​​ជា​ដំណឹង​ល្អ ​​សម្រាប់​ប្រិយ​មិត្ត​​​​​​នៅ​កម្ពុជា​ ​ដែល​​កំពុង​​ទន្ទឹង​​រង់ចាំ​​​​​​ iPhone 5S និង​ iPhone 5C។​ ​​ ​​ឥឡូវ​នេះ​​ ​ម៉ូដែល​​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ Apple ទាំង​ពីរ​ស៊េរី​នេះ ​មក​ដល់​ប្រទេស​កម្ពុជា​​ល្ងាច​នេះ​ហើយ​ ខណៈ​តម្លៃ​​អា​ 5S ​​ខ្ទង់​ជិត​ ២​ពាន់​ដុល្លារ​ ​​ចំណែក​​ 5C តម្លៃ​ក្រោម​​ ១០០០​ដុល្លារ។

គិត​​ត្រឹម​ម៉ោង​នេះ​ មាន​តែ​ហាង​មួយ​គត់​​​នៅ​កម្ពុជា ​​​​ដែល​​ប្រកាស​​ថា​​​ ​មាន​​​លក់​​​ល្ងាច​នេះ​​​ គឺ​ស្រប​​ពេល​នឹង​ការ​​​ចេញ​លក់​នៅ​​ប្រទេស​​ចំនួន​ ​១១​ ដំបូង​គេ​​ក្នុង​ពិភពលោក។ ម្ចាស់​ហាង​​ Apple Media ​បាន​ប្រាប់​​ ​Sabay ​​អម្បាញ់មិញ​នេះ​ថា​ ​ ​​ហាង​​​លោក​មាន​​​​លក់​ម៉ូដែល​ទាំង​ពីរ​​​​​​​​នៅ​ល្ងាច​នេះ​ហើយ។

​បើ​តាម​​​តម្លៃ​ទូរសព្ទ​ដែល​​ហាង​ Apple Media ​ប្រកាស​​​​នេះ​​ គឺ​ iPhone 5S​ ​មាន​តម្លៃ​មិន​ធម្មតា​ទេ​ ​ដែល​ក្នុង​នោះ​​ប្រភេទ​​​ទំហំ ​16GB ថ្លៃ​ ១៧៥០​​ដុល្លារ, 32GB តម្លៃ​ ១៨៥០​ដុល្លារ​ និង​ 64​ GB ​តម្លៃ​ ១៩៥០​ដុល្លារ។​ ​ចំណែក​ iPhone 5C ​វិញ​ ​​តម្លៃ​​​ ៧៥០​​ដុល្លារ​ ​ចំពោះ​ប្រភេទ​​ទំហំ​ 16GB​, ៨៥០​ដុល្លារ​​ទំហំ​ 32GB ​និង​​៩៥០​ដុល្លារ​​ចំពោះ​ប្រភេទ​ទំហំ​ 64GB។

​ម្ចាស់​ហាង​ដដែល​រូប​នេះ​ ​បាន​បញ្ជាក់​​ទៀត​ថា​ ​​តម្លៃ​នេះ​ជា​តម្លៃ​ជាក់​លាក់ ​​ដែល​បាន​ដាក់​​​លក់​នៅ​លើ​គេហទំព័រ​របស់​​​​លោក​ផ្ទាល់។ ​​លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ​​​រហូត​​មក​ដល់​​​ពេល​នេះ​ ​មាន​​អតិថិជន​​​ជា​ច្រើន​បាន​កុម្ម៉ង់​ទិញ​ទាំង​ iPhone 5S និង iPhone 5C។ ​​​​

ថ្ងៃ​ទី​២០​ កញ្ញា​​នេះ​ ​iPhone ទាំង​ពីរ​ស៊េរី​​មាន​លក់​នៅ​ អាមេរិក កាណាដា ចិន បារាំង អាល្លឺម៉ង់ ជប៉ុន សិង្ហបុរី និង​អង់គ្លេស ខណៈ​ដែល​​​អូស្ត្រាលី​ជា​ប្រទេស​ដែល​មាន​​លក់​មុន​​​គេ។ ​​តាម​ការ​​ប្រកាស​ពី​ក្រុមហ៊ុន​​ Apple ​​នា​​ពេល​កន្លង​មក​ ​iPhone 5S ​លក់​នៅ​ប្រទេស​​អង់គ្លេស​តម្លៃ ៨៦០ដុល្លារ (16GB) ៩៩០ដុល្លារ (32GB) និង​ទំហំ 64GB តម្លៃ ១១២០ដុល្លារ​អាមេរិក​ ខណៈ​ដែល​ iPhone 5C តម្លៃ​ចន្លោះ​ពី​៧០០​ ទៅ​ ៨០០​ដុល្លារ៕​

តម្លៃ​​ប៉ុណ្ណឹង​ យ៉ាង​ម៉ែច​ដែរ​ប្រិយមិត្ត? ចង់​​ទិញ​មួយ​ណា?