អំពើហិង្សារវាងក្រុមកម្មកររោងចក្រSL និង សមត្ថកិច្ច បណ្តាលឲ្យអ្នកលក់បាយម្នាក់ស្លាប់និងរបួសធ្ងន់ស្រាលជាច្រើននាក់
រាជធានីភ្នំពេញ៖ ក្រុមកម្មករ កម្មការិនីរោងចក្រកាត់ដេរជាច្រើន រយនាក់រួមជាមួយ នឹងកម្លាំងសមត្ថកិច្ចចម្រុះ ក្នុងរាជធានីភ្នំពេញ បានប្រឈមមុខដាក់គ្នា និងមានអំពើហិង្សានៅចំណុចមុខវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១២ វិច្ឆិកា ២០១៣ ខណៈដែលក្រុមកម្មករ បាននាំគ្នាដង្ហែក្បួនបាតុកម្មឆ្ពោះ ទៅភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន ។
ស្ថានភាពហិង្សារវាងក្រុម សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ និងក្រុមកម្មករនៅមុខវត្តស្ទឹងមានជ័យ កាលពីម៉ោង៨និង៣០នាទី រហូតដល់ម៉ោងជាង១១ថ្ងៃត្រង់ គឺក្រុមកម្មករបានឡោមព័ទ្ធទីតាំង កំណាត់ផ្លូវមុនីរ៉េត មុខវត្តស្ទឹងមានជ័យ អស់រយៈពេលរាប់ម៉ោង ដោយភាគីខាងកងកម្លាំងប្រដាប់អាវុធចម្រុះ បានដកកម្លាំងថយទៅនៅត្រឹមស្ពានស្ទឹងមានជ័យ ដើម្បីរិះរកយុទ្ឋសាស្រ្តឈានទៅបំបែក ក្រុមបាតុករចេញពីទីតាំងកាន់ កាប់មុខវត្តស្ទឹងមានជ័យ នាវេលាម៉ោង១២ថ្ងៃត្រង់ដដែលនេះ ។ សូមបញ្ជាក់ថា ក្នុងការប៉ះទង្គិចគ្នាខាងលើនេះ បានបណ្តាលឲ្យនគរបាលនៃការិយាល័យ ពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ចំនួន៥នាក់ បានរងរបួសធ្ងន់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នេះបើតាមការអះអាងរបស់លោក នេត វុត្ថា ប្រធានការិយាល័យពន្លត់និងបង្ការអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ព័ត៌មានបន្ថែមជុំវិញហេតុការណ៍ហិង្សារវាង សមត្ថកិច្ចនិងកម្មករSL នៅមុខវត្តស្ទឹងមានជ័យ បានឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធបាន បណ្តាលមនុស្សស្រីម្នាក់ ឈ្មោះ ហេង សុខុម អាយុ៤៩ឆ្នាំ មុខរបរលក់បាយ បានស្លាប់បាត់បង់ជីវិត ដោយសារគ្រាប់កាំភ្លើងបាញ់ចំ គល់ដោះខាងស្តាំ បៀមស្លាប់យ៉ាងអាណោចអាធម៌ មុនពេលបញ្ជូនដល់មន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត រីអ្នករងរបួសអាចនឹងមានការកើនឡើង ប្រហាក់ប្រហែលជាង១០នាក់តែមិន មានប្រភពច្បាស់ការណ៏ពីមន្ត្រីណាមួយបញ្ជាក់ពីអ្នក រងរបួសពិតប្រាកដប៉ុន្មាននោះទេ ។
ជុំវិញបញ្ហាទាមទារនេះ លោក មាស សុត្ថា តំណាងរោងចក្រ SL ក៏ធ្លាប់បានបញ្ជាក់ដែរថា រោងចក្រមិនអាចទទួលបានទេ ចំពោះសំណើទាំងប៉ុន្មានចំណុចចុងក្រោយរបស់កម្មករនោះ ដោយសារ ពួកគាត់លើកឡើងគ្មានហេតុផលណាមួយ សមស្របតាមផ្លូវច្បាប់នោះឡើយ ។លោកបន្តថា ផ្ទុយទៅវិញកម្មករក្នុងរោងចក្ររបស់លោក មានសរុបចំនួនជិត៦ពាន់នាក់ ក្នុងនោះកម្មករជាង៤ពាន់នាក់ កំពុងចូលធ្វើការក្នុងចង្វាក់ផលិតកម្មដូចធម្មតានៅក្នុងរោងចក្រ ដូច្នេះរោងចក្រកំរិតថា កម្មករដែលនៅសេសសល់ ពីធ្វើកូដកម្ម បាតុកម្មរហូតមានហិង្សានាថ្ងៃទី១២វិច្ឆិកានេះ គឺមានគ្នាប្រមាណជា៣០០នាក់ប៉ុណ្ណោះ ។ ដោយឡែកខាងកម្មករវិញ អះអាងថាខ្លួនមានគ្នាជាង១០០០នាក់ កំពុងតវ៉ាដាច់ខាត ដោយពុំចូលធ្វើការ ដើម្បីឲ្យមានការដោះស្រាយ៤ចំណុចខាងលើ ។
ជុំវិញបាតុភាពជាបន្តបន្ទាប់ខាងលើនេះ ក៏មិនទាន់មានមន្ត្រីជំនាញពិតប្រាកដណាមួយ តាំងពីថ្នាក់មូលដ្ឋានរហូតដល់មន្ទីរក្រសួង ដែលពាក់ព័ន្ធចេញមកដោះស្រាយ ឬក៏រិះរកដំណោះស្រាយជូនកម្មករ ដើម្បីបញ្ជៀសនូវហិង្សាទាំងឡាយ ។ទន្ទឹមនឹងនោះដែរ ក្រុមកម្មករប្រកាន់ជំហរថា ពួកគេនៅតែធ្វើបាតុកម្មបន្តទៀត ទោះបីជាមានការផ្ទុះអាវុធនិងបណ្តាលឲ្យមានរបួសនិងស្លាប់ក៏ដោយ ៕
0 comments:
Post a Comment