កីឡាករ​​​វាយ​កូន​បាល់​វ័យ​ក្មេង​កម្ពុជា​ ឡុង​ សំនៀង​ ​ ​នឹង​ទទួល​បាន​ចំណាត់​ថ្នាក់​ក្នុង​លំដាប់​ពិភព​លោក​​ពី​​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​ (ITF World Junior Ranking)​ ​នៅ​​​ថ្ងៃ​ទី​ ​២៨​ តុលា​ ខាង​មុខ។

កីឡាករ​​ដែល​​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ Davis Cup របស់​កម្ពុជា​រូប​នេះ​​បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​​ដំបូង​​គេ​​​​​ដោយ​ទទួល​​ចំណាត់​ថ្នាក់​ពិភព​លោក​នេះ។ ​ដោយ​លេង​ក្នុង​កម្មវិធី​ ITF Grade Four​ ជា​លើក​​ទី​២​ ​​នៅ​ទី​ក្រុង​​​ ​Surabaya​​ ប្រទេស​ឥណ្ធូនេស៊ី​ ​ឡុង សំនៀង​ ​​បាន​​​យក​ឈ្នះ​ ​កីឡាករ​​ម្ចាស់​ផ្ទះ Mohammed RizkyWidianto ​ដែល​​ស្ថិត​​លំដាប់​​លេខ​៥​ប្រចាំ​កម្មវិធី​​​​ខាង​លើ​ដោយ​លទ្ធផល​ ៧-៥, ៤-៦, និង​ ៦-៣​​ ដើម្បី​​​ទទួល​​ជ័យជម្នះ​​ជុំ​ទី២​របស់​ខ្លួន។ ​

នៅ​ជុំ​ទី១​ ​សំនៀង​ បាន​យក​ឈ្នះ​ ​​កីឡាករ​ម្ចាស់​ផ្ទះ ​GanangRahmat Trisnawan ដោយ​លទ្ធផល​ ​៦-៣,​ ៦-៣ ហើយ​ជ័យជម្នះ​ទាំង​​​​​​​នេះ​បាន​​​​ធានា​​ឲ្យ​កីឡាករ​វ័យ​១៦​ ឆ្នាំ​ខាង​លើ​​មាន​ចំណាត់​​ថ្នាក់​​ពិភព​​លោក​ផ្នែក​យុវជន​នៅ​ថ្ងៃ​ទី​ ២៨​ តុលា ដើម​សប្ដាហ៍​ក្រោយ។

លោក​ Braen Aneiros​ គ្រូ​បង្វឹក​ជម្រើស​ជាតិ​​បាន​​ថ្លែង​ថា ៖ «​​ដោយ​កើត​និង​​រីក​ចម្រើន​​នៅ​កម្ពុជា​ សំនៀង​ ​តែង​លេង​និង​ប្រកួត​ក្នុង​ស្រុក​។ ​រហូត​ពេល​នេះ​ គេ​បាន​ចេញ​​​ទទួល​​ស្នាដៃ​នៅ​ក្រៅ​ប្រទេស​ ដោយ​​​​​បាន​​ជ័យជម្នះ​លើ​​កីឡាករ​ដែល​មាន​ចំណាត់​ពិភព​លោក​​ ៨៧៥​។ ​នេះ​ពិត​ជា​រឿង​គួរ​​ឲ្យ​កត់​សម្គាល់»​៕