ក្លិប​ភ្នំពេញក្រោន​បង្កើន​ធនធាន​គ្រូ​បង្វឹក​បាល់ទាត់​កម្រិត​ D ​​ដើម្បី​ជួយ​អភិវឌ្ឍ​បាល់ទាត់​ថ្នាល​​នៅ​កម្ពុជា​បាន​ចំនួន​៣៩​នាក់​​បន្ថែម​ទៀត​​កាល​ពី​ម្សិលមិញ​ បន្ទាប់​ពី​បើក​វគ្គ​សិក្សា​តាំង​ពី​ថ្ងៃ​ទី​០៩ ខែ​កញ្ញា​មក​។​

​​ក្រោម​ការ​អនុញ្ញាត​និង​លើក​ទឹកចិត្ត​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ (FFC) ​ក្រុម​ជើងឯក​លីក​កំពូល​កម្ពុជា​៤​សម័យ​ ​បាន​ផ្ដួច​ផ្ដើម​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​ថ្នាល​ដែល​មាន​រយៈ​ពេល​១០​ថ្ងៃ​នៅ​ទីលាន​​បាល់ទាត់​ RSN Stadium ​ដែល​មាន​គ្រូ​បង្វឹក​របស់​ក្រោន លោក Sam Schweingruber ​ជា​គ្រូ​ឧទ្ទេស​។​

អត្ថបទ​៖ U23 ម៉ាឡេស៊ី​​ កៅឆាយ​ពាន​មួយ​មុន​ស៊ីហ្គេម ​មក​ដល់

ក្រោយ​សិក្សា​ទ្រឹស្ដី​ក្នុង​ថ្នាក់​និង​អនុវត្ត​ផ្ទាល់​លើ​ទីលាន​​​ដោយ​ជោគជ័យ​អស់​ជាង​មួយ​សប្ដាហ៍​រួច​មក​ សិក្ខាកាម​ទាំង​៣៩​នាក់​ ដែល​មាន​កីឡាករ​របស់​ភ្នំពេញក្រោន​២០​នាក់​និង​​បុគ្គលិក​នៃ​ស្ថាប័ន​នានា ​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ម្នាក់​មួយ​​ក្នុង​ថ្ងៃ​សុក្រ​ម្សិលមិញ ក្រោម​ការ​ប្រគល់​ផ្ទាល់​ពី​លោក គល់ សុផាណា អគ្គលេខាធិការ​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​។ ​ក្នុង​នោះ​ខ្សែ​ប្រយុទ្ធ ​គួច សុកុម្ភៈ ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​វគ្គ ដោយ​ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​គេ​។​

អត្ថបទ​៖ ភ្នំពេញក្រោន​ឈូស​ដី​​ពង្រីក​​ស្តាត​ផ្ទាល់​ខ្លួន​​ត្រៀម​រដូវ​កាល​​ថ្មី​​

ក្នុង​ឱកាស​បិទ​វគ្គ​ម្សិលមិញ គ្រូ​បង្វឹក​សញ្ជាតិ​ស្វីស Sam ដែល​ជា​គ្រូ​ឧទ្ទេស​របស់ FIFA ផង​នោះ ឱ្យ​ដឹង​ពី​គោល​បំណង​របស់​លោក​អំពី​ការ​បង្កើត​វគ្គ D ​នេះ​ឡើង​ថា​បច្ចុប្បន្ន​កម្ពុជា​បាន​ធ្លាក់​ដល់​ចំណាត់ថ្នាក់​ទី​១៩៩​របស់​ FIFA ក្នុង​ចំណោម​ក្រុម​ជម្រើស​ជាតិ​ទាំង​២០៩ ​ដែល​ជា​ចំណាត់ថ្នាក់​គួរ​ឱ្យ​ស្រក់​ទឹកភ្នែក​សម្រាប់​ប្រជាជន​កម្ពុជា​។ ​ដូច្នេះ​កម្ពុជា​​ត្រូវ​បង្កើន​ថ្នាល​យុវជន​បាល់ទាត់​ត្រឹមត្រូវ​​ឱ្យ​បាន​​កាន់​តែ​ច្រើន​ជាង​បច្ចុប្បន្ន​នេះ​ដើម្បី​ស្ដារ​មុខមាត់​បាល់ទាត់​កម្ពុជា​ឡើង​វិញ​ ហើយ​គ្រូ​បង្វឹក​កម្រិត​ D ​នេះ​ឯង​ជា​អ្នក​ដើរ​តួ​សំខាន់​​ក្នុង​ការ​បង្វឹក​ក្មេង​ៗ​អាយុ​ចន្លោះ​ពី​៦​ដល់​១២​ឆ្នាំ​ឱ្យ​យល់​ពី​មូលដ្ឋាន​គ្រឹះ​បាល់ទាត់​ត្រឹមត្រូវ​និង​មាន​ទម្លាប់​ត្រឹមត្រូវ​តាំង​ពី​តូច​ទៅ​។ មួយ​វិញ​ទៀត ក៏​គឺ​ដើម្បី​ឱ្យ​កីឡាករ​អាជីព​របស់​ភ្នំពេញក្រោន​មាន​មូលដ្ឋាន​ផ្នែក​បង្វឹក​ឱ្យ​ហើយ​ដើម្បី​ត្រៀម​ខ្លួន​​ធ្វើ​ជា​គ្រូ​បង្វឹក​ពិត​ប្រាកដ​នៅ​ក្រោយ​ពេល​កីឡាករ​ទាំង​នោះ​​ឈប់​លេង​បាល់ទាត់​ ​សម្រាប់​ជា​អាជីព​ថ្មី​ដើម្បី​ចិញ្ចឹមជីវិត​។​

ព័ត៌មាន​ទាក់ទង​នឹង​កីឡា​បាល់ទាត់​ជាតិ​ច្រើន​ទៀត​សូម​ចុច​ត្រង់​នេះ​…

ជាមួយ​គ្នា​នេះ​ដែរ លោក គល់ សុផាណា ថ្លែង​ថា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ពេញ​ចិត្ត​ចំពោះ​ការ​រួម​ចំណែក​​របស់​ក្លិប​ភ្នំពេញក្រោន​ក្នុង​ការ​ជួយ​អភិវឌ្ឍ​បាល់ទាត់​កម្ពុជា ​ហើយ​សហព័ន្ធ​រីករាយ​នឹង​សហការ​ ក៏​ដូច​ជា​គាំទ្រ​ផ្នែក​បច្ចេកទេស​ផ្សេង​ៗ​ក្នុង​ការ​បន្ត​អនុវត្ត​សកម្មភាព​បែប​នេះ​ មិន​ថា​តែ​ភ្នំពែញក្រោន​ទេ ក្លិប​ណា​ក៏​ដោយ​ក៏​សហព័ន្ធ​គាំទ្រ​ដែរ​។ អគ្គលេខាធិការ​រូប​នេះ​សង្កត់ធ្ងន់​ថា​សហព័ន្ធ​មិន​សប្បាយ​ចិត្ត​សោះឡើយ​ចំពោះ​ចំណាត់ថ្នាក់​​របស់​កម្ពុជា​នៅ FIFA បច្ចុប្បន្ន​នេះ ប៉ុន្តែ​សហព័ន្ធ​តែ​ម្នាក់​ឯង​មិន​អាច​ធ្វើ​ឱ្យ​បាល់ទាត់​កម្ពុជា​ដើរ​ទៅ​មុខ​បាន​ឆាប់​រហ័ស​ឡើយ គឺ​ត្រូវ​ការ​ការ​រួម​ចំណែក​ពី​គ្រប់​ក្លិប​ទាំង​អស់ ទាំង​អាជីព​ ទាំង​មិន​អាជីព ព្រម​ទាំង​សហគមន៍​នានា​ផង​ដែរ​។

អត្ថបទ​៖ ចំណេញ​អ្វី​ខ្លះ​ បើ​មាន​ Home/Away​ នៅ​លីក​កម្ពុជា​ឆ្នាំ​២០១៤?

ជា​ទូទៅ​ការ​សិក្សា​កម្រិត​ D ​នេះ​​ធ្វើ​ឡើង​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ​ដោយ​ត្រូវ​រៀន​ទាំង​ព្រឹក​ទាំង​រសៀល​ ប៉ុន្តែ​លោក​ Sam ​បាន​រៀប​ចំ​វគ្គ​នេះ​រហូត​ដល់​១០​ថ្ងៃ ដោយ​មួយ​ថ្ងៃ​រៀន​តែ​៣​ម៉ោង​ប៉ុណ្ណោះ​ ដើម្បី​ទុក​ពេល​ឱ្យ​សិក្ខាកាម​មួយ​ចំនួន​ដែល​ជាប់​រវល់​ការងារ​ផ្ទាល់​ខ្លួន​ឱ្យ​មាន​ពេល​សម្រាប់​ធ្វើ​ការងារ​ទាំង​នោះ​៕​

​អត្ថបទ​៖ យ៉ុង ម៉ុងហាក់
រូបថត​៖ ppcfcfacebook​​​