កីឡាករ ​Novak Djokovic ​ការពារ​តំណែង​ជើងឯក​ ATP World Tour Finals បាន​សម្រេច ​បន្ទាប់​ពី​យក​ឈ្នះ​កីឡាករ​វាយ​កូន​បាល់​លេខ​១​ពិភពលោក​ Rafael Nadal ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ទីលាន O2 Arena ក្នុង​រាជធានី​ឡុងដុង​ ដោយ​ពិន្ទុ​៦-៣ ​និង​៦-៤។

អត្ថបទ​៖ ទី​បំផុត Nadal យក​​តំណែង​លេខ​១ពិភពលោក​បាន​វិញ​ហើយ

Nadal ទើប​តែ​ដណ្ដើម​យក​ចំណាត់ថ្នាក់​ខ្ពស់​បំផុត​របស់​ពិភពលោក​ពី​ Djokovic ​កាល​ពី​ខែ​មុន​ប៉ុណ្ណោះ ​បន្ទាប់​ពី​ជា​សះស្បើយ​ពី​របួស​​ក្នុង​ខែ​កុម្ភៈ​ហើយ​​មាន​ទម្រង់​លេង​លេចធ្លោ​ឡើង​វិញ​និង​ឈ្នះ​ពាន​ជា​បន្តបន្ទាប់។ ​ប៉ុន្តែ​ក្នុង​ការ​ប៉ះ​គ្នា​នៅ​ប្រទេស​អង់គ្លេស​ម្សិលមិញ ​Djokovic ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ចំណាត់ថ្នាក់​ល្អ​ជាង​មិន​ប្រាកដ​ថា​នឹង​ឈ្នះ​នោះ​ទេ។

អត្ថបទ​៖ ក្ដៅៗ! Nadal លើក​ពាន US Open លើក​ទី​២ អម្បាញ់​មិញ​នេះ

​Novak Djokovic ​លើ​ពាន​ក្រោយ​ផ្ដួល​ Rafael Nadal

ម្ចាស់​ជើងឯក​ Australian Open ៤​សម័យ ​និយាយ​នៅ​ក្រោយ​ការ​ប្រកួត​ថា​៖ “វា​ជា​ការ​ប្រកួត​​ក្នុង​កម្រិត​ខ្ពស់​បំផុត​នៃ​កីឡា​វាយ​កូន​បាល់​មុន​ការ​មក​ដល់​នៃ​ Grand Slams ពី​ព្រោះ​រៀងរាល់​ប្រកួត​ដែល​អ្នក​លេង អ្នក​ត្រូវ​តតាំង​ជាមួយ​កីឡាករ​លំដាប់​កំពូល​ទាំង​១០​​រៀងរាល់​ពីរ​ថ្ងៃ​ម្ដង។ ជា​ពិសេស​ឆ្នាំ​នេះ ក្នុង​ព្រឹត្តិការ Paris Bercy និង London ពិត​ជា​មិន​ងាយ​ស្រួល​ឡើយ។ ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​វិធី​ប្រមូល​កម្លាំង​របស់​ខ្ញុំ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​លេង​កាន់​តែ​ល្អ​ឡើង​ៗ​ក្នុង​ពាន​រង្វាន់​នេះ”។

ទន្ទឹម​នឹង​នេះ ទោះ​ជា​មិន​អាច​ឈ្នះ​ជើងឯក​មែន ​តែ ​Nadal ​បាន​ថ្លែង​អំណរគុណ​ដល់​​ទស្សនិកជន​ផង​ដែរ ដោយ​និយាយ​ថា​៖ “នេះ​ប្រហែល​ជា​រដូវ​កាល​ដ៏​អស្ចារ្យ​បំផុត​មួយ​ក្នុង​អាជីព​របស់​ខ្ញុំ ​ហើយ​ការ​ប្រកួត​នៅ​លើ​ទីលាន​នេះ (O2 Arena) ពិត​ជា​រំភើប​មែនទែន​សម្រាប់​ខ្ញុំ។ សូម​អរគុណ​ដល់​ទស្សនិកជន​ទាំង​អស់​សម្រាប់​ការ​គាំទ្រ ​មិនមែន​សម្រាប់​តែ​ថ្ងៃ​នេះ​ទេ ប៉ុន្តែ​ពេញ​មួយ​សប្ដាហ៍​តែ​ម្ដង និង​សូម​អរគុណ​ដល់​អ្នកគាំទ្រ​របស់​ខ្ញុំ​ទាំង​អស់​គ្នា​ផង​ដែរ។ ជួប​គ្នា​ឆ្នាំ​ក្រោយ!”។

នេះ​ជា​លើក​ទី​៣​ដែល​កីឡាករ​សញ្ជាតិ​ស៊ែប​វ័យ​២៦​ឆ្នាំ​លើក​ពាន​បិទ​គូទ​រដូវ​កាល ខណៈ​កីឡាករ​លំដាប់​ទី​២​ពិភពលោក​រូប​នេះ​ធ្លាប់​ធ្វើ​បាន​ក្នុង​ឆ្នាំ​២០០៨​និង​២០១២​រួច​មក​ហើយ។ ​ម្យ៉ាង​វិញ​ទៀត ​ជ័យជម្នះ​លើ​ជើង​ខ្លាំង​សញ្ជាតិ​អេស្ប៉ាញ​វ័យ​២៧​ឆ្នាំ​ម្សិលមិញ​នេះ​បាន​បង្កើន​តួ​លេខ​ប្រកួត​មិន​ដែល​ចាញ់​២២​ប្រកួត​ជាប់​គ្នា។

អត្ថបទ​៖ Nadal ​បញ្ចប់​ឆ្នាំ​ក្នុង​ចំណាត់ថ្នាក់​លេខ​១​ពិភពលោក​ជា​លើក​ទី​៣

ពេល​នេះ Djokovic ត្រូវ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ទីក្រុង Belgrade ដើម្បី​ជួយ​ក្រុម​ជម្រើស​ជាតិ​ស៊ែប​ប្រកួត​ពាន​រង្វាន់ Davis Cup ទល់​នឹង​សាធារណរដ្ឋឆេក​ ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ទៅ៕