Breaking News
Loading...
Wednesday, November 13, 2013

មនុស្ស​មួយ​ក្រុម​នាំ​យុវ​ជន​ម្នាក់​ទៅ​វាយ​សម្លាប់​ក្នុង​ចំណត​យន្ត​ហោះ​


ខេត្តបាត់ដំបង ៖ យុវជនវ័យជាង២០ឆ្នាំម្នាក់ ត្រូវមនុស្សមួយក្រុមដឹកតាមម៉ូតូ យកទៅវាយសម្លាប់ចោលយ៉ាង ឃោរឃៅនៅក្នុងចំណតយន្តហោះវាលបែកចាន ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ សពជនរងគ្រោះត្រូវបានមន្ត្រីយោធា ការពារដែនអាកាសចេញល្បាតប្រទះឃើញ នៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១១ វិច្ឆិកា ក្រោយពេលកើតហេតុបន្តិច ប៉ុន្តែក្រុមជនដៃដល់ដែលជិះម៉ូតូយ៉ាងតិច ៥គ្រឿងបានគេចខ្លួនជាបន្តបន្ទាប់ មុនពេលមន្ត្រីយោធាទៅដល់ ។

មន្ត្រីសមត្ថកិច្ចជំនាញដែលចុះទៅពិនិត្យសព នៅកន្លែងកើតហេតុនាព្រឹកថ្ងៃទី១២ វិច្ឆិកា និយាយថា សពនេះគ្មានអ្នកណាស្គាល់អត្តសញ្ញាណទេ ។ ជុំវិញករណីសម្លាប់មនុស្សគ្មានញញើតដៃនេះ តាមមន្ត្រីយោធាការពារដែនអាកាសប្រាប់ថា មុនពេលកើតហេតុ គេបានឃើញមនុស្សប្រុស៥នាក់ជិះម៉ូតូ២គ្រឿង ដែល១គ្រឿងជិះគ្នា២នាក់ មានកាន់កន្ត្រកជ័រ១ រីឯ១គ្រឿងទៀតជិះគ្នា៣នាក់ តែមិនបើកភ្លើងទេ ។ ក្រុមនោះបានជិះម៉ូតូចូលក្នុងចំណតយន្តហោះ តែគ្មានអ្នកណាចាប់អារម្មណ៍ទេ ព្រោះស្មានថាប្រជាពលរដ្ឋដែលមានផ្ទះនៅក្នុងចំណតនោះ ។ លុះបន្តិចក្រោយមក មានម៉ូតូ៣គ្រឿងទៀតជិះចូលតាមក្រោយ តែត្រូវពួកគេមិនឱ្យចូល ព្រោះយប់ជ្រៅហើយ ។

មន្ត្រីយោធាបន្តថា ប្រហែលប៉ុន្មាននាទីប៉ុណ្ណោះ ស្រាប់តែឃើញក្រុមអ្នកជិះម៉ូតូប៉ុន្មាន នាក់នោះជិះចេញមកវិញ តែបាត់ម៉ូតូ១គ្រឿងមិនឃើញចេញមកទេ ។ ដោយមានការសង្ស័យទើបពួកគេ (យោធា) នាំគ្នាជិះម៉ូតូតាមរក ក៏ប្រទះឃើញសពយុវជនម្នាក់ត្រូវគេសម្លាប់ក្តៅៗ ក្នុងគម្ពោតព្រៃចុងខាងលិចចំណត យន្តហោះប្រហែលជាង៥០ម៉ែត្រ តែក្រុមជនដែលប្រព្រឹត្តនោះបានជិះម៉ូតូចេញផុតអស់ជាបន្តបន្ទាប់ ទើបពួកគេរាយការណ៍ទៅសមត្ថកិច្ចឱ្យមកពិនិត្យភ្លាមៗដែរ ។







0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved