Breaking News
Loading...
Monday, November 11, 2013

ស​មត្ថ​កិច្ច​ខេត្តកំពង់ចាម​នៅច្រកព្រំដែន​ប្រទេសវៀតណាម ​រ​ងការចោទ​ជំរិតយកលុយ​ពីកសិករ


ខេត្តកំពង់ចាម៖ ក្នុងរដូវប្រមូលផលកសិផល និង កសិឧស្សាហកម្ម គេសង្កេតឃើញប្រជាកសិករមកពីគ្រប់ទិសទី បានដឹកដំឡូងមីតាមរថយន្តតូចធំ ព្រមទាំងជ័រកៅស៊ូស្អុយ ដឹកតាមម៉ូតូនិងរថយន្តតូចៗរាប់រយគ្រឿងក្នុង១ថ្ងៃៗ ដើម្បីយកទៅលក់នៅព្រំដែន ប្រទេសវៀតណាម មានដូចជាៈច្រកចាន់មូល ច្រកដូនរ័ត្ន និងច្រកដារ ហៅដូង៧ដើម ស្ថិតនៅស្រុកមេមត់ ។

ប្រជាពលរដ្ឋរអ៊ូរទាំថា សមត្ថកិច្ចនៅតាមច្រក បានយកលុយពីរថយន្តដឹកដំឡូង ១គ្រឿងក្នុងតម្លៃរហូតដល់ទៅ៨ម៉ឺនរៀល និងម៉ូតូដឹកជ័រកៅស៊ូ ក្នុងម៉ូតូ១គ្រឿងតំរូវឲ្យបង់រហូត ២៥.០០០ រៀលឯណោះ។ បុរសម្នាក់ឈ្មោះ ឡុង ឆាយ រស់នៅភូមិស្លា ឃុំទន្លូង ស្រុកមេមត់ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី ៩ វិច្ឆិកា២០១៣ ថាៈ រូបគាត់បានប្រមូលជ័រកៅស៊ូស្អុយ រហូតដល់ទៅស្រុកស្នួល ខេត្តក្រចេះ ដោយក្នុង១គីឡូក្រាម តម្លៃ៣.៧០០ រៀល ហើយដឹកតាមម៉ូតូយកមកលក់នៅខ្ទុំ ដីវៀតណាម ចូលតាមច្រកន់មូល ឃុំចាន់មូល ដោយលក់បាន១គីឡូក្រាម អាចកើនដល់ទៅជាង៤.០០០រៀល ផងដែរ ។ លោក ឡុង ឆាយ បានប្រាប់បន្តថា ក្នុង១ជើងៗ គាត់អាចដឹកបានជាង២០០ គីឡូក្រាម ដែលត្រូវបានប្រមូលទិញពីតាមចំការ កៅស៊ូរបស់ប្រជាពលរដ្ឋជាច្រើនកន្លែង ចំពោះមូលហេតុដែលធ្វើឲ្យរូបគាត់ សម្រេចដឹកមកលក់នៅព្រំដែននេះ ដោយសារតែមានក្រុមហ៊ុនក្នុងស្រុក ទិញក្នុងតម្លៃប្រហែលនឹងគាត់ទិញដែរ ។គាត់ទើបតែរកទិញជ័រនេះបានប្រហែល១ខែប៉ុណ្ណោះ ជាមធ្យមអាចចំណេញបានពី ៣ម៉ឺនរៀលទៅ៥ម៉ឺនរៀលក្នុង១ជើង សំរាប់យកទៅដោះស្រាយជីវភាពគ្រួសារ ។ បុរសបើកបររថយន្តដឹកដំឡូងមី១គ្រឿងចំណុះ៨តោន ចេញពីជីពឹម ឃុំទន្លូង ស្រុកមេមត់ ក៏បានប្រាប់្យដឹងដែរថា ដោយសារតែនៅតាមច្រកដារ សមត្ថកិច្ចនៅទីនោះយកថ្លៃពេក ទើបគាត់ដឹកយកមកលក់នៅតាមច្រកចាន់មូលវិញ ទោះបីជាឆ្ងាយក៏ដោយ សមត្ថកិច្ចនៅបារ៉ាសទី១ គេយកតែ៣.០០០រៀល ប៉ុណ្ណោះ ។

បុរសឈ្មោះ មុន ផល្លី អាយុ ៣២ ឆ្នាំ នៅភូមិចំការថ្មី ឃុំគគីរ ស្រុកមេមត់ ដោយមានឌុបជ័រកៅស៊ូជាង២០០ គីឡូក្រាម បែកញើសហូរតក់ៗ ក្រោមកំដៅថ្ងៃបានប្រាប់ថា គាត់បានដើរប្រមូលទិញជ័រកៅស៊ូស្អុយពីប្រជាពលរដ្ឋជាច្រើនកន្លែង ក្នុងនោះ១គីឡូក្រាមតំលៃ៣.៥០០រៀល រួចហើយនៅរសៀលថ្ងៃទី០៩ វិច្ឆិកា គាត់បានឌុបចេញដើម្បីយកមកលក់នៅច្រកដូនរ័ត្ន មានចំងាយប្រហែល២៥ គីឡូម៉ែត្រពីផ្ទះ យកមកលក់នៅព្រំដែនវៀតណាម បាន១គីឡូក្រាម តំលៃ៣៩០០ រៀលផងដែរ ។ គាត់បន្តថា នៅពេលណាដែលជ័របានថ្លៃនោះ អាចចំណេញបាន១ជើង ៧ម៉ឺនរៀល ចំពោះមូលហេតុដែលដឹកមកលក់នៅព្រំដែន ដោយសារតែមានក្រុមហ៊ុននៅក្នុងស្រុកខ្មែរ គេដើរទិញតំលៃប្រហែលនឹងរូបគេទិញដែរ ជាតំលៃថោក ហេតុដូច្នេះហើយទើបដឹកមកលក់នៅព្រំដែន តែសំរាប់ដឹក១ជើងត្រូវបង់លុយឲ្យកុងត្រូលជជុះរហូតដល់ទៅ២៥.០០០ រៀលឯណោះ ។ ប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ រកស៊ីទិញដំឡូងមី បានប្រាប់ឲ្យដឹងដែរថា គាត់បានទិញដំឡូងមីចេញពីស្រុកប្រាសាទបល័ង្គ ក្នុងខេត្តកំពង់ធំ ដឹកតាមរថយន្តប្រភេទកង់១០ លុះពេលចេញមក ត្រូវបង់ឲ្យជញ្ជីងថ្លឹងរថយន្តនៅព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តកំពង់ធំចំនួន ០២កន្លែងទៀត ដោយ១កន្លែងៗត្រូវចំណាយចំនួន ៥ម៉ឺនរៀល និងបន្តមកដល់ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ឃុំជុប ស្រុកត្បូងឃ្មុំបង់ចំនួន ១០ ម៉ឺនរៀលថែមទៀត ។ លុះនៅរសៀលថ្ងៃទី ០៩ វិច្ឆិកា ២០១៣ គាត់បានបើកមកដល់ចូលច្រកដារស្រុកមេមត់ ត្រូវបានសមត្ថកិច្ចនៅច្រកនោះ ទារបង់លុយចំនួន ៨ ម៉ឺនរៀល ។ លោកបន្តថាជួនពេលខ្លះគាត់ចំណេញ និងពេលខ្លះទៀតត្រូវខាត ព្រោះដំឡូងស្រស់ទិញមក១គីឡូក្រាមតំលៃ ៣០០រៀល ពេលមកលក់បានតំលៃ៣៤០រៀល ឫ ត្រូវឈ្មួញវៀតណាមទំលាក់ តំលៃខាតចូលដើមក៏មានដែរ ។ ចំណែកលោកនាយករដ្ឋបាលសាលាខេត្តវិញ បានប្រាប់ឲ្យដឹងដែរថា ចំពោះការនាំជ័រកៅស៊ូស្អុយចេញទៅប្រទេសវៀតណាម តាមម៉ូតូនិងរថយន្តតូចៗ ជាទង្វើខុសច្បាប់ ដែលសមត្ថកិច្ចត្រូវតែបង្ក្រាប ប៉ុន្តែត្រូវបាន លោក លន់ លឹមថៃ អភិបាលខេត្ត មានការយោគយល់មិនអនុញ្ញាតឲ្យចាប់នោះទេ ដោយគ្រាន់តែបង្វែរទិសនាំជ័យស្អុយមកចូលស្រុកវិញ ផលិតផលទៅជាជ័រកៅស៊ូក្រែប តាមបណ្តាក្រុមហ៊ុនជាមុនសិន ទើបអនុញ្ញាតឲ្យនាំចេញទៅប្រទេសវៀតណាម ។

នៅថ្ងៃទី ១២ វិច្ឆិកា ២០១៣ខាងមុននេះ អាជ្ញាធរខេត្តនឹងកោះប្រជុំជាបន្ទាន់មួយ ដើម្បីរកដំណោះស្រាយ ដោយហៅក្រុមហ៊ុនជាង ៧០ ក្រុមហ៊ុន មកចូលរួមរកយុទ្ធវិធីឲ្យ ប្រជាពលរដ្ឋក៏ដូចជាក្រុមហ៊ុន ទទួលបាននូវផលចំណេញ ជាជាងការនាំចេញជ័រកៅស៊ូស្អុយ ដោយខុសច្បាប់ និងថែមទាំងបង្កើតឲ្យមានចោរកម្មនោះថែមទៀត។ ម្យ៉ាងវិញទៀត ការនាំចេញដំឡូងមីទៅប្រទេសវៀតណាម ម្ចាស់ដំឡូងត្រូវតែមានលិខិតអនាម័យ ដោយបញ្ជាក់ពីដំឡូង មិនមានមេរោគ ទើបខាងភាគីវៀតណាមគេទិញ ហើយប្រជាកសិករនៅតាមព្រំដែន ដឹកកសិផលទៅលក់នោះមិន តម្រូវឲ្យបង់លុយទៅស្ថាប័នណាឡើយ ។ ជុំវិញករណីយកលុយពីរថយន្តដឹកដំឡូង១រថយន្ត ចំនួន៨ម៉ឺនរៀលនេះកោះសន្តិភាព បានព្យាយាមសុំការបំភ្លឺពីលោក ផ្លង់ អោន ប្រធានច្រកដារ ហៅដូង៧ដើម តែពុំអាចទាក់ទងបាននោះទេ ។យោងតាមអនុសាសន៏ដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានមានប្រសាសន៏កន្លងមកថា ដើម្បីលើកស្ទួយជីវភាពប្រជាកសិករ ឲ្យកាន់តែប្រសើរឡើងនៅទូទាំងប្រទេសកម្ពុជាពោលគឺ « រាល់ការដឹកអនុផលដំឡូងមីនេះ មិនអនុញ្ញាតឲ្យស្ថាប័នណាមួយយកលុយពីកសិករនោះទេ » ៕

 

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved