អ្នក​ដឹកនាំ​រយៈកាល​ដ៏​យូរ និង​មាន​សមត្ថភាព​​មួយ​រូប​របស់​ក្រុមហ៊ុន​ផលិត ហ្គេម​តុក្កតា​ស៊ីផ្សិត Nintendo លោក Hironshi Yamauchi បាន​ស្លាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ហើយ (ថ្ងៃ​ទី ១៩ ខែ​កញ្ញា ឆ្នាំ២០១៣) នៅ​អាយុ ៨៥ឆ្នាំ ដោយ​សារ​ជំងឺ​រលាក​សួត។

Hiroshi Yamauchi អតីត​ប្រធាន​ Nintendo (លាលែង​ពី​តំណែង ឆ្នាំ២០០២ ដោយ​សារ​សុខភាព​មិន​អំណោយ​ផល)

តែ​នៅ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្រុមហ៊ុន​

ក្រុមហ៊ុន​ផលិត​ឧបករណ៍​ហ្គេម និង​វីដេអូហ្គេម​ដែល​មាន​ចំណូល​ច្រើន​ជាង​គេ​លើ​លោក Nintendo Co., Ltd. បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ក្រុមហ៊ុន៖ “កើត​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ដោយ​សារ​បាត់បង់​អតីត​ប្រធាន Nintendo លោក Hiroshi Yamauchi ដែល​បាន​ចែកឋាន​កាល​ពី​ព្រឹកមិញ​នេះ”។

លោក Yamauchi អ្នក​ដែល​មាន​ភាគហ៊ុន​ច្រើន​ជាង​គេ​ទី២ នៅ​ Nintendo បាន​ជួយ​ឱ្យ​ក្រុមហ៊ុន​មាន​ការ​​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ រហូត​មាន​ឈ្មោះ​បោះ​សំឡេង​ ត្រូវ​គេ​ទទួល​ស្គាល់​ជា​ក្រុមហ៊ុន​ផលិតផលឧបករណ៍​ហ្កេម Game Console និងវីដេអូ​ហ្គេម​ដ៏​ល្បី អំឡុង​វត្តមាន ៥៣ឆ្នាំ​ដែលលោក​ខិតខំ​លើ​ក្រុមហ៊ុន​។ លោក​មាន​គ្រួសារ​ជា​អ្នក​ស្ថាបនិក Nintendo ផ្ទាល់​គឺ​ជីតា​របស់​លោក​ Fusajiro Yamauchi ដែល​បាន​បង្កើត​ក្រុមហ៊ុន​តាំង​ពី​ឆ្នាំ ១៨៨៩។ សម័យកាល​រយៈពេល ៥៣ឆ្នាំ​របស់ Hironshi លោក​បាន​កែប្រែ​ក្រុមហ៊ុន​ឱ្យ​មាន​មុខមាត់​យ៉ាង​ខ្លាំង​ពី​ក្រុមហ៊ុនត្រឹមតែ​ផលិតហ្គេមបៀ ក្លាយ​ជា​ក្រុមហ៊ុន​ផលិតផល​វីដេអូ​ហ្គេម​ដែល​មាន​ការ​ទទួល​ស្គាល់​ទូទាំង​ពិភពលោក។ ក្រោម​ការ​ជួយជ្រោមជ្រែង​ពី​លោក ក្រុមហ៊ុន​សម្រេច​បាន​ហ្គេម​ដ៏​ពេញ​និយម និង​មាន​ការ​ទទួល​ស្គាល់ លេង​ជុំវិញ​ពិភពលោក​គឺ តុក្កតា​ស៊ីផ្សិត (Super Mario) និង​ហ្គេម Donkey Kong

គិត​មក​ត្រឹម​ខែ មេសា ឆ្នាំ២០១៣ ទស្សនាវដ្ដី Forbes បាន​វាយ​តម្លៃ​ចំណូល​របស់​លោក Yamauchi មាន​រហូត​ដល់ ២,១ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ចាត់​ចូល​ក្នុង​បញ្ជី​អ្នក​មាន​ជាង​គេ​នៅ​ក្នុង​ប្រទេស​ជប៉ុន​លំដាប់​លេខ ១៣ ក្នុង​ឆ្នាំ​នេះ។