Breaking News
Loading...
Wednesday, November 13, 2013

ចេញពីហូបការ បើកម៉ូតូលើផ្លូវ បញ្រ្ចាសទិស ជ្រុលទៅបុកម៉ូតូ មួយគ្រឿងទៀត រងរបួសធ្ងន់ខ្លួនឯង


ភ្នំពេញ ៖ បុរសម្នាក់បែកក្បាល សន្លប់បាត់ស្មារតី បន្ទាប់ពីឌុបភរិយា ចេញពីហូបការ ស្រវឹងស្រឿងៗ ជិះម៉ូតូ លើផ្លូវបញ្រ្ចាសទិស ជ្រុលចង្កូតទៅបុកម៉ូតូ មួយគ្រឿងទៀត ដែលបើកច្រាសទិសគ្នា ។ ហេតុការណ៍នេះ បានកើតឡើងនៅ វេលាម៉ោង៨និង៤០នាទី យប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ  មានម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1W-6947 ធ្វើដំណើរលើផ្លូវ បញ្ច្រាស ទិសដៅចរាចរណ៍ បើកបរដោយប្តីឈ្មោះ សួន ឡេង អាយុ៣០ឆ្នាំ មុខរបរ កម្មករផែសួន រស់នៅ ភូមិត្រពាំងសំរិទ្ធ សង្កាត់កងនយ ខណ្ឌដង្កោ ។

សមត្ថកិច្ចបានបន្តទៀតថា ដោយអ្នកបើកបរ មានសភាពស្រវឹងស្រឿងៗ ផងនោះ ភ្លើងម៉ូតូ ក៏មិនសូវភ្លឺ ហើយបើកលើផ្លូវបញ្រ្ចាសទិស ដៅចរាចរណ៍ទៅទៀត ហ្វ្រាំងមិនទាន់ជ្រុល ទៅបុក ម៉ូតូមួយគ្រឿងទៀត បើកច្រាសទិសគ្នាម៉ាក ហុងដា គុបជ្រុង សេ៩០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-4949 ជិះម្នាក់ឯង ដោយបុរសម្នាក់ឈ្មោះ ឃី ឌីម អាយុ២៨ឆ្នាំ រស់នៅ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពដដែល បន្តទៀតថា អ្នកបើកបរម៉ូតូ រងរបួស បែកក្បាលសន្លប់ឈឹង  ចំណែកឯភាគីខាងម៉ូតូគុប ពុំមានរងរបួសឡើយ ។ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់ អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ។

ម៉ូតូទាំង២គ្រឿង រងការខូចខាតតិចតួច ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្តិ៍ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នា ពេលក្រោយ ៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved