គិតមកទល់ពេលនេះ ប្រទេសដែលជាប់ទៅលេង World Cup 2014 បានរកឃើញ២៤ហើយ ពោលគឺគិតទាំងប្រទេសតំបន់អាហ្វ្រិក៣ដែលជាប់ក្រោយគេកាលពីចុងសប្ដាហ៍កន្លងទៅ។ នៅយប់នេះ ក្រុមចំនួន១២ នៅតំបន់អឺរ៉ុប និងអាហ្វ្រិក នឹងតតាំងគ្នា ដើម្បីរកឲ្យឃើញប្រទេស៦ផ្សេងទៀតដែលត្រូវទៅប្រេស៊ីលឆ្នាំក្រោយ។
កីឡាករស៊ុយអែតហ្វឹកហាត់ត្រៀមប្រកួតយប់នេះ
គូទាំង៦ ដែលត្រូវតតាំងគ្នានោះ មាន២គូជាការប្រកួតជើងទី២ជុំចុងក្រោយតំបន់អាហ្រ្វិក និង៤គូទៀត គឺជាការប្រកួត play-off ជើងទី២ តំបន់អឺរ៉ុប។ គូទាំង៦នោះ មានដូចខាងក្រោម៖
| តំបន់ | គូប្រកួត | ម៉ោងប្រកួត | លទ្ធផលជើងទី១ |
| អាហ្វ្រិក | អេហ្សីប vs ហ្គាណា | ១១:០០ យប់ | ហ្គាណា ៦-១ អេហ្សីប |
| អាល់ហ្សេរី vs ប៊ូគីណាហ្វាសូ | ១:១៥ រំលងអាធ្រាត្រ | ប៊ូគីណាហ្វាសូ ៣-២ អាល់ហ្សេរី | |
| អឺរ៉ុប | រ៉ូម៉ានី vs ក្រិក | ២:០០ រំលងអាធ្រាត្រ | ក្រិក ៣-១ រ៉ូម៉ានី |
| ក្រូអាត vs អ៊ីស្លង់ | ២:១៥ រំលងអាធ្រាត្រ | អ៊ីស្លង់ ០-០ ក្រូអាត | |
| ស៊ុយអែត vs ព័រទុយហ្គាល់ | ២:៤៥ រំលងអាធ្រាត្រ | ព័រទុយហ្គាល់ ១-០ ស៊ុយអែត | |
| បារាំង vs អ៊ុយក្រែន | ៣:០០ ទៀបភ្លឺ | អ៊ុយក្រែន ២-០ បារាំង |
បើតាមលទ្ធផលជើងទី១ នៅតំបន់អាហ្វ្រិក ក្រុម ហ្គាណា ហាក់មានទឹកមាត់លេបខ្លាំងជាងគេ ត្បិតអីបានស៊ី អេហ្សីបដល់ទៅ ៦-១ ខណៈប៊ូគីណាហ្វាសូ និងអាល់ហ្សេរី នៅប្រដំប្រសងគ្នានៅឡើយ។
កីឡាករក្រុមព័រទុយហ្គាល់ហ្វឹកហាត់ត្រៀមប្រកួតយប់នេះ
ចំណែកនៅតំបន់អឺរ៉ុបវិញ ជំនួបរវាង ស៊ុយអែត និងព័រទុយហ្គាល់ នៅតែជាចំណាប់អារម្មណ៍ខ្លាំងជាងគេដដែល ដោយសារមានស៊ុបភើស្តាល្បីកំពូលពីររូប គឺ Zlatan Ibrahimovic និង Cristiano Ronaldo។ រីឯក្រុមជើងឯកឆ្នាំ១៩៩៨ បារាំង វិញ ក៏កំពុងត្រូវបានគេលើកយកមកពិភាក្សាច្រើនដែរ ក្រោយខកចិត្តនៅទឹកដីអ៊ុយក្រែនកាលពីជើងទី១។
ប្រទេស២៤ ដែលមានឈ្មោះទៅប្រេស៊ីលឆ្នាំក្រោយរួចទៅហើយនោះ រួមមាន៖ ប្រេស៊ីល (ម្ចាស់ផ្ទះ), ជប៉ុន, អូស្ត្រាលី, អ៊ីរ៉ង់, កូរ៉េខាងត្បូង, ហុល្លង់, អ៊ីតាលី, សហរដ្ឋអាមេរិក, កូស្តារីកា, អាហ្សង់ទីន, បែលហ្សិក, ស្វីស, អាល្លឺម៉ង់, កូឡុំប៊ី, រុស្សី, បូស្នី-ហឺហ្ស៊េហ្គោវីណា, អង់គ្លេស, អេស្ប៉ាញ, ឈីលី, អេក្វាឌ័រ, ហុងឌុយរ៉ាស់, កាមេរ៉ូន, កូឌីវ័រ និងនីហ្សេរីយ៉ា។ ក្រោយរកឃើញក្រុម៦យប់នេះទៀត (សរុប៣០) ក្រុម២ផ្សេងទៀត ដែលត្រូវទៅបង្គ្រប់ ៣២ គឺនឹងរកឃើញពីការប្រកួត play-off ឆ្លងទ្វីបរវាងអ៊ុយរុយហ្គាយ និងហ្សកដានី (ជើងទី១ អ៊ុយរុយហ្គាយ ឈ្នះ ៥-០) និងនូវែលហ្សេឡង់ ជួប ម៉ិកស៊ីកូ (ជើងទី១ ម៉ិកស៊ីកូ ឈ្នះ ៥-១) ស្អែកនេះ។
អាន៖ មើលកីឡដ្ឋាន World Cup ទាំង១២នៅប្រេស៊ីល
ដោយ៖ សុខ សុវត្ថិ
0 comments:
Post a Comment