Breaking News
Loading...
Thursday, December 12, 2013

ឃាត់រថយន្តបន្លំ បិទស្លាកក្រុមហ៊ុន កម្ពុជាតេលា ក្នុងស៊ីទែន ឃើញសុទ្ធ តែឈើប្រណិត


ប្រភព ដើមអម្ពិល

ពោធិ៍សាត់៖ អធិការនគរបាល ស្រុកក្រគរ លោកវរៈសេនីត្រី ប៊ិន វណ្ណា បានឲ្យដឹងថា ក្រោយពីទទួលបាន ពាក្យបណ្តឹងរបស់ ក្រុមហ៊ុនកម្ពុជា តេលាថា មានរថយន្ត ដឹកស៊ីទែនសាំង បិទស្លាកបន្លំរបស់ ក្រុមហ៊ុនកម្ពុជាតេលារួចមក នៅរសៀល វេលាម៉ោង ៥.៣៥នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ លោកអធិការ បានរាយការណ៍ សុំយោបល់ពី លោកឧត្តមសេនីយ៍ត្រី សារុន ចាន់ធី ស្នងការ នគរបាលខេត្ត ដើម្បីសុំបទបញ្ជា ដោយឃាត់រថយន្ត ដែលក្រុមហ៊ុនកម្ពុជា តេលាបានប្តឹង ថារថយន្តនោះ សង្ស័យ មិនមែនជារថយន្ត របស់ក្រុមហ៊ុន ពិតប្រាកដនោះឡើយ។

ក្រោយពីទទួលបាន បញ្ជាពីលោកស្នងការហើយ កម្លាំងរបស់លោក ក៏បានឃាត់រថយន្តនោះ នៅចំណុចទល់មុខ អធិការដ្ឋាន នគរបាលស្រុកក្រគរ ។ ក្រោយឃាត់រថយន្ត បានហើយ សមត្ថកិច្ច មានការសង្ស័យ នៅក្នុងស៊ីទែនសាំងនោះ ក៏បានបើកគម្របមើល ស្រាប់តែឃើញសុទ្ធ តែឈើប្រណិត យ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់មកលោក អធិការក៏បានរាយការណ៍ ជូនលោកព្រះរាជអាជ្ញា និងលោកស្នងការ ដើម្បីឃាត់ អ្នកបើកបរម្នាក់ និងពូ្ររថយន្តម្នាក់ ។

លោកអធិការ ក៏បានឲ្យដឹងទៀតថា ជនសង្ស័យដែល សមត្ថកិច្ច ឃាត់ខ្លួននោះមាន ឈ្មោះ សុខ ហេង ភេទ ប្រុស អាយុ ៣០ឆ្នាំ រស់នៅ ខេត្តកំពង់ចាម (អ្នកបើកបរ) ឈ្មោះ រី សុភ័ក្រ្ត ភេទ ប្រុស អាយុ ២៩ឆ្នាំ រស់នៅ ខេត្តកំពង់ចាម (ព្រូរថយន្ត) ។

រហូតមកទល់ពេលនេះ រថយន្តត្រូវ បានយកមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីធ្វើការវាស់វែង ចំណែក ជនសង្ស័យពីរនាក់កំពុង ឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាន នគរបាលខេត្ត។ តាមចម្លើយសារភាព របស់ជនសង្ស័យ នៅចំពោះមុខសមត្ថកិច្ច ពួកគេបានសារភាពថា រថយន្តនេះត្រូវបាន មនុស្សម្នាក់នៅឯភ្នំពេញ ជួលគេមកបើក ចេញពីខេត្តបាត់ដំបង ក្នុងតំលៃ មួយជើង ២០០$ ។

ជាមួយគ្នានេះផងដែរ ពុំទាន់មានប្រភពពី មន្ត្រីរដ្ឋបាលព្រៃឈើ បញ្ជាក់ថា នៅក្នុងស៊ីទែនរថយន្តនោះ មានឈើចំនួនប៉ុន្មានម៉ែត្រ គូបនៅឡើយទេ ពីព្រោះរង់ចាំថ្នាក់លើ ចុះមកពិនិត្យ៕

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved