Breaking News
Loading...
Wednesday, December 11, 2013

នេះ​គឺថ្ងៃទី ១១-១២-១៣ មានន័យ​អីដែរ?


ថ្ងៃនេះ​នៅ​លើបណ្តាញសង្គម​ហ្វេសប៊ុក គេសង្កេត​ឃើញថា មាន​អ្នក​លេង​ហ្វេសប៊ុក​ជាច្រើន​បាន​ផ្ញើ​ពាក្យ​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ពួ​គេ​បាន​អះ​អាងថា ថ្ងៃនេះ​ជាថ្ងៃ​ល្អគឺថ្ងៃទី 11-12-13។

តើថ្ងៃទី ១១-១២-១៣ ពិតជាថ្ងៃល្អមែនទេ?

ជាការពិត​វាជាថ្ងៃធម្មតាតែប៉ុណ្ណោះ តែ​វា​មានលក្ខណពិសេស​ត្រង់ថា វា​ងាយ​និង​ចងចាំ ហើយ​វា​មានលេខ​រៀងគ្នា​ ជាថ្ងៃ​ដែល​គូស្នេហ៌​ភាគ​ច្រើន​យល់ថា ការកសាង​ភាពផ្អែមល្ហែម​នៅ​ថ្ងៃ​ រឺការបង្កើត​ឳកាសពិសេស​នៅថ្ងៃ​នេះ​ វា​នឹងធ្វើ​ឲ្យ​ការចងចាំ​របស់​គេ​ក្លាយ​ជាការចងចាំ​ដ៏វិសេស​វិសាល​មួយ។

កញ្ញា ចំណាន អ្នកលក់​សាំងតាម​ចិញ្ចើម​ផ្លូវ​បាន​និយាយថា ខ្ញុំ​មិនខ្វល់ថាថ្ងៃនេះ​ជាថ្ងៃ​ល្អ​រឺមិនល្អ​នោះ​ទេ ថ្ងៃ​ដែលល្អសម្រាប់​ខ្ញុំ​គឺ​ជាថ្ងៃ​ដែល​ខ្ញុំ​អាច​លក់ដាច់​ច្រើន មាន​ប្រាក់ចំណេញ​ច្រើន។ នាងបន្តថា «ថ្ងៃល្អ រឺមិនល្អ មិនមែន​មកពី​ប្រតិទិន​នោះ​ទេ តែគឺស្ថិត​លើ​ខ្លួន​យើងផ្ទាល់..»។

ដោយ​ឡែក​ លោក​បូរិន្ទ អ្នក​ធ្វើការនៅ​ហាង​នំប៉័ង​ល្បីឈ្មោះ​មួយ​បាន​ប្រាប់ថា ថ្ងៃល្អមែន ព្រោះ​ថ្ងៃនេះ​វាមានលេខ​រៀង​គ្នា ហើយ​ពិសេស​ទៅ​ទៀត មាន​មនុស្ស​ជាច្រើន​ចាត់ទុកវាជាថ្ងៃល្អ។ បូរិន្ទ​បាន​បង្ហាញ​ទស្សនៈថា «ថ្ងៃល្អ គឺថ្ងៃដែល​ខ្លួន​យើង​ទទួលបាន​សេចក្តីសុខ​ពិត​ប្រាកដ មិនថា​ថ្ងៃណា​នោះ​ទេ។ អ្វីៗ​វាកើត​ចេញពីខ្លួនឯង អំណាចខាងក្រៅ​ រឺពេលវេលា​គ្រាន់តែ​ជា​កំលាំងជំរុញ រឺ​ជា​ខែល​សម្រាប់​ធ្វើ​ចិត្ត​របស់​យើង​ឲ្យ​នឹងនរ ហ៊ាន​ជំនះ​ធ្វើ​កិច្ចការផ្សេងៗ​ប៉ុណ្ណោះ»។

ព្រះតេជគុណ កំសាន្ត នៅវត្ត​ចាក់អង្រែក្រោម​បាន​មានសង្ឃដីកាថា «មនុស្ស​គ្រប់​រូប​មានថ្ងៃល្អ និង​មិនល្អ​ផ្សេងៗ​គ្នា តែ​អ្វីដែល​សំខាន់​ភាព​ល្អ និងមិនល្អ (អាក្រក់) គឺកើត​ចេញពី​អំពើ​របស់​ខ្លួនឯង។ ការចេះ​ព្រម​ទទួល​យក ការចេះ​លះបង់ ការចេះ​សម្រប​ខ្លួន ការ​ចេះ​ហ្វឹក​ហាត់​ចិត្ត​កុំ​ឲ្យ​ឆាប់ខឹង ឆាប់ចង់បាន ឆាប់​ក្រេវ​ក្រោធ គឺជាវិធី​ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង មានថ្ងៃល្អគ្រប់​ពេលវេលា មិនចំពោះ​តែថ្ងៃណាមួយ​នោះ​ទេ។» ព្រះតេជគុណ​មានសង្ឃដីកា​បន្តថា «មនុស្ស​ចង់បានថ្ងៃល្អ តែមនុស្សភាគច្រើន​មិននាំ​គ្នា​ធ្វើ​អំពើ​ល្អទេ។ គេចង់មាន ចង់បាន តែគេ​មិន​ខិត​ខំ​កសាង ស្វែងរក និងហ្វឹកហាត់ ធ្វើម៉េច​នឹង​អាច​បានផល។ អំពើល្អ និងការខិតខំ​ប្រឹង​ប្រែង​ដោយ​សុចរិតទៀងត្រង់ គឺ​ជា​កត្តា​តែ​មួយ​​គត់​ក្នុង​ការបង្កើត​ថ្ងៃល្អ​ពេញ​មួយជីវិត»។

ចុះចំណែក​លោកអ្នកវិញ​ យល់យ៉ាងណាដែរ ចំពោះ​ថ្ងៃនេះ..?

 

5555111213.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved