លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​រើស​គូ​ប្រកួត​​ជម្រុះ World Cup វគ្គ Play-off តំបន់​អឺរ៉ុប​បាន​ចេញ​ហើយ​កាល​ពី​យប់​មិញ​នេះ។

លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​យប់​មិញ

ក្រុម​ ព័រទុយហ្គាល់​របស់​លោក Paulo Bento ដែល​មាន​តារា​ល្បី​ Cristiano Ronaldo បាន​គេច​ផុតពី​​ក្រុម​ជើង​ឯក​ឆ្នាំ​១៩៩៨​ បារាំង ប៉ុន្តែ​ត្រូវ​ទៅ​ប៉ះ​​នឹង​ក្រុម​ខ្លាំង ស៊ុយអែត របស់​លោក Erik Hamren ដែល​មាន​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ Zlatan Ibrahimovic ជា​តួ​អង្គ​សំខាន់។ គ្រូ​បង្វឹក​ព័រទុយហ្គាល់​បាន​ចាត់​ទុក​ ​ស៊ុយអែត ​ជា​គូ​ប្រកួត​ដ៏​តឹង​តែង ខណៈ​គ្រូ​ស៊ុយអែត​ក៏​និយាយ​ថា​ជួប​ព័រទុយហ្គាល់​ជា​រឿង​ពិបាក​​ដូច​គ្នា​។

ចំណែក​ ក្រុម​ បារាំង​ ក៏​មិន​សូវ​ជា​ងាយស្រួល​នោះ​ដែរ ដោយ​ត្រូវ​ប៉ះ​ អ៊ុយក្រែន ដែល​ដឹក​នាំ​ដោយ​លោក Mykhaylo Fomenko។ លោក Didier Deschamps ​គ្រូ​បង្វឹក​ក្រុម​បារាំង​បាន​ទទួល​ស្គាល់​ថា​ក្រុម​លោក​សំណាង​ដែល​អាច​គេច ​ផុត​ព័រទុយហ្គាល់ និង​ក្រូអាត ​ដែល​មាន​ប្រវត្តិ​ល្អ​ក្នុង World Cup កន្លង​មក តែ​ការ​ប៉ះ​អ៊ុយក្រែន​ក៏​លោក​ទទួល​ស្គាល់​ថា​ពិបាក​ដែរ​ ដោយ​សារ​ក្រុម​នេះ​មិន​ដែល​ចាញ់​ក្នុង​៧ប្រកួតជាប់​គ្នា ហើយ​ឲ្យ​គេ​ស៊ុត​ចូល​ទី​តិច។ យ៉ាង​ណា​ក្ដី ការ​លេង​ជើង​ទី​២​លើ​ដី​ខ្លួន​ឯង ជា​អ្វី​ដែល​លោក Deschamps ពេញ​ចិត្ត។

Ibrahimovic និង Ronaldo តួ​សំខាន់​ក្នុង​ជំនួប​ស៊ុយអែត និងព័រទុយហ្គាល់

រី​ឯ​គូ ​ទី​៣ វិញ គឺ​ ក្រិក ត្រូវ​ជួប​តទល់នឹង​ រ៉ូម៉ានី។ គ្រូ​បង្វឹក​​ក្រិក លោក Fernando Santos បាន​និយាយ​ថា​នេះ​ជា​គូ​ប្រកួត​ដែល​មាន​សមត្ថភាព​ប្រហែល​គ្នា ប៉ុន្តែ​លោក Victor Piturca គ្រូ​បង្វឹក​រ៉ូម៉ានីវិញ បាន​ចាត់​ទុក​ក្រិក​ជូ​គូ​ដ៏​ពិបាក​មួយ ដោយ​សារ​ក្រិក​មាន​បទ​ពិសោធន៍​ច្រើន និង​ទទួល​ពិន្ទុ​ខ្ពស់​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​កន្លង​មក។

ចំណែក​ ក្រុម​លំដាប់​ទាប​ជាង​គេ អ៊ីស្លង់ ត្រូវ​​ត​តាំង​នឹង​ ក្រូអាត។ លោក Lars Lagerback គ្រូ​បង្វឹក​ក្រុម​អ៊ីស្លង់​បាន​បញ្ជាក់​ថា​ប៉ះ​ក្រុម​ណា​ក៏​ពិបាក​សម្រាប់​ លោក​ដែរ ផ្ទុយ​ពី​លោក Niko Kovac គ្រូ​បង្វឹក​ក្រូអាត ដែល​បង្ហាញ​អារម្មណ៍​​រីករាយ​​ចំពោះ​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​នេះ។

ជើង​ទី​១ (​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា)
ព័រទុយហ្គាល់ vs ស៊ុយអែត
អ៊ុយក្រែន vs បារាំង
ក្រិក vs រ៉ូម៉ានី
អ៊ីស្លង់ vs ក្រូអាត
ជើង​ទី​២ (​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា)
ស៊ុយអែត vs ព័រទុយហ្គាល់
បារាំង vs អ៊ុយក្រែន
រ៉ូម៉ានី vs ក្រិក
ក្រូអាត vs អ៊ីស្លង់

តោះ! ដល់​វេន​ប្រិយមិត្ត​វិញ​ម្ដង​ហើយ សាក​ទាយ​ល​មើល៍ ថា​ក្រុម​៤ណា​នឹង​ជាប់​ទៅ​លេង​ World Cup នៅ​ប្រេស៊ីល​ឆ្នាំ​ក្រោយ?

អត្ថបទ​ទាក់ទង៖ ក្រុម​ខ្លាំង​៨ ដែល​នឹង​ដឹកនាំ​​ពូល​ទាំង​៨នៅ World Cup 2014 រក​ឃើញ​ហើយ

- ប្រទេស​ជាប់​ទៅ​ World Cup រក​ឃើញ​២១​ហើយ នៅ​សល់​តែ​១១ទៀត​ប៉ុណ្ណោះ

អាន​អត្ថបទ​ជា​ច្រើន​ផ្សេង​ទៀត​ទាក់ទង​នឹង FIFA World Cup សូម​ចុច​ត្រង់​នេះ