Breaking News
Loading...
Wednesday, November 13, 2013

អ.ហ ខេត្តព្រះសីហនុ ក្របួច ជនសង្ស័យ កាច់កម៉ូតូ កាលពី៦ថ្ងៃមុន បានម្នាក់


ព្រះសីហនុ ៖ បុរសជាជនសង្ស័យ កាច់កម៉ូតូម្នាក់ ត្រូវបានម្ចាស់ម៉ូតូ ដែលបានបាត់ កាលពី៦ថ្ងៃមុន ឃើញ កំពុងចរាចរណ៍តាមដងផ្លូវ ក៏ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ច ក្របួចជាប់ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង ៩ និង០០នាទី ។

លោកវរសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ មានប្រសាសន៍ ថា បន្ទាប់ពីបានទទួលព័ត៌មានថា ករណីរកឃើញជនសង្ស័យម្នាក់ កំពុងតែបើក ម៉ូតូដែលខ្លួនលួចកាច់ក កាល ពីប៉ុន្មានថ្ងៃមុនភ្លាម លោកឧត្តមសេនីយ៍ត្រី ហ៊ាង និន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និង លោកវរសេនីយ៍ឯក ហេង ប៊ុនទី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាក់បទបញ្ជា មករូបលោក ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីយកមកធ្វើការសាកសួរចម្លើយ ភ្លាមនោះ លោកក៏បានចាត់បញ្ជូនលោកអនុសេនីយ៍ឯក ស្បោង ពៅ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធ ហត្ថ ក្រុងព្រះសីហនុ ដឹកនាំកងកម្លាំង ចេញទៅធ្វើការឃាត់ខ្លួន ជនសង្ស័យបានភ្លាមៗផងដែរ ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះដែលបានបាត់ម៉ូតូ កាលពី៦ថ្ងៃមុនមានឈ្មោះ អង អៀង ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅក្រុម៨ ភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ។ ចំពោះជនសង្ស័យបាន សារភាពទាំងស្រពិចស្រពិលថា ខ្លួនមានឈ្មោះ ហេង ង៉ុក ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ ។ ចំពោះវត្ថុតាង គឺម៉ូតូហុងដាសេ ១២៥ ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុង ព្រះសីហនុ 1A-6585 ។

តាមសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ខណៈដែលស្រ្តីដែលជាម្ចាស់ម៉ូតូ កំពុងធ្វើដំណើរ ត្រឡប់ចេញមកពីផ្សារទិញម្ហូប ក្នុងក្រុងព្រះសីហនុ ជាមួយកូនប្រុស និងបងប្អូនស្រីម្នាក់ទៀត បានចម្ងាយ ប្រហែល២០០ម៉ែត្រពីផ្សារ ក៏ប្រទះឃើញជនសង្ស័យ កំពុងតែបើកម៉ូតូរបស់ខ្លួនម្នាក់ឯង ក៏នាំគ្នាចុះទៅធ្វើ ការសួរនាំ ក៏ផ្អើលដល់សមត្ថកិច្ចកងអាវុធហត្ថ មកក្របួចជាប់តែម្តង ។

តាមការឱ្យដឹង ពីស្រ្តីរងគ្រោះបានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង ៣ និង ០០ នាទីសរៀល គាត់បាន ទុកម៉ូតូនៅពីមុខផ្ទះម្តុំភូមិថ្មី ជិតក្លិបកំសាន្តវីបាចាស់ ស្ថិតក្នុងក្រុម៨ ភូមិ៣ សង្កាត់ លេខ៣ ក្រុង-ខេត្តព្រះសីហនុ ក៏ត្រូវជនសង្ស័យរូបនេះ ចូលមកកាច់កម៉ូតូ យកទៅបាត់តែម្តង ទើបរហូត មកដល់ព្រឹកនេះ ទើបគាត់ប្រទះឃើញក៏បានរាយការណ៍ទៅសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បានតែម្តងទៅ ។ បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ ធ្វើការសាកសួរ ចម្លើយ និងបំពេញសំណុំឯកសារ ដើម្បីបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូន បន្តទៅសាលាដំបូងខេត្តព្រះសីហនុ វិនិច្ឆ័យទោសទៅតាមច្បាប់ ៕











0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved