Breaking News
Loading...
Wednesday, November 20, 2013

រថយន្ត បុកម៉ូតូពីក្រោយ បណ្តាលឲ្យស្រ្តីម្នាក់ រងរបួសធ្ងន់ និងបុរសម្នាក់ទៀត រងរបួសស្រាល


ភ្នំពេញៈ ជនរងគ្រោះ ប្តីប្រពន្ធពីរនាក់ ម្នាក់រងរបួសស្រាល និងម្នាក់រងរបួសធ្ងន់ បន្ទាប់ពីវិល មកពីស្រុកកំណើត វិញ ដោយសារតែ រថយន្តមួយគ្រឿង បើកមកបុកពីក្រោយ យ៉ាងពេញទំហឹង។ ហេតុការណ៍ នេះកើតឡើង កាលពីវេលាម៉ោង៤ និង៥០នាទី ល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតតាមបណ្តោយ ផ្លូវជាតិលេខ៣ ភូមិ ព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា សេរី២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1C-8937 ជិះគ្នា២នាក់ ប្តីប្រពន្ធ ពីត្បូងទៅជើង អ្នកបើកបរជាប្តីមានឈ្មោះ អាន ជា អាយុ៣១ឆ្នាំ និងប្រពន្ធជិះពីក្រោយ មានឈ្មោះ ជួន សៀ អាយុ៣២ឆ្នាំ ទាំង២នាក់ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈដែល អ្នកទាំង២កំពុងតែជិះម៉ូតូ លើដង ផ្លូវជាតិលេខ៣ ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក មិនចាំ ស្លាកលេខ បើកមកពីខាងត្បូងទៅជើង ស្របទិសគ្នា មកបុកពីក្រោយធ្វើឲ្យម៉ូតូ ដួលខ្ទាតទៅកណ្តាលថ្នល់ ចំណែកជនរងគ្រោះ ២នាក់ប្តីប្រពន្ធផ្លោងខ្ទាត ទៅធ្លាក់ចិញ្ចើមផ្លូវម្ខាង បណ្តាលឲ្យស្រ្តីជាប្រពន្ធ រងរបួស បែកក្បាលសន្លប់ បាត់ស្មារតីនៅកន្លែង រីឯប្តីរងរបួសស្រាល គ្រាន់តែរលាត់ដៃជើងតែប៉ុណ្ណោះ ក្រោយ កើតហេតុរថយន្ត បង្កបានបើកគេចបាត់ស្រមោល ។

ជនរងគ្រោះត្រូវបានរថយន្ត សង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូរងការ ខូចខាតបន្តិចបន្តួច ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលនគបាល សង្កាត់ភ្លើងឆេះរទេះ ៕







0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved