Breaking News
Loading...
Monday, December 23, 2013

ចោរ​​ប្រដាប់​​អាវុធ​​ តាម​​​ប្រមាញ់​​​ប្លន់ ប្តី​​ប្រពន្ធ​​​ចេញ​​ពី​ ជប់​លៀង​​មង្គល​​ការ យក​​អលង្ការ​​​ និង​ប្រាក់​​​បាន​រាប់​​ម៉ឺន$


រាជធានីភ្នំពេញ ៖ បុរសស្ត្រីពីរនាក់ ប្តីប្រពន្ធ ខណៈជិះរថយន្តមួយគ្រឿង ម៉ាករ៉េវហ្វ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M-9163 ត្រឡប់មកពីចូលរួម ក្នុងពិធីជប់លៀង មង្គលការបងប្អូន នៅមជ្ឈមណ្ឌល កោះពេជ្រ ដល់មុខលំនៅឋាន ស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២១ ធ្នូ ក៏ត្រូវចោរប្រដាប់វុធ ពីរនាក់ ជិះម៉ូតូស៊េរីថ្មីមួយគ្រឿង ចូលភ្ជង់ប្លន់ ដោះយកគ្រឿងអលង្ការ និងកាបូបប្រាក់ ដែលសរុបតម្លៃ នៃការបាត់បង់ តាមការអះអាង ថារាប់មុឺនដុល្លារ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ ឱ្យដឹងថា បុរសដែលត្រូវចោរតាមប្លន់ដល់លំនៅឋាននេះឈ្មោះ អុី លីកា អាយុ៤៤ឆ្នាំ ជាមន្ត្រីរាជការ រួមជាមួយស្ត្រីជាភរិយា បានជិះរថយន្តត្រឡប់មកពីចូលរួមពិធីមង្គលការ ដល់មុខលំនៅឋាន ក៏ឈប់រថយន្ត រង់ចំាកូនក្មួយ ដែលនៅចាំផ្ទះ បើកទ្វាររបង ។ ពេលអ្នកនៅក្នុងផ្ទះបើកទ្វាររួច ប្តីប្រពន្ធនេះក៏បើករថយន្តចូលទៅចតក្នុងដីឡូត៍មុខលំនៅឋាន ខណៈនោះ ស្រាប់តែមាន ក្រុមចោរពីរនាក់ ស្លៀកពាក់សុីវិល ប្រដាប់ដោយ អាវុធខ្លីគ្រប់ដៃ ភ្ជង់អ្នកបើកទ្វាររបងជាប់ រួចហើយម្នាក់ទៀត សម្រុកចូលទៅភ្ជង់ បុរសស្ត្រីជាប្តីប្រពន្ធ ដែលមិនទាន់ចុះ ពីរថយន្តស្រួលបួលផងនោះ ឱ្យដោះគ្រឿងអលង្ការ និងកាបូបលុយឱ្យពួកគេ ។ ពេលយកបាន សម្រេចហើយ ពួកចោរក៏នាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ភ្លាមៗដែរ ។ 

ប្រភពដដែល បានបន្តថា ដោយឃើញក្រុមចោរប្លន់ មានអាវុធគ្រប់ដៃ ហើយស្រែកសម្លុត គំរាមរកបាញ់ទើបទាំងពីរនាក់ ប្តីប្រពន្ធសុខចិត្ត ប្រគល់កាបូប ដែលមានលុយ ជាង២ពាន់ដុល្លារ និងដោះគ្រឿងអលង្ការ រួមមាន ខ្សែដៃ ចិញ្ចៀនពេជ្រ និងខ្សែ.ក ប្រគល់ឱ្យ ក្រុមចោរប្លន់ ទាំងក្តីសោកស្តាយ និងភិតភ័យតក់ស្លុត ។ ចំពោះករណីខាងលើនេះ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យស្រាវជ្រាវ នៅកន្លែងកើតហេតុ រួចធ្វើការសន្និដ្ឋាន ជាជំហានដំបូងថា ក្រុមចោរដែលធ្វើសកម្មភាពប្លន់នេះ គឺពិតជាបាន តាមដានជនរងគ្រោះ តាំងពីមជ្ឈមណ្ឌលកោះពេជ្រ មកម៉្លេះ ទើបតាមធ្វើសកម្មភាពប្លន់ដល់មុខផ្ទះ ។ ករណីបទល្មើសបែបនេះ មិនមែនទើបតែកើតឡើងលើកទីមួយនោះឡើយ ហើយសកម្មភាព ប្លន់តាមរូបភាពនេះ តែងកើតមានជារឿយៗ នៅក្នុងរាជធានីភ្នំពេញ ដូច្នេះដើម្បីចូលរួមទប់ស្កាត់បទល្មើសនេះ ប្រជាពលរដ្ឋ ទាំងអស់ត្រូវមានការ ប្រុងប្រយ័ត្នដោយខ្លួនឯង កុំប្រើប្រាស់រំលេចគ្រឿងអលង្ការ ទៅចូលរួមក្នុងពិធីផ្សេងៗច្រើនពេក នាំឱ្យមុខសញ្ញាចោរប្លន់តាមកត់សម្គាល់ ។

ករណីនេះដែរ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាចោរប្លន់ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved