ក្រុម​ជើង​ឯក​លីក​៤​សម័យ ភ្នំពេញ​ក្រោន ​នឹង​ចេញ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​ ណាងនីង ​ប្រទេស​ចិន​​​នៅ​ថ្ងៃ​​​ទី​​១៤​វិច្ឆិកា​​ស្អែក​នេះ​ដើម្បី​ចូល​រួម​ក្នុង​ពាន​រង្វាន់​ Huanglongju Real Estate Cup ​​នៅ​ទី​នោះ។ ​នេះ​បើ​តាម​​​ការ​រាយការណ៍​​​​​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្លិប​​នៅ​មុន​នេះ​​បន្តិច។

​ប្រភព​ថា​ក្រុម ខ្លាំង​របស់​កម្ពុជា​​​​ស្ថិត​នៅ​ពូល B ​ជាមួយ​ក្រុម​​ម្ចាស់​ផ្ទះ​​ Guangxi Nanning Runhua FC ​និង​ក្រុម​យុវជន​​​​មួយ​ផ្សេង​ទៀត​​ទៅ​​ពី ឡាវ ខណៈ​ដែល​ពូល A ​មាន​ក្រុម Lang Son City ​របស់​​វៀតណាម Changwon របស់​កូរ៉េ​ និង​ក្រុម Guangxi Huanglongju FC ​របស់​​ចិន​។

​ការ​ជម្រុះ​ក្នុង​ពូល​ ភ្នំពេញ​ក្រោន ​ត្រូវ​ប៉ះ​ក្រុម Guangxi Nanning Runhua FC ​នៅ​​ថ្ងៃ​សុក្រ​ទី​១៥​វិច្ឆិកា​ខាន​ស្អែក​ ហើយ​នឹង​បន្ត​​មួយ​ប្រកួត​ទៀត​​​​ពោល​តទល់​ជាមួយ​ក្រុម​ ​ឡាវ នៅ​សៅរ៍​ទី​១៦​វិច្ឆិកា​​លើ​​ទីលាន​កីឡដ្ឋាន​​ Nanning Stadium ដែល​ការ​ប្រកួត​​ទាំង​២​ថ្ងៃ​នោះ ​​នឹង​​ចាប់​ផ្ដើម​ពី​ម៉ោង​៣​រសៀល​ដូច​គ្នា​។

​​ការ​​ឆ្ពោះ​​កាន់​ពាន​រង្វាន់​ក្រៅ​ស្រុក​ជើង​នេះ​​​ អាច​និយាយ​បាន​ថា​ជា​​ត្រៀម​​មួយ​​ផ្នែក​ថែម​ទៀត​​ មុន​ពេល​​ដែល​ការ​ប្រកួត​​​បាល់​ទាត់​ក្របខ័ណ្ឌ​កំពូល​​កម្ពុជា ​គ្រោង​នឹង​ចាប់​​ផ្ដើម​​នៅ​​ខែ​មករា​ខាង​​មុខ៕

អត្ថបទ​៖ ប៉ែន សុផាន់ណា​
ប្រភព៖ PPC FB​