក្នុង​ចំណោម​៩​ប្រភេទ​កីឡា​ ដែល​ កម្ពុជា​ កំពុង​ប្រកួត​ កីឡា​តេក្វាន់ដូ​រក​បាន​មេដាយ​សំរឹទ្ធ​ ក្នុង​វិញ្ញាសា​សម្ដែង​ទោល​នារី​ រីឯ​កីឡា​ផ្សេង​ទៀត​កំពុង​ប្រកួត​យ៉ាង​ស្វិតស្វាញ។​

កីឡា​ការិនី​វ័យ​ក្មេង​រូប​ស្រស់​ ឈឿង​ លីណា​ រក​បាន​មេដាយ​សំរឹទ្ធ​១​​មួយ​គ្រឿង​​ ក្នុង​ប្រភេទ​កីឡា​តេក្វាន់ដូ​ វិញ្ញាសា​សម្ដែង​ទោល​ តែ​ចាញ់​ក្នុង​វិញ្ញាសា​សម្ដែង​ជា​គូ។​ កីឡាករ​ ផល​ សុវណ្ណាត​ ទទួល​បាន​ពិន្ទុ​ទាប​ជាង​គេ​ក្នុង​វិញ្ញាសា​សម្ដែង​ទោល​ ខណៈ​កីឡាករ​ ជាង​ ចិត្រា​ ចាញ់​កីឡាករ​ ថៃ​ ដោយ​ពិន្ទុ​ ១៨​-១​ នៅ​វគ្គ​ដំបូង។​

កីឡាការិនី​កម្ពុជា លីណា ឈ្នះ​មេដាយ​សំរឹទ្ធ


ចំណែក​កីឡា​ប៉េតង់​វិញ្ញាសា​ Mixed Triple (ប្រុស​១​ស្រី​២) ដែល​កំពុង​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជាមួយ​៧​ប្រទេស​ផ្សេង​ទៀត​ ប្រកួត​បាន​២​លើក​ហើយ។​ បើក​ឆាក​ដំបូង​ចាញ់​ វៀតណាម​ ១៣​-១​ តែ​យក​ឈ្នះ​លើ​ ឥណ្ឌូណេស៊ី​ វិញ​ ដោយ​ពិន្ទុ​ ១៣​-០។​ រីឯ​វិញ្ញាសា​ Mixed Triple (ប្រុស​២​ស្រី​១)​ ឯណោះ​ កម្ពុជា​ ប្រកួត​បាន​២​លើក​ឈ្នះ​ទាំង​២​ ក្នុង​នោះ​លត់​ម្ចាស់​ផ្ទះ​ ១៣​-០​ និង​ស៊ី​ ថៃ​ ១៣​-២។

កីឡាករ​ជិះ​សេះ​កម្ពុជា ស៊ីម ណារិទ្ធ ជាប់​លេខ​៧

រីឯ​កីឡា​ទូក​ប្រពៃណី​ផ្នែក​បុរស​ កម្ពុជា​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដោយ​ប្រើ​ថិរៈ វេលា​ ៤​នាទី​៣៤​.៦៥៩​វិនាទី​ ចំណែក​កីឡា​ជិះ​សេះ​វិញ្ញាសា​លោត​ផ្លោះ​របារ​ កីឡាករ​ ស៊ីម​ ណារិទ្ធ​ ឈរ​លំដាប់​ទី​៧​ ស្រប​ពេល​កីឡាករ​ ស​ ពុធមិនា​ ឈរ​លេខ​៩​ ក្នុង​ចំណោម​អ្នក​ប្រកួត​ប្រជែង​១៤​នាក់​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

គួរ​ឲ្យ​សោកស្ដាយ​ កីឡាករ​ ឌុន​ សម្ជស្ស​ បាន​ប្រកួតចាញ់​​ម្ចាស់​ផ្ទះ​ មីយ៉ាន់ម៉ា​ និង​ឡាវ​ ហើយ​កីឡា​ការិនី​ សុវណ្ណ​ រចនា​ ក៏​ចាញ់​ ឥណ្ឌូណេស៊ី​ ដែរ​ ដូចនេះ​អ្នក​ទាំង​ពីរ​មិន​អាច​ឈាន​ទៅ​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​ទេ​ ក្នុង​ប្រភេទ​កីឡា​សូរីនជី​កេមប៉ូ​ វិញ្ញាសា​ប្រយុទ្ធ៕

អត្ថបទ៖​ រស់​ កាណាល់​