នៅទីបំផុត២ពិន្ទុដ៏ចាំបាច់ដើម្បីបន្ថែមលំនឹងនៅតំបន់ដែលបានសិទ្ធិទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃការប្រកួតបាល់បោះក្របខ័ណ្ឌ CBL 2013 ត្រូវក្រុម Cellcard Eagles កញ្ឆក់យកបានដោយឈ្នះ ៦១-៥៣ លើក្រុមកូនខ្មែរ NSK Dream កាលថ្ងៃអាទិត្យម្សិលមិញនេះ។
ទោះជា NSK បានអវត្តមានកីឡាករសំខាន់ Reazy តែពួកគេបានរក្សាតុល្យភាពនៃការប្រកួតឲ្យនៅក្នុងស្ថានការណ៍តានតឹងនៅវគ្គដំបូង។ ឯវគ្គទី៣នៃការប្រកួតជាពេលវេលាដែល Eagles បានគាបសង្កត់ដោយកីឡាករ Callom McWiloch និង Keith kelly ហើយត្រឹមតែរយៈពេលជាង៥នាទី Eagles បានបង្កើនគម្លាតពិន្ទុនាំមុខរហូតដល់២០ពិន្ទុ មុនពេលដែលពួកគេនៅតែអាចធ្វើបានល្អនិងបញ្ចប់ការប្រកួតដោយលទ្ធផលឈ្នះ ៦១-៥៣។
(រូបថត៖ sportsexpressasia)
Don Buer ជាអ្នករកបានពិន្ទុច្រើនជាងគេឲ្យ Eagles ក្នុងជំនួបមួយនេះ ពោល២០ពិន្ទុតែឯង ខណៈដែលដែលអ្នកបោះបាល់បញ្ចូលសំណាញ់បាន១៤ពិន្ទុឲ្យក្រុមកូនខ្មែរ NSK គឺ មាស រ៉ាវុធ។ ដូច្នេះជ័យជម្នះម្សិលមិញនេះនាំ Eagles ឈរជាបណ្ដោះអាសន្នក្នុងចំណោម៨ក្រុមដែលនឹងឡើងទៅលេង Playoff ខណៈដែល NSK Dream បានអណ្ដែតចេញពីតំបន់ដ៏ចាំបាច់នោះទៅហើយ៕
លទ្ធផលគ្រប់ប្រកួតកាលថ្ងៃអាទិត្យ
Phnom Penh Dragons ៥៣:៧៥ Alaxan
NSK Dream ៥៣-៦១ Cellcard Eagles
Extra Joss Warriors ៥៥:៩១ CCPL Heat
Post Buffaloes ៤៧:៦៤ IRB The Lord
អត្ថបទ៖ ប៉ែន សុផាន់ណា
0 comments:
Post a Comment