សិស្សសាលាស្រីប្រុសមួយគូរត់ចេញពីផ្ទះ បបួលគ្នាចូលផ្ទះសំណាក់ត្រូវបងប្អូនតាមរកឃើញចាប់វាយផ្អើលឈុល
ភ្នំពេញ ៖ ពាក្យចាស់លោកពោលថា កុំមានស្នេហាក្នុងវ័យសិក្សា ប៉ុន្តែបច្ចុប្បន្ន នេះគេសង្កេតឃើញ យុវជននិងសិស្សសាលាវ័យក្មេងៗ ភាគច្រើន បានភ្លើតភ្លើន ពពាក់ពពូនតាមសម្ភារៈនិយម ភ្លេចអស់ប្រពៃណីខ្មែរ នាំគ្នាចូលបារ ចូលក្លឹបកំសាន្ត រាត្រី ពេលភ្លើងតណ្ហាឡើងដល់កម្រិត ពួកគេបានបបួលគ្នាចូលផ្ទះ សំណាក់ក្រេបរសជាតិស្នេហ៍យ៉ាងត្រេកត្រអាល ភ្លេចផ្ទះ សម្បែងភ្លេចការសិក្សា ធ្វើឱ្យឪពុកម្តាយ ឈឺក្បាល ជួនកាលបានប្តឹងផ្តល់គ្នាទ្បើងតុលាការទៀតផង។
ជាក់ស្តែង សិស្សសាលាសង្សារវ័យក្មេងមួយគូដែលស្ថិតក្នុងវ័យសិក្សានៅឡើយបាននាំគ្នារត់ចេញពីផ្ទះ៣ថ្ងៃមកហើយដែលធ្វើឱ្យឪពុកម្តាយ មានការព្រួយបារម្ភ យ៉ាងខ្លាំង ហើយខំដើររកគ្រប់ច្រកល្ហក ព្រោះតែខ្លាចមានរឿង គ្រោះថ្នាក់ដល់ជីវិត តែតាមការពិត ពួកគេបានបបួលគ្នាទៅឡើងឋានសួគ៌នៅផ្ទះសំណាក់ ហើយត្រូវបងប្រុស ស្រីភាគីខាងប្រុសតាមរកឃើញចាប់ត្រឡប់ទៅផ្ទះវិញ តែពួកគេក្រាញននាលមិនព្រមទៅ ក៏ត្រូវបងប្រុសហូតខ្សែក្រវាត់វាយប្អូនប្រុសព្រោះតែភាពរឹងរូស ឃើញដូចនោះនាងជាសង្សាររត់ទៅអោបហើយស្រែកឱ្យគេជួយថា មានគេចាប់មនុស្ស បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ខណ្ឌ៧មករាទាំងយប់។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២១ ធ្នូ ២០១៣ នៅផ្ទះសំណាក់BS ហ្គូដដេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា។
បើទោះបីយ៉ាងណា បន្ទាប់ពីមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ទៅជួយអន្តរាគម នៅកន្លែងកើតហេតុ ក្រោយមកបងប្រុសរបស់តួអង្គខាងប្រុសបានចាប់ប្អូនប្រុសនិងសង្សាររបស់គេបញ្ចូលក្នុងរថយន្តទាំង២នាក់ចេញទៅបាត់ តែម្តងប៉ុន្តែក្រោយមកលឺថាគេបានទម្លាក់នាងចោលនៅតាមផ្លូវហើយទូរសព្ទ័ ហៅបងស្រីនាងមកយកទៅផ្ទះវិញ។
បើតាមសន្តិសុខយាមរថយន្តនៅកន្លែងកើតហេតុបានឱ្យដឹងថា គូសង្សារទាំង២នាក់នេះទើបតែចូលដេកផ្ទះសំណាក់ BSហ្គូដដេ កាលពីក្បាលល្ងាចថ្ងៃទី២១ ធ្នូ រហូតដល់ម៉ោងកើតហេតុ គូសង្សារនេះបាននាំគ្នាចេញមកខាងក្រៅក្នុងបំណងទៅដើរលេងស្រាប់តែយុវជនជាសង្សារក្រឡេកឃើញរថយន្តវីស្តូពណ៌លឿងជិះ២នាក់ស្គាល់ថាជារថយន្តរបស់បងប្រុសរបស់គេ ក៏បានរត់ចូលក្នុងផ្ទះសំណាក់វិញត្រូវបងប្រុសឃើញទាន់ឈប់រថយន្តចុះទៅចាប់ប្រទាញប្រទង់គ្នា ដោយចាប់ញាត់ចូលក្នុងរថយន្ត តែយុវជននោះក្រាញននៀលមិនព្រមចូលទើបបងប្រុសហូតខ្សែក្រវាត់បម្រុងវាយប្អូនប្រុស។
ប្រភពបានបន្តថា ពេលឃើញបងប្រុសបំរុងវាយប្អូនបែបនេះនាងជាសង្សារបានរត់ទៅអោបយុវជនជាសង្សារជាប់ស្អិតក៏ត្រូវបងប្រុសវាយមួយខ្សែក្រវាត់របួសទាំង២នាក់តែម្តង តែមិនធ្ងន់ធ្ងរទេ បន្ទាប់មកនាងជាសង្សារបានស្រែកថា មានគេចាប់មនុស្សក៏បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងប្ដឹងនគរបាល និងកងរាជអាវុធហត្ថចុះទៅអន្តរាគមន៍។
បន្ទាប់ពីសមត្ថកិច្ចបានសួរនាំបងប្រុស ស្រីទាំង២នាក់ទើបដឹងថា ប្អូនប្រុសរបស់គាត់បាត់ពីផ្ទះ២ទៅ៣ថ្ងៃហើយ សូម្បីតែទូរស័ព្ទក៏តេមិនចូលដែរ មិនដឹងជាស្លាប់ ឬរស់ទេ ទើបនាំគ្នាដើររកគ្រប់ច្រកល្ហកទើបតែប្រទះឃើញក៏ចាប់ដាក់រថយន្តតែម្តងធ្វើឱ្យមានការភ្ញាក់ផ្អើលឆោឡោពួកគេក៏ចាប់ទាំងប្អូន ប្រុស និងនាងជាសង្សារដាក់ក្នុងរថយន្តបើកចេញទៅបានបន្តិចក៏ទម្លាក់ នាងជាសង្សារនៅតាមផ្លូវ ហើយទូរស័ព្ទហៅបងស្រីរបស់នាងដឹកត្រឡប់ទៅផ្ទះវិញ។
សមត្ថកិច្ចបានសួរនាំដឹងរឿងរាវអស់ហើយក៏មិនបានឃាត់ខ្លួនដែរក៏អនុញ្ញាតឱ្យពួកគេនាំប្អូនប្រុសនិងសង្សារត្រឡប់ទៅវិញព្រោះជារឿងគ្រួសាររបស់គេ៕
ឌីរៀ
ប្រភពពី៖ www.khmer-note.com
0 comments:
Post a Comment