Breaking News
Loading...
Thursday, November 14, 2013

ស្លឹក​ម្រុំ​មាន​ប្រយោជន៍​ដល់​សុខភាព​អ្វីខ្លះ​?


​ដើម​ម្រុំ​ត្រូវបាន​គេ​ស្គាល់​ថា​ជាដើម​ដំបង​វាយ​ស្គរ​ដែល​មាន​ការលូតលាស់​យ៉ាង​ច្រើន​នៅ​ភ្នំ​ហេ​ម៉ាឡៃ​នៃ​ប្រទេស​ឥណ្ឌា​បែក​ខាងជើង​។ រុក្ខជាតិ​មួយ​នេះ​គឺ​សម្បូរ​ទៅដោយ​ជីវជាតិ​ដ៏​មានតម្លៃ​យ៉ាងច្រើន​ផងដែរ​។ ពិតណាស់ អ្នកស្រាវជ្រាវ​ផ្នែក​សុខភាព​បានចាប់ផ្តើម​អោយឈ្មោះ​វា​ថា “​ដើមឈើ​ផ្តល់​សំណាង​” និង “​ទឹក​អម្រិត​សម្រាប់​ជីវិតដ៏​យូរអង្វែង​” ដោយសារ​តែ​វា​មាន​សមត្ថភាព​ក្នុង​ការជួយ​អោយ​របួស​ឆាប់​ជា​យ៉ាង​អស្ចារ្យ​។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព​មួយចំនួន​របស់​ស្លឹក​ម្រុំ​។

ជា​អង់​ទី​អុក​ស៊ីដង់ (​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​)
​បើ​យោង​ទៅ​តាម​ការវិភាគ​បានអោយដឹងថា ស្លឹក​ម្រុំ​ដោយ​មាន​ថាមពល​មួយ​នេះ ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ី​ដង់​ចំនួន ៤៦​ប្រភេទ​។ តាមពិត ស្លឹក​ម្រុំ​ផ្ទុក​ទៅដោយ​ចំនួន​វីតាមីន C ដែល​ស្មើនឹង​ចំនួន​ណែនាំ​អោយ​ប្រើប្រាស់​រហូត​ដល់ ២២​ភាគរយ​ឯណោះ ដែល​ជា​អង់​ទី​អុក​ស៊ីដង់ដ៏​សំខាន់​បំផុត​នៅ​លើ​ផែនដី​នេះ ហើយក៏​មាន​វីតាមីន A ដែល​ស្មើនឹង​ចំនួន​ណែនាំ​អោយ​ប្រើប្រាស់​រហូត​ដល់ ២៧២​ភាគរយ​ដែរ​។ អង់​ទី​អុកស៊ី​ដង់​ជួយ​បន្សាប់​ឥទ្ធិពល​អាក្រក់​របស់​រ៉ាឌីកាល​សេរី​បាន ដូច្នេះ​វា​នឹង​ជួយ​កាត់បន្ថយ​ការកើត​ជំងឺមហារីក និង​ជំងឺ​ផ្សេងៗ​បាន​ដូច ជំងឺ​ភ្នែក Macular Degeneration និង​ជំងឺ Cystic Fibrosis​។​

សម្បូរ​ទៅដោយ​អាស៊ីតអាមីណេ​
ស្លឹក​ម្រុំ​ផ្ទុក​ទៅដោយ​អាស៊ីតអាមីណេ​ចំនួន ១៨ ហើយ ៨​ក្នុងចំណោម​នោះ​គឺជា​អាស៊ីតអាមីណេ​ដ៏​សំខាន់​ដើម្បី​បង្កើតបានជា​ប្រូតេអ៊ីន​ពេញលេញ​មួយ​បាន​។ ពិតណាស់ ប្រូតេអ៊ីន​របស់​ស្លឹក​ម្រុំ​គឺជា​ប្រភព​ដ៏​អស្ចារ្យ​ខ្លាំងណាស់​។ រាងកាយ​ត្រូវការ​ប្រូតេអ៊ីន​សម្រាប់​បង្កើត​ជា​សាច់ដុំ​, ឆ្អឹង​ខ្ចី​, ឆ្អឹង​, ស្បែក និង​ឈាម ហើយ​វា​ក៏​ជា​តម្រូវការ​សម្រាប់​បង្កើត​ជា​អង់ស៊ីម និង​អ័រម៉ូន​ផងដែរ​។

កាល់ស្យូម និង​ម៉ាញ៉េ​ស្យូម​
​ការ​ទទួលទាន​ស្លឹក​ម្រុំ​នឹង​ផ្តល់​អោយ​យើង​នូវ​ជាតិ​កាល់ស្យូម​ដែល​ស្មើ​នឹង​ចំនួន​ណែនាំ​អោយ​ទទួលទាន​រាល់ថ្ងៃ​យ៉ាងហោចណាស់ ១២៥​ភាគរយ និង​ម៉ាញ៉េ​ស្យូម ៦១​ភាគរយ​។ ជាតិ​រ៉ែ​ទាំង​ពីរ​ប្រភេទ​នេះ​ត្រូវ​ការធ្វើការ​ជាមួយគ្នា ដោយ​កាល់ស្យូម​ជា​តម្រូវការ​សម្រាប់​បង្កើត​ឆ្អឹង និង​ធ្មេញ ហើយ​យើង​ក៏​ត្រូវការ​ម៉ាញ៉េស្យូម​សម្រាប់បឺត​ស្រូបជាតិកា​ល់​ស្យូម​ផងដែរ​។ ចាប់តាំងពី​ស្លឹក​ម្រុំ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ទាំងពីរ​នេះ​ដ៏​ច្រើន​មក វា​ពិតជា​ពិសេស​សម្រាប់​អ្នកជំងឺ​ពុក​ឆ្អឹង និង​ជំងឺ​ឆ្អឹង​ផ្សេងៗ​ទៀត​ណាស់​។

ពោរពេញ​ទៅដោយ​ជីវជាតិ​យ៉ាងច្រើន​
ស្លឹក​ម្រុំ​ផ្ទុក​ទៅដោយ​ជីវជាតិ​ខុសៗ​គ្នា​ចំនួន ៩០​ប្រភេទ ដោយ​ក្នុង​នោះ​មាន​ជាតិ​កាលស្យូម​ច្រើនជាង​ទឹកដោះគោ ៤​ដង​, ប៉ូ​តា​ស្យូម​ច្រើនជាងចេក ៤​ដង​, វីតាមីន A ច្រើន​ជាង​ការ៉ុត ៤​ដង​, វីតាមីន B3 ច្រើនជាង សណ្តែកដី ៥០​ដង​, ម៉ាញ៉េស្យូម​ច្រើន​ជាង​ស៊ុត ៣៦​ដង និង​ជាតិ​ដែក​ច្រើនជាង​ស្ពៃ Spinach ២៥​ដង​។ វា​ក៏​ផ្ទុក​ទៅដោយ​ជីវជាតិ​បន្ថែម​ច្រើន​ទៀត​ទៅ ដូចជា​ជាតិ​សរសៃ​, ជាតិ​អ៊ីយ៉ូត​, សារធាតុ Lutein, ស័ង្គសី​, សេ​ឡេ​ញ៉ូម​, សារធាតុ Zeatin និង Beta-carotene​។

ផល​ជីវជាតិ​ចិញ្ចឹម​ដល់​ស្បែក​
ដោយសារ​តែ​វា​ផ្ទុក​ទៅដោយ​ជាតិ​រ៉ែ​ច្រើន ធ្វើអោយ​ស្លឹក​ម្រុំ​ក្លាយទៅជា​អាហារ​ដែល​ផ្តល់​ជីវជាតិ​ដ៏​អស្ចារ្យ​សម្រាប់​ចិញ្ចឹម​ដល់​ស្បែក​បាន​។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន​កែ​សម្ផស្ស​កាន់តែច្រើន​កំពុងតែ​បញ្ចូល​ទឹក​ដែល​ចម្រាញ់​ចេញពី​ស្លឹក​ម្រុំ​ចូលទៅក្នុង​ផលិតផល​របស់​ខ្លួន​។ ក្រែម និង​ឡូ​សិន​ស្លឹក​ម្រុំ​អាច​លាប​លើ​ស្បែក​ដើម្បី​អាច​ជួយ​ចិញ្ចឹម និង​ផ្តល់​សារធាតុ​ដល់​ស្បែក​បាន​។

​ការ​ទទួលទាន​ស្លឹក​ម្រុំ​ជា​ទៀងទាត់​ក៏មាន​ទំនាក់ទំនង​ក្នុង​ការបញ្ចុះ​សម្ពាធ​ឈាម​, ពង្រឹង​ដល់​ការរំលាយ​អាហារ និង​សតិអារម្មណ៍​, បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​, សម្បូរ​ជាតិ​សរសៃ ព្រមទាំង​ជួយ​សម្រក​ទម្ងន់​ទៀតផង​៕

 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved