Breaking News
Loading...
Wednesday, November 20, 2013

៣នាក់​ បង​ប្អូន​នាំ​គ្នា​ឡើង​បេះ​ផ្លែ​ពុទ្រា​ហូប ​សង្ស័យ​ដង្កូវ​រោល​រមាស់​ពេញ​ខ្លួន​បណ្តាល​ឲ្យ​ក្តៅ​រងា​ញាក់​ញ័រ​ក្អួត​ចង្អោរ​ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​


ខេត្តប៉ៃលិន ៖ ក្មេងប្រុសស្រី ៣នាក់បងប្អូន បាននាំគ្នាឡើងលើដើមពុទ្រាបេះ ផ្លែហូបទាំងអស់គ្នា ត្រូវដង្កូវរោលបងមុនគេបណ្តាល ឲ្យចេញរមាស់ពេញខ្លួន ក្តៅខ្លួនញាក់ញ័រ ក្អួតចង្អោរ បន្ទាប់មកឆ្លងទៅដល់ប្អូនចំនួន ២នាក់ទៀត។ លុះរយៈពេល ១ម៉ោង ក្រោយមក ស្រាប់តែក្តៅខ្លួនក្អួតចង្អោរកាន់តែខ្លាំង ត្រូវឪពុកម្តាយបញ្ជូនទៅសង្គ្រោះនៅ មណ្ឌលសុខភាពភ្នំស្ពង់ ស្ថិតនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ តែដោយមានសភាពធ្ងន់ធ្ងរពេក ត្រូវគ្រូពេទ្យបញ្ជូនបន្តទៅមន្ទីរពេទ្យង្អែកខេត្តទាំងអស់គ្នា។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទី ព្រឹកថ្ងៃទី១៨ វិច្ឆិកា ២០១៣ ស្ថិតនៅចំណុចខាងជើងភ្នំស្ពង់ ក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។ ក្មេងទី១. ឈ្មោះ ម៉ៅ ស្រីលិក ភេទស្រី អាយុ ១២ឆ្នាំ ជាសិស្ស ទី២. ឈ្មោះ ម៉ៅ ស៊ីម ភេទប្រុស អាយុ ១១ឆ្នាំ ទី៣. ម៉ៅ លក្ខណ៍ ភេទប្រុស អាយុ ៩ឆ្នាំ ជាសិស្ស ទាំង ៣នាក់ រស់នៅភូមិកើតហេតុខាងលើ។

បើតាមសម្តីឪពុករបស់ក្មេងឈ្មោះ ចាន់ ម៉ាន អាយុ ៥០ឆ្នាំ ជាកសិករ មានស្រុកកំណើតរស់នៅភូមិមេទឹក ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់ និងប្រពន្ធ បានទៅស៊ីឈ្នួលដកដំឡូងឲ្យគេនៅខាងកើតភ្នំស្ពង់ ក្បែរផ្ទះរបស់ខ្លួន ស្រាប់តែមកដល់ផ្ទះវិញ ក៏ឃើញកូនស្រីបងរបស់គាត់ឈ្មោះ ស្រីលិក រត់មកប្រាប់គាត់ថា នាងបានឡើងបេះផ្លែពុទ្រាទាំង ៣នាក់ បងប្អូនប្រហែលជាត្រូវដង្កូវនៅលើដើមពុទ្រារោល ទើបបណ្តាលមានកន្តួលរមាស់ក្លាយទៅ ជាក្តៅខ្លួនញាក់ញ័រយ៉ាងខ្លាំង ហើយថែមទាំងក្អួតចង្អោរទៀតផង។

បន្ទាប់មកឪពុកឃើញដូច្នេះ ក៏ពិភាក្សាជាមួយម្តាយពួកគេ ដើម្បីបញ្ជូនកូនទាំង ៣នាក់ ទៅមណ្ឌលសុខភាពភ្នំស្ពង់ភ្លាមៗ។ ពេលចូលទៅសម្រាកព្យាបាលនៅទីនោះ បានរយៈពេល ១យប់ ដោយសារពួកគេមានអាការ ធ្ងន់ធ្ងរមិនព្រមធូរស្បើយ ទើបគ្រូពេទ្យបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីវេលាម៉ោង ៩ និង ៤៥នាទី ព្រឹកថ្ងៃទី១៩ វិច្ឆិកា ២០១៣។

ចំណែកលោកគ្រូពេទ្យ បានប្រាប់ឲ្យដឹងថា បញ្ហាជំងឺនេះ មិនទាន់ដឹងថា មកពីមូលហេតុអ្វីទេ ខាងគ្រូពេទ្យមិនធ្លាប់ឃើញដង្កូវ រោលក្លាយទៅជាក្អួតចង្អោរ រងាញាក់ញ័រនោះទេ ហើយពេលនេះ ពួកគាត់កំពុងតែពិនិត្យបន្តទៀត ដើម្បីតាមដានអាការជំងឺឲ្យដឹងថា មកពីមូលហេតុអ្វី។ លោកគ្រូពេទ្យបន្តថា បន្ទាប់ពីធ្វើការចាក់ថ្នាំ ព្យួរសេរ៉ូមរួចមកសង្កេតឃើញថា កុមារទាំង ៣នាក់ បងប្អូនមានសភាពធូរស្រាលជាងមុន លែងក្តៅខ្លួន ក្អួតចង្អោរ និងអាចហូបនំចំណីបានថែមទៀតផង៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved