Smartphone ស៊េរី​​ក្រោយ​ដែល​ពុំ​ទាន់​មាន​ការ​ប្រកាសជា​​ផ្លូវការ​នៅ​ឡើយ​ពី​ក្រុមហ៊ុន ទាំង Samsung Galaxy S5 និង Nexus 5 ហាក់​ធ្វើ​ឱ្យ​បណ្ដា​សាធារណជន​មាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។

អាន៖  Google ថា​កាមេរ៉ា​លើ​Nexus នឹង​អស្ចារ្យ​ជាង​នេះ

រូប​ដែល​បាន​បែក​ធ្លាយ LG Nexus 5

​ចាប់​និយាយ​ពី Nexus 5 មុន ដែល​​ម៉ូដែល​ស៊េរី​ថ្មី​នេះ​នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​ចុង​ក្រោយ​របស់ Google គឺ Android 4.4 KitKat ហើយ​មាន​អេក្រង់ True HD IPS Plus capacitive touchscreen ទំហំ ៥អ៊ីញ។ មាន​ការ​រំពឹង​ថា Smartphone ថ្មី​របស់ LG ​​នឹង​មាន​កាមេរ៉ា 8MP​ បំពាក់ CPU ​​ប្រភេទ Quad-core ល្បឿន 2.3GHz, RAM ទំហំ 3GB និង​មាន Memory ម៉ាស៊ីន 16GB/32GB។ ពិសេស​នោះ Nexus 5 នឹង​ប្រើ​ប្រព័ន្ធ​បណ្ដាញ LTE-A ដែល​នឹង​ជួយ​បង្កើន​ល្បឿន​ប្រើប្រាស់​អ៊ីនធឺណិត​បាន​លឿន។ គេ​រំពឹងថា Nexus 5 នឹង​បង្ហាញ​វត្តមាន​ផ្លូវការ​មុន​ដាច់​ខែ​តុលា​នេះ។

សូម​ទស្សនា​វីដេអូ Nexus 5 ដូច​ខាង​ក្រោម៖

ងាក​មក​មើល​កំពូល Smartphone ដែល​ឮ​តែ​ឈ្មោះ​មិន​ទាន់​មាន​រូបរាង​ពិត​ប្រាកដ​របស់ Samsung វិញ​ម្ដង គឺ Galaxy S5។ លើក​នេះ ហាក់​ខុស​ប្លែក​ពី​ការ​ប្រកាស​ជំនាន់ Galaxy ចេញ​ថ្មី​ខុស​ពេល​គ្នា​នឹង​លើក​មុនៗ។ តាម​សេចក្ដី​រាយការណ៍​ថ្មីៗ​នេះ​ឱ្យ​ដឹង​ថា Samsung គ្រោង​ប្រកាស Galaxy S5 នៅ​ដើម​ឆ្នាំ២០១៤​ខាង​មុខ។

អាន៖ Galaxy S5 មិន​ជ្រាប​ទឹក​ និង​ធូលី​បែក​ព័ត៌មាន!

រូប​គំរូ Galaxy S5

តាម​គេហទំព័រ​កូរ៉េ naver បាន​អះអាង​ថា Samsung នឹង​បង្ហាញ Galaxy ជំនាន់​ថ្មី​នៅ​ខែ​មករា ឆ្នាំ២០១៤ គឺ​អំឡុង​ពិព័រណ៍​អេឡិចត្រូនិក CES 2014 ហើយ​អាច​បន្ត​តាំង​បង្ហាញ​នៅ​សមាជ​ទូរសព្ទ​ពិភពលោក MWC 2014។ បន្ទាប់​មក ចេញ​លក់​នៅ​អំឡុង​ខែ​មិនា ឬ​មេសា។

ចំណុច​ពិសេស​ដែល​រំពឹង​មាន​នៅ​លើ S5 គឺ​ល្បី​ថា ​នឹង​មាន​កាមេរ៉ា​ធំ​ជាង​ស៊េរី​មុនៗ​ពោល​គឺ 16MP ហើយ​មាន​សម្បក​រឹងមាំ​ជាង​មុន​ព្រោះ​នឹង​ប្ដូរ​ពី​ការ​ប្រើ​សារធាតុ​ប្លាស្ទិក មក​ជា​លោហធាតុ​វិញ។ កំពូល Smartphone ថ្មី​នេះ​នឹង​ប្រើ Exynos 64-bit processor របស់ Samsung ផ្ទាល់​មិន​ក្រោម 8-core ឡើយ។ មាន​បច្ចេកវិទ្យា​កាមេរ៉ា OIS (optical image stabilization) និង low-light shooting ធ្វើ​ឱ្យ​គុណភាព​រូប​កាន់​តែ​ច្បាស់​ទោះ​ថត​នៅ​ទី​ងងឹត។ ប្លែក​មួយ​ទៀត នឹង​មាន​មុខងារ​ស្កេន​ក្រយៅដៃ fingerprint scanner ដូច iPhone 5S ដែរ។

បើ​មាន​ព័ត៌មាន​បន្ថែមយើងខ្ញុំនឹង​ផ្សាយ​ជូន​ដំណឹង​ប្រិយមិត្ត​បាន​ដឹង​បន្ត​ទៀត៕​