កន្លង​មក​ ប្រិយមិត្ត​ស្នេហា​កីឡា​ប្រដាល់​តែង​ដឹង​ឮ​ជារឿយៗ​ ពី​ការ​ការ​ប្រកួត​ខុស​ប្រក្រតី​​​របស់​កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​មួយ​ចំនួន​ ខណៈ​ការ​ដាក់​ពិន័យ​បញ្ឈរ​ជើង​មិន​ឲ្យ​ឡើង​រេញ​របស់​គណៈកម្មការ​វិន័យ​នៃ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​​ពុំ​មាន​ប្រសិទ្ធភាព​មួយ​រយ​ភាគ​រយ​ឡើយ​ ប៉ុន្តែ​ខាង​អ្នក​ជំនាញ​ថា ច្បាប់​ពិន័យ​របស់​សហព័ន្ធ​គ្រប់​គ្រាន់​ហើយ​សម្រាប់​ចាត់​វិធាន​ការ​ភាព​មិន​ប្រក្រតី​នេះ។​​

ពាក់​ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ​ លោក​ នាង​ ស៊ីវុត្ថា​ អ្នក​គ្រប់​គ្រង​កម្មវិធី​ប្រដាល់​របស់​ទូរទស្សន៍​បាយ័ន​ បាន​លើក​ឡើង​ពី​បញ្ហា​ខាងលើ​ដូច្នេះ​ថា បញ្ហា​​ប្រកួត​មិន​ប្រក្រតី​កើត​ឡើង​ស្ទើរ​តែ​គ្រប់​សង្វៀន​ទាំងអស់​ ប៉ុន្តែ​​ឥលូវ​មាន​តិចតួច​បំផុត​។ កន្លង​មក​​ខាង​សង្វៀន​បាយ័ន​ធ្លាប់​បាន​ជម្រាប​ដល់​ គណៈកម្មការ​អាជ្ញាកណ្ដាល​ ប្រធាន​អង្គ​ចៅក្រម​ ក៏​ដូចជា​សហព័ន្ធ​ផ្ទាល់​ ឲ្យ​ជួយ​ពង្រឹង​លើ​បញ្ហា​នេះ​ទៅ​គ្រប់​កីឡាករ​តាម​ក្លឹប​នីមួយៗ។​ បើ​កីឡាករ​ស្រឡាញ់​កិត្តិយស​ គេ​មិន​ធ្វើ​រឿង​បែបនេះ​ទេ​ តែ​បើ​មួយ​ចំនួន​ដែល​គិត​ខ្លី​នោះ​ អាច​នឹង​យល់ព្រម​លក់​ឧត្តម​គតិ​ឲ្យ​ពួក​ឈ្មួញ​ភ្នាល់​ប្រដាល់​មិន​ខាន។​

លោក នាង ស៊ីវុត្ថា

សូម​ចុចអាន៖ អ្នក​​ប្រដាល់​​​ឡើង​សង្វៀន​​​​គ្រាន់​តែ​ប្រឡែង​គ្នា​​?

លោក​បាន​និយាយ​ថា ៖«​តាម​ខ្ញុំ​សង្កេត​មើល​ អ្នក​លេង​លក់​ប្រកួត​ហ្នឹង​ មាន​ប្រហែល​២៥​ភាគរយ​។​
“តែ​បើ​និយាយ​ម្យ៉ាង​ទៀត​ ដូច​ដឹង​ស្រាប់​ហើយ​ កត្តា​ជីវភាព​ជំរុញ​ឲ្យ​កីឡាករ​ភាគ​ច្រើន​ចាប់​អាជីព​ប្រដាល់​ នេះ​ដោយសារ​គ្នា​រៀន​បាន​ទាប​ គ្មាន​ចំណេះ​ជំនាញ​ ឬ​ការងារ​ធ្វើ​ច្បាស់លាស់។​ ខ្ញុំ​គិត​ថា​ ជីវភាព​ ជា​បញ្ហា​ចម្បង​ធ្វើ​ឲ្យ​មាន​ការ​លក់​ការ​ប្រកួត»​។​

ទោះ​យ៉ាង​ណា​ប្រធាន​កីឡា​រូប​នេះ​បន្ថែម​ថា ខាង​សង្វៀន​របស់​លោក​​មិន​ផ្ដល់​តម្លៃ​ខ្លួន​ឡើយ​សម្រាប់​ការ​​ប្រកួត​ខុស​ពី​ប្រក្រតី​។ លោក​ថា ៖«​យើង​រាយការណ៍​ដល់​ក្លឹប​របស់​គេ​ រួម​ទាំង​សហព័ន្ធ​ផង​ដែរ។​ តែ​យើង​មិនមែន​ដល់​ថ្នាក់​ខុស​ដៃ​យក​ដៃ​ ខុស​ជើង​យក​ជើង​នោះ​ទេ​ បើ​ឲ្យ​តែ​ឃើញ​ខុស​បញ្ឈប់​ៗ​អញ្ចឹង​ ច្បាស់​ជា​ជួប​កង្វះ​ធនធាន​ហើយ​ ព្រោះ​សព្វថ្ងៃ​កីឡាករ​តិច​ស្ទើរ​ឆ្លើយ​តប​ មិន​បាន​ទៅ​តាម​តម្រូវ​ការ​របស់​ស្ថានីយ​នានា​ផង​ទេ»​។​

ប៉ុន្តែ​ក៏​មិនមែន​មាន​ន័យ​ថា​ ធ្វើ​ធូរ​រលុង​ពេក​ដែរ​ ត្បិត​បញ្ហា​នេះ​អាច​ប៉ះពាល់​ដល់​កិត្តិយស​សហព័ន្ធ​ ពិសេស​ប្រទេស​ជាតិ​តែ​ម្ដង។​ ចុងក្រោយ​ លោក​សំណូមពរ​ឲ្យ​សហព័ន្ធ​ ដូច​ជា​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ មេត្តា​រិះរក​វិធានការ​បន្ថែម​ ដើម្បី​ឈាន​ទៅ​លុប​បំបាត់​ការ​លក់​ការ​ប្រកួត​ឲ្យ​អស់​តែ​ម្ដង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។​

សូម​ចុច​អាន៖ អ្នក​ប្រដាល់​បរិញ្ញាបត្រ សុវណ្ណឌឿន ​​ទំនង​នឹង​លា​សង្វៀន​​ដោយ​មិន​​ងាក​ក្រោយ

ចំណែក​លោក​ ម៉ា​ សេរី​ ប្រធាន​ផ្នែក​កីឡា​ CTN​ បញ្ជាក់​ថា​ កាល​ពី​៧​ទៅ​៨​ឆ្នាំ​មុន​សម្បូរ​​ច្រើន​ការ​ប្រកួត​ខុស​ពី​ប្រកួត​​ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ពុំ​សូវ​កើត​មាន​ទេ​ពេល​ខ្លះ​មួយ​ខែ​មាន​មួយ ឬ​គ្មាន​តែ​ម្ដង​។ កីឡាករ​​១០០​នាក់​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ធ្វើ​រឿង​អញ្ចឹង។​ កីឡាករ​លក់​ខ្លួន ឬ​ប្រកួត​មិន​ប្រក្រតី​​​មាន​ពីរ​បែប​គឺ​​ការ​ប្រកួត​​លក់​ឲ្យ​ឈ្មួញ​ភ្នាល់​តម្លៃ​២៥០​ដុល្លារ​ទៅ​៥០០​ដុល្លារ​ ដើម្បី​ដោះ​ទ័ល​ជីវភាព​ និង​ម្យ៉ាង​ទៀត​កីឡាករ​យក​ការ​លក់​ជា​មុខ​របរ​តែ​ម្ដង​។

លោក ម៉ា សេរី

ទោះ​យ៉ាង​ណា​ ពេល​រក​ឃើញ​ភាព​មិន​ប្រក្រតី​ ខាង​សង្វៀន​​ទុក​ភារកិច្ច​នេះ​ជូន​ក្រុម​ប្រឹក្សា​វិន័យ​របស់​សហព័ន្ធ​ ចាត់​ការ​​តាម​​ច្បាប់​ដែល​បាន​ចែង។​ ចំពោះ​កីឡាករ​ដែល​ប្រព្រឹត្ត​ក្រោយ​ទទួល​ពិន័យ​រួច​ហើយ​ ត្បិត​ខាង​សង្វៀន​​ស្គាល់​មុខ​គាត់​ច្បាស់​ ប៉ុន្តែ​បើ​ខាង​ក្លឹប​ ឬ​គ្រូ​បង្វឹក​ធានា​អះអាង​ថា​ គេ​កែ​ខ្លួន​ហើយ​ ខាង​​សង្វៀន​ស៊ីធីអិន​​នៅ​តែ​ផ្ដល់​ឱកាស​ឲ្យ​គេ​ម្ដង​ទៀត។​ ដូច​ដឹង​ស្រាប់​ហើយ​ជីវិត​អ្នក​ប្រដាល់​ខ្មែរ​យ៉ាង​ម៉េច​ បើ​ខុស​ហើយ​ឈប់​ឲ្យ​គេ​ឡើង​រេញ​ទៀត​នោះ​ មុខ​ជា​ដាច់​បាយ​ហើយ​​។​

លោក​ ម៉ា​ សេរី​ បន្ត​ទៀត​ថា ៖​«សម្រាប់​ច្បាប់​ដាក់​វិន័យ​លើ​កីឡាករ​ត្រឹម​ប៉ុណ្ណេះ​ ខ្ញុំ​គិត​ថា​ គ្រប់គ្រាន់​ហើយ​ តែ​ខ្ញុំ​សុំ​អំពាវនាវ​ដល់​អ្នក​លេង​ភ្នាល់​ទាំងឡាយ​ សុំ​មេត្តា​បញ្ឈប់​ទៅ​ បើ​ឈប់​មិន​បាន​សូម​កុំ​ទិញ​កីឡាករ​ លេង​ដោយ​យុត្តិធម៌​ កុំ​បង្កើត​វប្បធម៌​ពុករលួយ​អី​ វា​មិន​រីក​ចម្រើន​ដល់​ប្រទេស​ទេ។​ ចំណែក​កីឡាករ​ក៏​អញ្ចឹង​ដែរ​ ត្រូវ​គិត​ឲ្យ​វែង​ឆ្ងាយ​យក​កិត្តិយស​ជា​ធំ​ កុំ​លក់​ឧត្ដម​គតិ​របស់​ខ្លួន​ ដើម្បី​លុយ​កខ្វក់​ទាំង​នោះ​ ព្រោះ​វា​នាំ​ឲ្យ​ខាត​បង់​ទាំងអស់​ ពិសេស​មុខមាត់​របស់​យើង​»​។

សូមចុចអាន៖ កែវ រំចង់​និងឡុង សុភី​ជួប​គ្នា​លើក​ទី​៩

ងាក​ទៅ​ប្រធាន​គណៈកម្មការ​អាជ្ញាកណ្ដាល​ លោក​ មាស​ សុខគ្រី​ លើក​ឡើង​ថា​ ច្បាប់​របស់​សហព័ន្ធ​​មាន​៤​ដំណាក់​កាល​។ លោក​ថា ៖«​លើក​ទី​១​ បញ្ឈរ​ជើង​​ពី​ការ​ប្រកួត​១​ខែ​កន្លះ​ ក្នុង​ករណី​មិន​រាងចាល​ ត្រូវ​បញ្ឈរ​ជើង​៣​ខែ​ បើ​នៅ​តែ​ធ្វើ​បែប​ហ្នឹង​ទៀត​ បញ្ឈរ​ជើង​៦​ខែ​ ហើយ​បើ​កែ​លែង​ឡើង​គឺ​មាន​តែ​លុប​ឈ្មោះ​ពី​បញ្ជី​សហព័ន្ធ​ចោល​តែ​ម្ដង។​ ច្បាប់​ពិន័យ​របស់​សហព័ន្ធ​ប៉ុណ្ណឹង​ វា​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ​ ឲ្យ​តែ​យើង​អនុវត្តន៍​វា​បាន​ល្អ​ដូច​សព្វថ្ងៃ​ទៅ​ បើ​ចង់​យក​វា​ទៅ​ដាក់​ពន្ធនាគារ​ ក៏​មិន​ត្រូវ​ដែរ»​។​

ជា​មួយ​គ្នា​នេះ​​លោក​សូម​អង្វរ​ដល់​ដើម​ចម​នៃ​បញ្ហា​ គឺ​អ្នក​លេង​ល្បែង​ភ្នាល់​ទាំងអស់​ សូម​មេត្តា​បញ្ចប់​​ការ​ទិញ​កីឡាករ​ដែល​ធ្វើ​ឲ្យ​កីឡាករ​ខ្សោយ​បែរ​ជា​ឈ្នះ​អ្នក​ខ្លាំង​។​ កីឡាករ​ខ្លួន​ឯង​ក៏​អញ្ចឹង​ដែរ​ កុំ​ប្រព្រឹត្ត​ពុករលួយ​ ត្រូវ​គិត​ដល់​កិត្តិយស​គ្រូ​ ក្លឹប​ សហព័ន្ធ​ ជា​ពិសេស​មុខមាត់​សាមី​ខ្លួន​ និង​ប្រពន្ធ​កូន​តែ​ម្ដង​។

គេ​នៅ​ចាំ​បាន​ថា កីឡាករ​ប្រដាល់​វ័យ​ក្មេង ហុន ឈុនហេង និង​ឈិត ង៉ុយ ត្រូវ​បាន​អាជ្ញា​កណ្តាល​បណ្ដេញ​ចុះ​ពី​សង្វៀន​ពីរ​ដង​ជាប់​គ្នា​។ លើក​ទី​មួយ​ពួក​គេ​ត្រូវ​បាន​បណ្ដេញ​ចេញ​​ពី​សង្វៀន​បាយ័ន​កាល​ពី​ខែ​មុន ហើយ​ពួក​គេ​ជួប​គ្នា​ម្ដង​ទៀត​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៣​ក៏​ត្រូវ​បាន​បណ្ដេញ​ដោយ​មិន​ប្រកាស​លទ្ធផល​ម្ដង​ទៀត​៕