Breaking News
Loading...
Monday, November 11, 2013

ស្រវឹង​ឱប​កូន​ស្រី​ម្ចាស់​​​​ហាង ក្លាយ​​ជា​ជម្លោះ​​គ្នា​បែក​​ផ្សែង ម្ចាស់​​​ហាង​​ជាប់​ឃុំ​​​អស់​1​យប់


ខេត្តឧត្តរមានជ័យ ៖ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៥ វិច្ឆិកា នៅក្នុងអាហារដ្ឋានយីហោ ជំនោរត្រជាក់បឹងកណ្តែក ស្ថិតក្នុងភូមិកណ្តែក ស្រុកសំរោង កើតមានជម្លោះគ្នាមួយរវាងភ្ញៀវ និងម្ចាស់ហាងបណ្តាលឱ្យ មនុស្សប្រុសស្រី២នាក់ រងរបួសធ្ងន់និងស្រាលត្រូវបាន ប៉ូលិសស្នងការដ្ឋាននគរបាលខេត្ត ចាប់ម្ចាស់ហាងទាំងប្តីប្រពន្ធនិងកូន២នាក់ រួមទាំងបុគ្គលិកម្នាក់ នាំយកទៅឃុំខ្លួន ចំណែកបុរសជាភ្ញៀវរបួសបែកក្បាលដេរ ៦ថ្នេរកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។

បើតាមម្ចាស់ហាងឈ្មោះ គឹម ដា ភេទស្រី អាយុ៤១ឆ្នាំ និងប្តីឈ្មោះ ឈឹម គុន្ធា អាយុ៤៦ឆ្នាំ បានរៀបរាប់ថា អាហារដ្ឋានជំនោរត្រជាក់បឹង កណ្តែកមានទទួលធ្វើបាយម្ហូប និងគ្រឿងក្លែម និងមានដាក់ជាបន្ទប់សម្រាប់ច្រៀង សប្បាយនាពេលរាត្រីផងដែរ និងមានស្ត្រីបម្រើរត់តុ៤ទៅ៥នាក់ ។ នៅថ្ងៃកើតហេតុមានភ្ញៀវចូលមកហូបចុកផឹកសុីចំនួន៥តូប ស្រាប់តែឃើញឈ្មោះ ព័ទ្ធ សារឿន ហៅកុយ ភេទប្រុស អាយុ៣៤ឆ្នាំ ជាទាហាននៅអង្គភាពកងពលធំអន្តរាគមន៍លេខ២ មានគ្នីគ្នាចំនួន៤នាក់ និងមានសភាពស្រវឹងជោកជាំពីនាយមក បានចូលមករកច្រៀងខារ៉ាអូខេ ពេលនោះរូបគាត់ជាម្ចាស់ហាង បានឱ្យអ្នករត់តុរៀបចំបន្ទប់ ស្រាប់តែជននេះបានបោកក្បាលមេក្រូហ្វូន និងស្ទុះមកចាប់អោប កូនស្រីរបស់គាត់ឈ្មោះ ឈឹម ចន្ទ្រា អាយុ២៥ឆ្នាំ ហើយកូនស្រីគាត់បានរើបម្រះ និងមានការប្រតាយប្រតប់គ្នា ហើយឈ្មោះ ព័ទ្ធ សារឿន ហៅកុយ បានដួលទៅលើរណ្តៅ ដែលមានអំបែងដបមុតក្បាលហូរឈាម ។ បន្ទាប់មករូបគាត់បានទូរស័ព្ទ ទៅប៉ូលិសខេត្តឱ្យជួយអន្តរាគមន៍ តែខណៈពេលប៉ូលិសមកដល់បែរ ជាមិនធ្វើអន្តរាគមន៍ដល់ជនបង្កនោះទេ ស្រាប់តែមកឃាត់ខ្លួនពួកគាត់ជាម្ចាស់ហាងទាំងប្តីប្រពន្ធ និងកូនចំនួន៤នាក់យកទៅដាក់ច្រវាក់ ជើងរហូតមកទល់ល្ងាចថ្ងៃទី៦ វិច្ឆិកា នៅមិនទាន់លែងនៅឡើយ ។

មន្ត្រីប៉ូលិសម្នាក់បានឱ្យដឹងថា នៅអាហារដ្ឋានជំនោរត្រជាក់បឹងកណ្តែក មានភ្ញៀវចូលទៅច្រៀង ហើយបានអុកឡុកនៅទីនោះ ទើបកើតមានជម្លោះគ្នា បន្ទាប់មកម្ចាស់ហាងបានទូរស័ព្ទ រាយការណ៍មកប៉ូលិសឱ្យជួយអន្តរាគមន៍ ពេលប៉ូលិសមកដល់ ស្រាប់តែឃើញភ្ញៀវបែកក្បាល ចំណែកនារីឈ្មោះ ឈឹម ចន្ទ្រា ដែលជាកូនម្ចាស់ហាងរបួសដៃស្តាំធ្ងន់ធ្ងរផងដែរ ។ ពេលនេោះសមត្ថកិច្ចនគរបាលបាននាំខ្លួនម្ចាស់ហាងមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ ចំណែកភ្ញៀវដែលរបួសកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំចាត់ការទៅតាមនីតិវិធី ។ ក្រុមគ្រួសារម្ចាស់ហាងត្រូវបាន ដោះលែងវិញនៅថ្ងៃទី ៦ វិច្ឆិកា។
អង្គហេតុនេះបានបង្ហាញថា រឿងដែលកើតឡើង គឺដោយសារតែការស្រវឹងស្រានេះឯង ៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved