បុណ្យ​សមុទ្រ​​ជា​ព្រឹត្តិការណ៍​​​ដ៏​ធំ​បង្អស់​​នៅ​​បំណាច់​​​ឆ្នាំ​នេះ​ ពោល​នឹង​​ប្រារព្ធ​​ឡើង​​៣​​ថ្ងៃ​ជាប់​គ្នា​​​​ចាប់​ពី​ថ្ងៃ​ទី​​៦​ដល់​​៨​ធ្នូ​ នៅ​​ខេត្ត​កែប​ ដែល​នឹង​​រៀប​ចំ​​ការ​​កម្សាន្ត​​ចម្រុះ​​ធំ​ៗ​​​យ៉ាង​សម្បូរ​បែប ​​ហើយ​គេ​រំពឹង​ថា​ភ្ញៀវ​ជាតិ​​និង​អន្តរជាតិ​​ច្រើន​ម៉ឺន​នាក់​​នឹង​តម្រង់​ទៅ​​​កាន់​​ខេត្ត​​ភាគ​និរតី​នៅ​​​៣​ថ្ងៃ​ខាង​មុខ​នោះ។ យ៉ាង​ណា​ក្ដី​ មន្ត្រី​​ជំនាញ​​​បាន​​រាយការណ៍​​​​តាំង​តែ​ពី​ចុង​សប្ដាហ៍​មុន​ម៉្លេះ​ថា​​​​គ្រប់​ផ្ទះ​សំណាក់​និង​​សណ្ឋាគារ​ទូទាំង​ខេត្ត​មួយ​​នេះ​ត្រូវ​បាន​ភ្ញៀវ​​​កុម្ម៉ង់​​កក់​ទុក​មុន​អស់​គ្មាន​សល់​ ខណៈ​​ទីតាំង​​ដែល​អាច​បោះ​តង់​​​សំណាក់​​បាន​ក៏​សេស​សល់​តិច​​តួច​​បំផុត។

ឯក​ឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​ដែល​ជា​ស្ថាប័ន​ពាក់​ព័ន្ធ​​លើ​ការ​រៀប​ចំ​ដែរ​នោះ​ ​បាន​បញ្ចេញ​កង្វល់​ខ្លះ​ៗ​ថា​​ភ្ញៀវ​​អាច​នឹង​បុក​ទៅ​ច្រើន ដែល​អាជ្ញាធរ​​ត្រូវ​​តែ​បង្កើន​​ការ​គ្រង់​ឲ្យ​ខ្ពស់​។ ឯកឧត្ដម​បន្ត​ថា​៖ “​​​គេ​រាយការណ៍​​មក​ថា​គ្រប់​កន្លែង​គេ​កក់​អស់​​​​ហើយ។ ​​​តាម​ដឹង​គ្រាន់​តែ​ភ្ញៀវ​គ្រោង​ចេញ​តាម​ច្រក​ ហាទៀន ​មក​ពី​វៀតណាម​​ ប្រមាណ​២​ទៅ​៣​ម៉ឺន​​នាក់​ឯ​នោះ ហើយ​ពេល​នេះ​អាជ្ញាធរ​​កំពុង​វិល​មុខ​គិត​រៀង​ត្រៀម​​​របៀប​រៀបរយ”​។

បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ កន្លង​មក​

​ចំណោម​​កម្មវិធី​​កម្សាន្ត​ជា​ច្រើន​​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ក៏​ដាក់​ឲ្យ​មាន​​ការ​ប្រកួត​​​កីឡា​១០​ប្រភេទ​ផង​ដែរ ដើម្បី​បង្កើន​ភាព​អធិកអធម​​។ ​កីឡា​ទាំង​១០​ប្រភេទ​រួម​​មាន​៖

ហែល​ទឹក​​​ចម្ងាយ​ឆ្ងាយ

​ប្រណាំង​ម៉ូតូ​​ទឹក​

ល្បុក្កតោ​

បាល់​ទះ​លើ​ខ្សាច់​

កីឡា​ហោះហើរ​

​ប្រដាល់​

​ទ្រីយ៉ាថ្លុង (​រត់+​ហែល​ទឹក+​ជិះ​កង់​)

​ប្រណាំង​ទូក​ក្ដោង​​

រត់​ប្រណាំង​​

អត្ត​ពលកម្ម​