ទន្លេ​មេគង្គ​ ដែល​ហូរ​កាត់​ប្រទេស​កម្ពុជា​ប្រវែង​៥០០​ គីឡូម៉ែត្រ​នេះ​ សម្បូរ​ទៅ​ដោយ​មច្ឆា​ចម្រុះ​ជា​ច្រើន។ ក្នុង​នោះ​គេ​សង្កេត​ឃើញ​មច្ឆា​យក្ស​បួន​ ដែល​ក្នុង​​​ចំណោម​​មច្ឆា​យក្ស​ទាំង​បួន​នោះ​ មាន​ត្រី​មួយ​បាន​ជាប់​ជា​កំណត់​ត្រា​ពិភពលោក​ទៀត​ផង។ តើ​ជា​ត្រី​អី? ​មើល​ខាង​ក្រោម​​នេះ​ឃើញ​ហើយ!

ត្រី​គល់រាំង៖ ជា​ត្រី​ស្រកា​មាន​មាឌ​ធំ។ បើ​យោង​តាម​ទូរទស្សន៍​ National Geographic Channel​ ដែល​បាន​ប្រទះ​នឹង​ត្រី​នេះ​ក្នុង​ឆ្នាំ​២០០០​ បាន​ឲ្យ​ដឹង​ថា​ ត្រី​គល់រាំង​នេះ​មាន​ទម្ងន់​រហូត​ដល់​៣០០​គីឡូ​ក្រាម​ឯណោះ​ ប៉ុន្តែ​ទូរទស្សន៍​ផ្សាយ​ពី​​សត្វ​គ្រប់​ប្រភេទ​មួយ​នេះ​ក៏​មិន​​ទាន់​ដឹង​ថា​ ត្រី​គល់រាំង​ដែល​​ធំ​បំផុត​មាន​ទម្ងន់​ប៉ុណ្ណា​ដែរ។

ត្រី​បបែល៖ ជា​មច្ឆា​មាន​រាង​សំប៉ែត​មូល​ និង​មាន​កន្ទុយ​វែង។ ត្រី​បបែល​មាន​ច្រើន​ប្រភេទ​ ហើយ​គេ​ហៅ​ឈ្មោះ​វា​ទៅ​តាម​ទ្រង់​ទ្រាយ​ ឬ​សម្បុរ​របស់​វា​ ឧទាហរណ៍​ដូច​ជា​បបែល​ខ្លា​ គឺ​មាន​សម្បុរ​ដូច​សត្វ​ខ្លា​សុទ្ធសាធ​, បបែល​រលួស​ មាន​មាត្រ​ធំ​ និង​មាន​បន្លា​ដូច​បន្លា​លួស, ឬ​បបែល​ស្លឹក​ មាន​ខ្លួន​ស្ដើង​ដូច​ស្លឹក​ឈើ។ បបែល​ខ្លះ​មាន​ទម្ងន់​ដល់​ទៅ​​មួយ​រយ​គី​ឡូ​ក្រាម​ ប៉ុន្តែ​តាម​គេហទំព័រ​ Wired ​បាន​ឲ្យ​ដឹង​ថា​ ត្រី​បបែល​អាច​ធំ​រហូត​ដល់​៤៨៥​គីឡូ​ក្រាម​ និង​មាន​​ប្រវែង​៤,៨​ម៉ែត្រ។

ត្រី​រាជ​៖ ជា​ត្រី​ឥត​ស្រកា​ សន្ដាន​ត្រី​ប្រា​ តែ​ធំ​ជាង​ត្រី​ទន្លេ​ទាំង​អស់​ ម្ល៉ោះ​ហើយ​ទើប​គេ​ចាត់​ទុក​ជា​ ស្ដេច​ត្រី​ក្នុង​ទន្លេ។ បើ​យោង​តាម​ទូរទស្សន៍​ National Geographic Channel​​ ដែល​ប្រទះ​ឃើញ​ត្រី​នេះ​នៅ​ឆ្នាំ​២០០៨​ក្នុង​ទន្លេ​មេគង្គ​ ឲ្យ​ដឹង​ថា​ វា​មាន​ទម្ងន់​រហូត​ដល់​២៩៣​គីឡូ​ក្រាម​ឯណោះ។ ប៉ុន្តែ​បើ​យោង​តាម​គេហទំព័រ​ Wikipedia​ ត្រី​រាជ​នេះ​ធំ​បំផុត​មាន​ប្រវែង​៣,២ ​ម៉ែត្រ​ និង​ទម្ងន់​រហូត​ដល់​៣០០​គីឡូ​ក្រាម។ ត្រី​នេះ​នៅ​តែ​ជា​ម្ចាស់​កំណត់​ត្រា​ពិភព​លោក​ Guinness World Records ​​ជា​ត្រី​ទឹក​សាប​ដ៏​ធំ​បំផុត​ក្នុង​លោក។

ត្រី​ផ្សោត​៖ ជា​មច្ឆា​ប្រភេទ​ឥត​ស្រកា​ ខ្លួន​ធំ​ មាន​ដោះ​សណ្ឋាន​ស្រដៀង​នឹង​ដោះ​មនុស្ស។ បើ​យោង​តាម​ គេហទំព័រ​ Wikipedia​ ផ្សោត​នេះ​មាន​ទម្ងន់​១៣០​គីឡូ​ក្រាម​ និង​មាន​ប្រវែង​២,៣​ម៉ែត្រ។ បើ​យោង​តាម​អង្គការ​មូលនិធិ​សត្វ​ព្រៃ​ពិភព​លោក​ WWF តាម​ដង​ទន្លេ​មេគង្គ​រវាង​ប្រទេស​ឡាវ​ និង​កម្ពុជា​ គេ​រាប់​ឃើញ​សត្វ​ផ្សោត​នេះ​មាន​​មិន​ដល់​១០០​ក្បាល​​ផង។ ត្រី​ផ្សោត​ទន្លេ​មេគង្គ​នេះ​ ជា​ប្រភេទ​មច្ឆា​កម្រ។

អត្ថបទ៖ មាស រ័ត្ន