Breaking News
Loading...
Monday, December 16, 2013

ជន​ញៀន​ថ្នាំ​ សម្រុក​ចូល​ដុត​បន្ទប់​ផ្ទះ​សំណាក់​ ឆេះ​អស់​២បន្ទប់ ទាំង​ព្រលឹម​​ ផ្អើល​ក្រុង​ព្រះ​សីហនុ​


ខេត្តព្រះសីហនុ ៖ យុវជនញៀនថ្នាំម្នាក់ បានធ្វើសកម្មភាព សម្រុកចូលក្នុងផ្ទះសំណាក់ ឌីឌីម៉ាត២ ដែលមានទីតាំង ស្ថិតនៅក្នុងក្រុមទី៥ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ដោយដុតបំផ្លាញ បន្ទប់ផ្ទះសំណាក់ ឆេះអស់២បន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ និង៣០នាទី ទៀបភ្លឺ ថ្ងៃទី ១៥ ធ្នូ ២០១៣ ។

តាមការឱ្យដឹង ពីលោកភុល ភ័ស្តា អធិការនគរបាល ក្រុងព្រះសីហនុបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះថន ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង បានធ្វើសកម្មភាព សម្រុកចូលទៅដុត បន្ទប់ស្នាក់នៅ លេខ៣០៨ និង៣០៩ របស់ផ្ទះសំណាក់ឌីឌីម៉ាត២ ដែលមានម្ចាស់ឈ្មោះហាន់ ចិន្តា ភេទប្រុស ។ ប្រភពដដែលបន្តថា បន្ទាប់ពីធ្វើសកម្មភាព ដុតបន្ទប់ផ្ទះសំណាក់រួច ជនសង្ស័យ បានរតល់ឡើង លើដំបូលផ្ទះជួលរបស់ ឈ្មោះយឹម សុផាត ភេទប្រុស អាយុ៣៨ឆ្នាំ ជាមន្ត្រីនគរបាល រហូតដល់ម៉ោង៦ព្រឹក ទើបកម្លាំងសមត្ថកិច្ច លួងលោម និងឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ។

សូមបញ្ជាក់ផងដែរថា ខណៈភ្លើងកំពុងឆាបឆេះបន្ទប់ ផ្ទះសំណាក់នោះ ការិយាល័យជំនាញ ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ទើបភ្លើងរលត់ជាស្ថាពរ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved