មាន​​មតិ​​ជា​ច្រើន​​​ក្នុង​បណ្ដាញ​សង្គម​​ឬ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​​ថា​ ​ក្លិប​ថ្មី​ដែល​ទើប​បង្កើត​​នា​​ចុង​ឆ្នាំ​មុន​​ ​TriAsia Phnom Penh FC គឺ ​ជា​ក្លិប​អ្នក​​មាន​ និង​ ហ៊ាន​ឲ្យ​​​ប្រាក់​ខែ​កីឡាករ​ខ្ពស់ៗ​​​​​ថ្វី​បើ​មិន​ទាន់​ឡើង​មក​ដល់​ ក្របខ័ណ្ឌ​កំពូល​ក៏​ដោយ។ ​​ដើម្បី​ឲ្យ​អស់​ចម្ងល់​យើងខ្ញុំសូម​នាំ​បទ​សម្ភាសន៍​ជា​មួយ​ប្រធាន​​ក្លិប​នេះ​ជូន​មិត្ត​អ្នក​អាន​ដូច​ខាង​ក្រោម៖

Sabay៖ ​ប្រិយមិត្ត​បាល់ទាត់​ជា​ច្រើន​​​នៅ​កម្ពុជា​កម្រ​ឃើញ​លោក​ទៅ​ទស្សនា​ បាល់ទាត់​លីក​កំពូល​នៅ​កម្ពុជា​ណាស់​ ​ហេតុ​អ្វី​បាន​លោក​ចាប់​អារម្មណ៍​បង្កើត​ក្លិប​នេះ​ឡើង?

Tomoyuki Yokoi ៖​ វា​មិន​សំខាន់​ទេ​​​ថា​​ខ្ញុំ​បាន​ទៅ​មើល​ញឹកញាប់​ប៉ុណ្ណា​នោះ​ ​ប៉ុន្តែ​ ខ្ញុំ​ស្រលាញ់​បាល់ទាត់។ ទោះ​យ៉ាង​​ណា​ ខ្ញុំ​បាន​ទៅ​​​​ទស្សនា​​បាល់ទាត់​ខ្មែរ​បាន​ប្រហែល​ពីរ​បី​ប្រកួត​ដែរ​​មុន ​ឈាន​ទៅ​ដល់​ការ​បង្កើត​ក្លិប។ ខ្ញុំ​​យល់​ឃើញ​ថា​ ​កីឡាករ​ខ្មែរ​ និង​ បាល់ទាត់​ខ្មែរ​មាន​សក្ដានុពល។ ​​នេះ​ជា​​​​ការ​រួម​ចំណែក​ដើម្បី​ជួយ​អភិវឌ្ឍន៍​​បាល់ទាត់​បន្ថែម។


ក្រុម TriAsia PP FC (រូបថត៖ FB TriAsia PP FC)

Sabay៖ ចុះ​​បើ​ក្លិប​របស់​លោក​​មិន​អាច​​ឡើង​មក​កាន់​លីក​​កំពូល​​បន្ទាប់​ពី​​ ជម្រុះ​​​នៅ​​ពាក់កណ្ដាល​ខែ​តុលា​នោះ ​លោក​គិត​​យ៉ាង​ម៉េច​វិញ?

Tomoyuki Yokoi ៖ ​ យើង​អត់​មាន​វិធី​អ្វី​ក្រៅពី​​​ ​ការ​ព្យាយាម​ម្ដង​ទៀត​ឡើយ។​ ​យើង​នឹង​​រៀប​ចំ​ក្រុម​ឡើង​វិញ​ដើម្បី​ឲ្យ​បាន​ល្អ​ជាង​នេះ​បើ​សិន​​​មិន​បាន​ឡើង​មក​នៅ​ឆ្នាំ​២០១៤​ ហើយ យើង​នៅ​តែ​មាន​សង្ឃឹម​ឡើង​មក​លេង​ ​លីក​​កំពូល​កម្ពុជា​បាន។

Sabay៖​ ​​ចុះ​ប្រសិន​​បើ​​ប្រកួត​ជម្រុះ​​ចប់​​​នា​ពាក់​កណ្ដាល​ខែ​ តុលា​ខាង​មុខ​ តើ​ក្លិប​​មាន​គម្រោង​អ្វី​បន្ថែម​ទៀត?

Tomoyuki Yokoi៖​ ​គម្រោង​ គឺ​​​រៀប​ចំ​ក្រុម​​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​ដើម្បី​​ឲ្យ​មាន​ការ​ប្រកួត​ ប្រជែង​ខ្ពស់។ ​​​​​ជាង​នេះ​​ទៅ​ទៀត​ បើ​យើង​ឡើង​​ដល់​លីក​ យើង​​​មាន​គម្រោង​​​សាងសង់​ទីលាន​ខ្លួន​ឯង​​ នៅ​ឆ្នាំ​២០១៤​ ​​តែ​មិន​ទាន់​ដឹង​​ពី​ទី​កន្លែង​ច្បាស់​លាស់​​នៅ​ឡើយ​​ទេ​នា​ពេល​​នេះ។​ ​ ខ្ញុំ​មិន​ទាន់​ច្បាស់​​​ថា​​ ខែ​ណា​ទេ​ ប៉ុន្តែ​​អាច​​ចាប់​ផ្ដើម​នៅ​ខែ​​ណា​មួយ ឬ​ ចុង​ឆ្នាំ​​ឆ្នាំ​​២០១៤។ ​ផ្ទុយ​ទៅ​វិញ​ បើ​អត់​ជាប់​យើង​អត់​​ទាន់​មាន​គម្រោង​បង្កើត​ទីលាន​ខ្លួន​​​ឯង​ឡើយ។ ជាមួយ​គ្នា​នេះ​ ខ្ញុំ​មាន​គម្រោង​បង្កើន​​​ថវិកា​ដើម្បី​ទ្រទ្រង់​ក្លិប​ និង​ ស្វែង​រក​​ប្រាក់​អ្នក​​​ឧបត្ថម្ភ​បន្ថែម​។

Sabay៖ ឮ​ថា​ Albirex Niigata​ ​របស់​ សិង្ហបុរី​ ដែល​​​មាន​មូលដ្ឋាន​ដើម​នៅ​ ប្រទេស​ ជប៉ុន​​នោះ​គ្រោង​មក​បង្កើត​សាខា​នៅ​ស្រុក​ខ្មែរ​ តើ​លោក​​មាន​​ទំនាក់ទំនង​​ជា​មួយ​ក្លិប​នេះ​ដែរ​ ឬ​ យ៉ាង​ណា?

​​Tomoyuki Yokoi៖
ខ្ញុំ​មាន​ទំនាក់ទំនង​​តិច​​តួច​ប៉ុណ្ណោះ។ ​ខ្ញុំ​អត់​​មាន​ពាក់ព័ន្ធ​នឹង​ក្រុម​នេះ​ទេ​ ហើយ​ ​ខ្ញុំ​គិត​​តែ​ធ្វើ​ម៉េច​ដើម្បី​អភិវឌ្ឍ​ក្លិប​របស់​ខ្ញុំ​ឲ្យ​ដើរ​ទៅ​មុខ។​ ខ្ញុំ​មិន​ជ្រៀត​ជ្រែក​​ការងារ​របស់​គេ​នោះ​ទេ។

Sabay៖ ចុះ​ល្បី​ថា​ ​ក្លិប​របស់​លោក​​ជា​ក្លិប​អ្នក​មាន ហើយ​ ហ៊ាន​​ឲ្យ​ប្រាក់​ខែ​កីឡាករ​ច្រើន ​តើ​​ជា​ការ​ពិត​ឬ?

​Tomoyuki Yokoi៖ ​មិន​មែន​ដូច្នេះ​ទេ។ តាម​ពិត​​ ​ខ្ញុំ​មាន​ការ​លំបាក​ណាស់​​ក្នុង​ការ​រក​អ្នក​ឧបត្ថម្ភ​ជួយ​​ដល់​ក្លិប។​ ​ ​​បើ​សិន​ខ្ញុំ​មាន​ ​ខ្ញុំ​មិន​បាច់​ទៅ​ស្វែង​រក​​អ្នក​ឧបត្ថម្ភ​បន្ថែម​នោះ​ទេ​ទាំង​នៅ​កម្ពុជា និង ប្រទេស​ជប៉ុន។ ​​​ប៉ុន្តែ​ នេះ​ជា​ការងារ​មួយ​ដែល​ខ្ញុំ​ពេញ​ចិត្ត​ដើម្បី​ទ្រទ្រង់​ក្លិប​របស់​ខ្ញុំ។ ​​ក្លិប​​របស់​ខ្ញុំ​​​ ​នឹង​កាន់​តែ​ធ្វើ​ឲ្យ​​មាន​ការ​ប្រកួត​ប្រជែង​​ដ៏​ស្រួច​ស្រាល់​​នា​​ថ្ងៃ​អនាគត​​​ខាង​ មុខ​មិន​ខាន​នៅ​កម្ពុជា។

លោក Tomoyuki Yokoi កាល បង្កើត ក្លិប កាល ខែ ធ្នូ ២០១២

​​
TriAsia Phnom Penh F.C គឺ​ជា​ក្រុម​​​ជើង​ឯក​​ក្នុង​ក្របខ័ណ្ឌ​​ ​”ក១”​​ ឆ្នាំ​​២០១៣​ ​នេះ​ក្រោយ​យក​ឈ្នះ​ ក្រុម​ខេត្ត​តាកែវ​ ២-០ ​ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ​​​​​ចាប់​​ពី​ថ្ងៃ​ទី​ ​១២ តុលា​ខាង​មុខ​​ ​ក្រុម​​នេះ​នឹង​ប្រកួត​​ជម្រុះ​​​​វិល​ជុំ​ទល់​នឹង​​ក្រុម​​​ ព្រឹទ្ធសភា ​អាស៊ីអឺរ៉ុប ​និង​ ​តាកែវ​ ​នៅ​ពហុកីឡដ្ឋាន​ជាតិ​ដើម្បី​​ដណ្ដើម​កៅអី​ឡើង​ទៅ​លេង​​​ក្របខ័ណ្ឌ​ មិត្តហ្វូនខេមបូឌានលីក​ ​​រដូវ​កាល​ក្រោយ។ ​ក្រុម​នេះ​ត្រូវ​បាន​​បង្កើត​ឡើង​នៅ​​ខែ​ ធ្នូ​ ​ឆ្នាំ​២០១២ ​ដែល​មាន​​​​​ក្រុម​ហ៊ុន​ ​ TriAsiaGroup និង Soken Cambodia Co.LTD ជា​អ្នក​ឧបត្ថម្ភ​ធំ។

តើ​ TriAsia  អាច​ឡើង​មក​កាន់​លីក​កំពូង​ឬ​យ៉ាង​នា​រដូវ​កាល​ឆ្នាំ​២០១៤​ ខាង​មុខ?