Breaking News
Loading...
Thursday, December 12, 2013

វាយប្រពន្ធ ក្អួតឈាមស្លាប់ ចុងក្រោយ ជាប់ខ្នោះសមត្ថកិច្ច


ប្រភព ដើមអម្ពិល

កំពង់ឆ្នាំង ៖ កូនប្រុសស្រី ចំនួន៥នាក់ បានស្រែកទ្រហោយំ ខណៈម្តាយ របស់ពួកគេបាន ស្លាប់បាត់បង់ជីវិត ឃ្លាតចាកឆ្ងាយពី លើលោកនេះទៅ ដោយសារតែឳពុក របស់ពួកគេ ប្រើអំពើហិង្សា ធ្វើទារុណកម្មវាយធ្វើបាប ជាំពេញខ្លួនរហូតដល់ម្តាយ របស់គេ ក្អួតឈាមស្លាប់ បាត់បង់ជីវិត កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ នៅភូមិថ្មកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ស្រ្តីដែលត្រូវប្តី ប្រើអំពើហិង្សា រហូតដល់ស្លាប់បាត់បង់ជីវិត ឈ្មោះ ឃឹម ចាន់ អាយុ៥៧ឆ្នាំ ដោយឡែក បុរសជាប្តី ឈ្មោះ ស្ងួន អឿន អាយុ ៥៥ឆ្នាំ គ្រួសារ ប្តីប្រពន្ធមួយនេះ មានទីលំនៅ ភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងភូមិបាន ឲ្យដឹងថា គ្រួសារមួយនេះមាន កូនប្រុសស្រី ចំនួន៥នាក់ អស់រយៈពេល ជាច្រើនឆ្នាំមកនេះ គេបានឃើញស្ត្រី ឃឹម ចាន់ តែងតែទទួលរងទារុណកម្ម គ្រប់បែបយ៉ាង ដោយសារតែប្តី អប្រិយប្រើអំពើហិង្សា វាយធ្វើបាបសព្វសាច់ស្ទើរ តែមិនដែលលោះថ្ងៃ  ពេលខ្លះបុរសជាប្តី បានយកដំបងវាយសំពង ដូចសត្វធាតុ ប៉ុន្តែស្ត្រីរូបនេះ ចេះតែស៊ូទ្រាំ វេទនា រហូតដល់ស្លាប់បាត់បង់ជីវិត ។

កន្លងមកស្ត្រីរងគ្រោះរូបនេះ ក៍បានធ្លាប់សុំឲ្យ មន្ទីរកិច្ចការនារី ជួយអន្តរាគមន៍ផងដែរ ប៉ុន្តែបុរសជាប្តីនៅតែបន្ត ធ្វើបានមិនឈប់ ។ ប្រជាពលរដ្ឋ ក្នុងភូមិ បានបន្តឲ្យដឹងទៀតថា មុនស្រ្តីរងគ្រោះស្លាប់ ប្រមាណ៣ទៅ៤ថ្ងៃ បុរសជាប្តីបានវាយធ្វើបាប យ៉ាងចាស់ដៃដោយសារតែ មិនអាចស៊ូទ្រាំ និងការវាយដំធ្វើបាប មកលើរាងកាយស្ត្រីរូបនោះ បានសម្រេចចិត្តរត់មកផ្ទះម្តាយរបស់ខ្លួន ដើម្បីឲ្យបងប្អូន សាច់ ញាតិជួយ ប៉ុន្តែខណៈពេលមកដល់ផ្ទះម្តាយស្រ្តី ឃឹម ចាន់ បានក្អួតឈាម តាមមាត់  ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអធម តែម្តង ។

ក្រោយពេល សមត្ថកិច្ចនគរបាល ធ្វើកោសល្យវិច្ច័យរកឃើញ ស្នាមជាំនៅលើខ្លួនសាកសព ជនរងគ្រោះ ហើយបុរសជាប្តី ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូង ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣៕

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved