នៅតាមបណ្ដាញសង្គម និងគេហទំព័រអ៊ីនធឺណិតរបស់វៀតណាមកំពុងត្រូវបានអ្នកអានចូលទៅសម្ដែងទុក្ខក្រៀមក្រំ បន្ទាប់ពីអតីតមេទាហានជាន់ខ្ពស់វៀតណាមជំនាន់ហូជីមិញដែលត្រូវបានប្រជាជនវៀតណាមចាត់ទុកថាវីរបុរសសង្គ្រាមប្រឆាំងបារាំង និងអាមេរិក លោកឧត្ដមសេនីយ៍ Vo Nguyen Giap បានទទួលមរណភាពក្នុងវ័យ ១០២ឆ្នាំ កាលពីថ្ងៃសុក្រ។
លោកឧត្ដមសេនីយ៍ Vo Nguyen Giap គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលសំខាន់ៗជាច្រើននាក់ទៀតនៅសតវត្សទី២០ ដែលត្រូវបានគេប្រសិទ្ធិនាមថា “ណាប៉ូលៀនក្រហម” ឬ “Red Napolean” បានទទួលមរណភាពនៅមន្ទីរពេទ្យយោធាមួយក្នុងទីក្រុងហាណូយ។
លោកឧត្ដមសេនីយ៍ជើងចាស់ម្នាក់នេះ ត្រូវបានប្រជាជនវៀតណាមសរសើរពីវីរភាព និងជំនាញខាងធ្វើសង្គ្រាមទ័ពព្រៃសម័យសង្គ្រាមបារាំង និងអាមេរិក។
លោក John McCain អតីតបេក្ខជនប្រធានាធិបតីអាមេរិក និងជាអតីតអ្នកបើកបរយន្តហោះឱ្យកងទ័ពអាមេរិកសម័យសង្គ្រាមវៀតណាមដែលត្រូវកងទ័ពវៀតណាមចាប់ធ្វើជាឈ្លើយសង្គ្រាម បានអះអាងថា ៖ ”អតីតមេបញ្ជាការកងទ័ពពោរពេញដោយវីរភាពម្នាក់នេះ គឺជាអ្នកយុទ្ធសាស្ត្រសង្គ្រាមដ៏អស្ចារ្យម្នាក់ ហើយលោកក៏ធ្លាប់ប្រាប់ខ្ញុំថា យើងជាសត្រូវប្រកបដោយកិត្តិយសម្នាក់”។
លោកហូជីមិញ (ពាក់មួកស អាវ និងខោសខាងឆ្វេង) លោក Giap ទីពីរ (រាប់ពីឆ្វេង) ឆ្នាំ១៩៧៥
លោក Phan Huy Le អ្នកប្រវត្តិសាស្ត្រវៀតណាម បានអះអាងដែរថា លោក Giap ដែលបានធ្វើឱ្យបារាំងបរាជ័យនៅសមរភូមិឌៀនប៊ៀនភូភាគខាងជើងវៀតណាមក្នុងឆ្នាំ១៩៥៤ គឺជាអ្នកចេះយុទ្ធសាស្ត្រសង្គ្រាមដ៏អស្ចារ្យម្នាក់ និងជាឧត្ដមសេនីយ៍ដ៏ល្បីបំផុតម្នាក់ដែលមិនមែនតែនៅវៀតណាមនោះទេ គឺនៅក្នុងប្រវត្តិសាស្ត្រពិភពលោកតែម្ដង។
តាមឯកសារបានរៀបរាប់ថា លោកឧត្ដមសេនីយ៍ Vo Nguyen Giap កើតនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩១១ ដែលពីដំបូងឡើងលោកគ្រាន់តែជាកូនទាហានដែលរៀនចំណេះដឹងសឹកសង្គ្រាមដោយខ្លួនឯង។ ក្រោយមកលោកបានទទួលជោគជ័យជាបន្តបន្ទាប់ក្នុងសមរភូមិ បានក្លាយជាមេបញ្ជាការកងទ័ព និងក្រោយមកទៀតបានក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម។
លោក បានលាលែងពីតំណែងនេះនៅឆ្នាំ១៩៨០ និងបានឈប់ប្រឡូកក្នុងឆាកនយោបាយនៅឆ្នាំ១៩៩១។ អតីតឧត្ដមសេនីយ៍ម្នាក់នេះ ក៏ជាអ្នកខ្នះខ្នែងបញ្ហាបរិស្ថានខ្លាំងណាស់ដែរ។ លោកក៏ជាបុគ្គលម្នាក់ដែលជំរុញឱ្យប្រទេសវៀតណាមផ្សារភ្ជាប់ទំនាក់ទំនងជាមួយអាមេរិកឡើងវិញ ពោលគឺនៅឆ្នាំ១៩៩៥ ប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការ។
លោកធ្លាប់មានប្រសាសន៍កាលពីឆ្នាំ២០០០ ថា ៖ “យើងអាចដាក់អតីតកាលនៅខាងក្រោយខ្នងយើងបាន តែយើងមិនអាចបំភ្លេចទាំងស្រុងបាននោះទេ”៕
0 comments:
Post a Comment