Breaking News
Loading...
Wednesday, November 20, 2013

ម្ដាយ​ឆ្លង​ផ្លូវ​រក​កន្លែង​បត់​ជើង​តូច ​កូន​ស្រីរ​ត់​តាម​ពី​ក្រោយ​ត្រូវ​រថ​យន្ត​កៀរ​ដួល​របួស​ធ្ងន់​


ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីតូចម្នាក់ត្រូវរថយន្តធំប្រភេទ ៣២កៅអី កៀរបណ្តាលឲ្យដួលរបួសធ្ងន់ ខណៈរត់ឆ្លងផ្លូវតាម ម្ដាយរកកន្លែងបត់ជើងតូច កាលពីវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី១៩ វិច្ឆិកា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

ក្មេងស្រីរងគ្រោះឈ្មោះ រុន ដាណេ អាយុ ៣ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ដោយនាងមានរបួស ២កន្លែង គឺ ១កន្លែង ចំក្បាលខាងឆ្វេងដេរ ១២ថ្នេរ និងបាក់ភ្លៅខាងឆ្វេង ត្រូវម្ដាយឪពុករបស់នាងនាំ យកទៅគ្លីនិកឯកជនដោយខ្លួនឯង។ ចំណែករថយន្តបង្កម៉ាកគៀចង្កូតឆ្វេង ពណ៌សលាយត្រួយចេក ពាក់ស្លាកលេខ ព.០២៨៩ ភព៣ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយកើតហេតុបានគេចខ្លួនបាត់។

តាមស្ត្រីជាម្ដាយឈ្មោះ វន ស្រីមុំ អាយុ ២៤ឆ្នាំ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នាង និងកូនស្រី បានជិះរ៉ឺម៉កម៉ូតូកង់បីជាមួយបងថ្លៃប្រុស ដោយបងថ្លៃនោះ ជាអ្នកបើកបរ មកពីទិសខាងកើត លុះមកដល់ចំណុចកើតហេតុ ដោយនាងឈឺបត់ជើងតូច ក៏បានឈប់។ នាងបន្តថា ដោយខាងស្ដាំដៃសម្បូរអ្នកបង់សំណាញ់ នាងក៏ឆ្លងទៅម្ខាងផ្លូវ ដើម្បីរកកន្លែងស្ងាត់ គាប់ជួនពេលនោះ ស្មានថា កូនស្រីនៅជាមួយបងថ្លៃប្រុស ដោយមិនដឹងថា នាងរត់ឆ្លងផ្លូវពីក្រោយទើបជួបគ្រោះថ្នាក់បែបនេះ។

តាមប្រភពប្រាប់ថា រថយន្តបង្កជារបស់ក្រុមហ៊ុនចំណតស៊ូជីង បើកមកពីទិសខាងកើត ក្នុងគោលដៅទៅចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីដឹកជញ្ជូនភ្ញៀវ។ ក្រោយហេតុការណ៍ សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង រួចនាំយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីរង់ចាំធ្វើការដោះស្រាយ៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved