Adnan Januzaj បានយល់ព្រមចុះកិច្ចសន្យាថ្មី ៥ឆ្នាំទៀតនៅក្លិបបិសាចក្រហម Manchester United ហើយ ពោលគឺកីឡាករកើតនៅបែលហ្សិករូបនេះ នឹងបន្តលេងនៅក្លិបជើងឯកអង់គ្លេសដល់ឆ្នាំ២០១៨។
Januzaj ចុះហត្ថលេខាលើកិច្ចសន្យាថ្មី
ខ្សែបម្រើស្លាបវ័យ១៨ឆ្នាំរូបនេះ បានប្រាប់គេហទំព័រផ្លូវការរបស់ Man Utd ថា៖ “នេះគឺជាអារម្មណ៍ដ៏រំភើប ដែលអាចចុះកុងត្រានៅ Manchester United។ ចាប់តាំងពីមកលេងនៅទីនេះ ខ្ញុំតែងតែមានអារម្មណ៍ថានេះគឺជាជម្រើសក្លិបដ៏ត្រឹមត្រូវរបស់ខ្ញុំ។ ខ្ញុំនឹងប្រឹងលេងឲ្យខ្លាំងក្លា ដើម្បីសមជាកីឡាករក្លិប Manchester United”។
ចំណែកអ្នកចាត់ការ David Moyes ក៏បាននិយាយដែរថា៖ “ខ្ញុំរីករាយដែល Adnan បានបន្តអនាគតនៅ United។ គាត់មានសមត្ថភាព ហើយបានទាក់ទាញចិត្តខ្ញុំតាំងពីខ្ញុំមក United កាលពីខែកក្កដាមកម្ល៉េះ”។
Januzaj និង David Moyes
ទោះមានវ័យ១៨ឆ្នាំ Januzaj ដែលមិនទាន់សម្រេចចិត្តថាត្រូវលេងឲ្យជម្រើសជាតិណាមួយនៅឡើយនោះ បានទទួលការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកគាំទ្រក្លិបបិសាចក្រហម ក៏ដូចជាក្លិបធំៗនានានៅអឺរ៉ុប ដូចជា Barcelona ជាដើម។ មុនផ្លាស់មកអង់គ្លេសកាលពីឆ្នាំ២០១១ ក្នុងវ័យ១៦ឆ្នាំ Januzaj ធ្លាប់លេងឲ្យក្លិបយុវជន Brussels និង Anderlecht របស់បែលហ្សិក៕
0 comments:
Post a Comment