Breaking News
Loading...
Monday, November 11, 2013

ចោរ​ AK​ ប្លន់​ទូមាស​ទាំងព្រឹក​បាន​មាស ប្លាទីន​10តម្លឹង​ និង​ប្រាក់ (Update)


ខេត្តក្រចេះ ៖ គ្រឿងអលង្ការមាស និងប្លាទីនជាច្រើនតម្លឹង ព្រមទាំងប្រាក់ខ្មែរ និងប្រាក់ដុល្លារអាមេរិកជាច្រើនទៀត ត្រូវក្រុមចោរប្រដាប់ដោយកាំភ្លើងអាកា វាយកម្ទេចទូមាស និងភ្ជង់ប្លន់ទាំងព្រឹក រួចគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១០ វិច្ឆិកា នៅផ្សារកាបី នៅក្នុងភូមិគ្រញូងសែនជ័យ ឃុំឃ្សឹម ស្រុកស្នួល និងត្រូវបានគេចាត់ទុកថា គឺជាលើកដំបូងហើយ ដែលបានកើតឡើងទៅលើអាជីវករលក់មាស ប្តូរប្រាក់នៅផ្សារតំបន់ដាច់ស្រយាលមួយនេះ ។

ក្រុមចោរស្លៀកពាក់ស៊ីវិល និងប្រដាប់ដោយកាំាំភ្លើងនេះ បានវាយបំបែកកញ្ចក់ទូមាស ប្រមូលយកគ្រឿងអលង្ការ និងប្រាក់រួចគេចខ្លួនបាត់ ដោយមិនមានការផ្ទុះអាវុធ ឬបង្ករបួសស្នាមណាមួយដល់ម្ចាស់ទូមាសឡើយ ។ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធនេះ ប្តីឈ្មោះ ថា ស្រស់ អាយុ២៥ឆ្នាំ ប្រពន្ធឈ្មោះ ភី សុខា អាយុ២៥ឆ្នាំដែរ មានស្រុកកំណើតនៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម តែបានមកស្នាក់នៅប្រកបរបរលក់មាស និងប្តូរប្រាក់នៅផ្សារកាបី ក្នុងភូមិគ្រញូងសែនជ័យ ឃុំឃ្សឹម ស្រុកស្នួល ។ មន្ត្រីនគរបាលស្រុកស្នួលឱ្យដឹងថា ចោរមានគ្នាពីរនាក់ ប្រដាប់ដោយកាំភ្លើងអាកា កាត់ស្វាយ១ដើម និងពូថៅដៃ១ បានធ្វើសកម្មភាពភ្ជង់ប្លន់វាយបំបែកកញ្ចក់ទូមាស ប្រមូលយកមាស និងប្រាក់ និងរបស់របរមានតម្លៃទាំងអស់ ខណៈជនរងគ្រោះកំពុងតែរុញចេញមកមុខផ្ទះ ដើម្បីរៀបចំដាក់លក់ដូចសព្វមួយដង ។ 
ជនរងគ្រោះ រៀបរាប់ប្រាប់សមត្ថកិច្ចថា ទ្រព្យសម្បត្តិដែលបាត់បង់មានមាសទម្ងន់១ជី ប្លាទីនជិត១០តម្លឹង ប្រាក់ដុល្លារអាមេរិកចំនួន១.០០០ដុល្លារ ប្រាក់ខ្មែរចំនួន៤លានរៀល និងប្រាក់វៀតណាម ចំនួន១លានដុង ។

ប្រភពព័ត៌មានពីអាជីវករលក់ដូរនៅក្បែរនោះនិយាយថា នៅព្រឹកថ្ងៃកើតហេតុ គេឃើញមានជនពីរនាក់ស្លៀកពាក់ស៊ីវិល ពាក់ម៉ាស់បិទមុខប្រដាប់ដោយ កាំភ្លើងអាកាកាត់ស្វាយ មួយដើម បានដើរសំដៅចូលទៅរកអ្នកលក់មាស ពេលកំពុងរុញទូមាសចេញមកមុខផ្ទះ ។ ក្នុងអំពើប្លន់នេះ គឺក្រុមចោរបានធ្វើសកម្មភាពយ៉ាងរហ័ស រួចគេចខ្លួនភ្លាមៗ ។ លោកវរសេនីយ៍ត្រី ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល ឱ្យដឹងថា ក្រុមចោរបានធ្វើសកម្មភាពភ្ជង់ប្លន់តែរយៈពេលជាង១៥នាទីប៉ុណ្ណោះ ហើយបន្ទាប់ពីធ្វើសកម្មភាពបានសម្រេច ពួកគេក៏គេចចេញទៅក្រោយផ្ទះ សំដៅចូលក្នុងព្រៃដំឡូងមីគេចខ្លួនបាត់ទៅ ។ លោកអធិការបញ្ជាក់ថា បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើល ហើយរហូតមកទល់នឹងល្ងាចថ្ងៃទី១០ វិច្ឆិកា កម្លាំងជំនាញក៏កំណត់លើ មុខសញ្ញាសង្ស័យបានត្រួសៗហើយដែរ ។

នេះជាសកម្មភាពថ្មីមួយរបស់ចោរប្លន់អ្នកលក់មាស ដែលតាមការកត់សម្គាល់ ពួកចោរមិនដែលធ្វើសកម្មភាពប្លន់ដោយចៃដន្យនោះទេ គឺពិតជាមានគម្រោងការតាមឃ្លាំមើលច្រើនថ្ងៃមកហើយ ទើបសម្រេចធ្វើសកម្មភាព ដោយបានគិតទុកជាមុន ៕









0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved