ស្ត្រី​ជនជាតិ​បរទេស​ម្នាក់​បាន​បង្ហាញ​សកម្មភាព​​មនុស្ស​ធម៌​ដ៏​គួរឲ្យ​កោតសរសើរ​បំផុត ពោល​គឺ​​ហ៊ាន​លះបង់​សេចក្តីសុខ​ផ្ទាល់​ខ្លួន​សុខចិត្ត​ដើរ​អត់​ពាក់​ស្បែកជើង​ពេញ​មួយ​ឆ្នាំ​ដើម្បី​រកលុយ​ជួយ​កុមារ​​ក្រីក្រ​កម្ពុជា​ជិត​១៨០០​នាក់។​ ការ​សម្រេចចិត្ត​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​នាង​បាន​មើល​ឃើញ​​ទិដ្ឋភាព​កុមារ​​ក្រីក្រ​​កម្ពុជា​ទាំង​នេះ​​ក្នុង​ដំណើរ​កម្សាន្ត​មួយ​ទៅ​រាជធានី​ភ្នំពេញ​កាល​ពី​៣​ឆ្នាំ​មុន (២០១០)។

នាង​Katie Boom

សូមចុចអាន៖ សិស្ស​ស្រី​ថ្នាក់​ទី​១០​​​ជនជាតិ​​​​អារ៉ាប់រួមពីរ​រូប​​​អង្គាស​ប្រាក់​ជួយ​កុមារ​កម្ពុជា​​

នាងKatie Boom ​ជនជាតិ​នូវែលហ្សេឡង់​បាន​​លាត​ត្រដាង​ពី​ខ្សែ​ជីវិត​ពិត​របស់​កុមារ​ក្រីក្រ​កម្ពុជា​​​​ដែល​កំពុង​រស់​នៅ​យ៉ាង​លំបាក​វេទនា​បំផុត​​នៅ​តាម​ដង​វិថី ​ជា​ពិសេស​នៅ​តាម​​​តំបន់​ក្រីក្រ​នានា​នៅ​ជាយ​រាជធានី​ភ្នំពេញ​​​ដោយ​​ក្ដី​ស្រលាញ់​អាណិតអាសូរ និង​ចង់​ជួយ​ចែក​រំលែក​ទុក្ខ​លំបាក​របស់​ពួកគេ​​​​ទាំង​នេះ។

ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​នេះ​​ស្រក់​ទឹកភ្នែក ហើយ​បង្កើត​ការ​សម្រេចចិត្ត​នេះ គឺ​កើត​ចេញ​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​នាង​ដែល​មាន​ធ្វើ​ដំណើរ​ទៅ​​ទស្សនា​តំបន់​ក្រីក្រ​មួយ​​​​។ ដោយ​មិន​បញ្ជាក់​ពី​ទីតាំង​ ស្ត្រី​ម្នាក់​នេះ​បាន​មើល​ឃើញ​​កុមារ​​​​ជា​ច្រើន​​ស្ថិត​នៅ​តំបន់​ទាំង​នោះ​មិន​មាន​​ទ្រនាប់​ជើង​ពាក់​នោះ​ឡើយ ហើយ​ពួកគេ​ត្រូវ​ដើរ​​ដោយ​ជើង​ទទេ​កាត់​លើ​គំនរ​សំរាម អំបែង​ដប និង​សម្ភារៈ​មុត​ស្រួច​ផ្សេងៗ​ទៀត​គួរឲ្យ​អាណិតអាសូរ​បំផុត​។​​​​​

សូមចុចអាន៖  ក្មេង​ស្រី​អាមេរិក​បួន​រូប​​រៃអង្គាស​មនុស្សធម៌​ជួយ​កម្ពុជា

ទន្ទឹម​នឹង​នេះ ​​ភាព​មិន​ច្បាស់លាស់​​លើ​អនាគត​របស់​ពួកគេ​តាម​រយៈ​ការ​មិន​ទទួល​បាន​ឱកាស​ក្នុង​​ការ​សិក្សា​រៀន​សូត្រ ​កង្វះខាត​លើ​សម្ភារៈ​សិក្សា ​ គឺ​រឹត​កាន់តែ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ក្ដុកក្ដួល​បន្ថែម​ទៀត។ នាង​​យល់​ថា សម្រាប់​ពួកគេ​ម្នាក់ៗ ប្រាក់​​ត្រឹម​២០​ដុល្លារ​គឺ​អាច​​ផ្ដល់​លទ្ធភាព​ឲ្យ​ពួកគេ​ចូល​រៀន​បាន។

ចំណុច​នេះ​បាន​​ធ្វើ​ឲ្យ​មាន​សំនួរ​មួយ​ចោទសួរ​​ថា តើ​នាង​គួរតែ​នៅ​បន្ត​ចំណាយ​ប្រាក់​ខ្ជះខ្ជាយ​​​លើ​ស្បែកជើង​ថ្លៃៗ ឬ​ យ៉ាងណា ខណៈ​ដែល​កុមារ​ទាំង​នេះ​កំពុង​លង់ទឹក​ដល់​ច្រមុះ​នោះ?

ដោយសារ​សណ្ដាន​ចិត្ត​អាណិត​អាសូរ​ពោរពេញ​ដោយ​ក្តី​ស្រលាញ់​ដក់ជាប់​នៅ​ក្នុង​​​បេះដូង​របស់​នាង ​​​ទិដ្ឋភាព​ទាំង​នេះ​បាន​​ជំរុញ​ឲ្យ​នាង​​លះបង់​សេចក្ដី​សុខរបស់​ខ្លួន​ ធ្វើ​យុទ្ធនាការ​ដើរ​អត់​ស្បែកជើង​លើ​ទឹកដី​កំណើត​​ ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​សាធារណជន​​បរិច្ចាគ​ទឹកប្រាក់​របស់​ពួកគេ​ជួយ​ដល់​កុមារ​ក្រីក្រ​ទាំង​នោះ។

សូមចុចអាន៖ ថវិកា​បន្តិចបន្តួច​របស់​អ្នក​អាច​​ផ្លាស់​ប្ដូរ​ជីវិត​ក្មេង​​អនាថា​កម្ពុជា

មកទល់​នឹង​ពេល​នេះ នាង​បាន​បង្កើត​​សកម្មភាព​មនុស្ស​ធម៌​មួយ​ដើម្បី​រៃ​អង្គាសប្រាក់​ក្រោម​ចំណងជើង​ថា “អត់​ពាក់​ស្បែកជើង ឬ​Shoeless” ហើយ​កំពុង​សហការ​ជា​មួយ​អង្គការ​Care កម្ពុជា (Care of Cambodia) ដើម្បី​ផ្ដល់​​​សម្ភារៈ​សិក្សា​ដល់​កុមារ​ក្រីក្រ​ទាំង​១៨០០​នាក់​​ខាងលើ។

កម្មវិធី “អត់​ពាក់​ស្បែកជើង” នឹង​ប្រារព្ធ​ធ្វើឡើង​ជា​លើក​ដំបូង​​ក្នុង​ប្រទេស​នូវែលហ្សេឡង់​នា​​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៤​ខាង​មុខ​ ដើម្បី​ស្វែង​រក​ជំនួយ​​ជួយ​ដល់​កុមារ​ក្រីក្រ​កម្ពុជា។ តាម​ការ​អះអាង​របស់​នាង​កម្មវិធី​នេះ​នឹង​ជំរុញ​​​​​​​​ឲ្យ​​សាធារណជន​ទូទៅ​ឈប់​ចំណាយ​ប្រាក់កាស​ឥត​ប្រយោជន៍​​​លើ​សម្ភារ​ ​ផ្សេងៗ ហើយ​ងាក​មក​ជួយ​កុមារ​ក្រីក្រ​ទាំង​នេះ​វិញ៕

សូមទស្សនាវីដេអូខាងក្រោម​នេះ៖

ចុះ​ប្រិយមិត្ត​វិញ​​យល់​យ៉ាងណា​ដែល​ចំពោះ​សកម្មភាព​របស់​នាង?