ក្រុម​ហង្ស​ក្រហម Liverpool នឹង​បាត់បង់​ខ្សែ​បម្រើ​សំខាន់ Philippe Coutinho រហូត​ដល់​ចុង​ខែ​តុលា ដោយ​សារ​កីឡាករ​អន្តរជាតិ​ប្រេស៊ីល​វ័យ​២១​ឆ្នាំ​រូប​នេះ​ត្រូវ​ទទួល​ការ​វះកាត់​ព្យាបាល​របួស​ស្មា​​ដែល​បាន​កើត​ឡើង​ក្នុង​ជំនួប Premier League ​ទល់​នឹង​ Swansea កាល​ពី​ថ្ងៃ​ចន្ទ​។​

អតីត​យុវជន​របស់​ក្លិប Vasco da Gama នេះ​ត្រូវ​ប្ដូរ​ចេញ​នៅ​នាទី​ទី​៥៥​ក្នុង​ជំនួប​ដែល​ស្មើ​គ្នា​២-២​នៅ​កីឡដ្ឋាន Liberty Stadium បន្ទាប់​ពី​ធ្លាក់​ទាំង​គ្មាន​ជំហរ​ក្រោយ​ជែង​យក​បាល់​ជាមួយ​ខ្សែ​ការពារ Ashley Williams របស់ Swansea​។​

បន្ទាប់​ពី​ត្រូវ​បាន​ពិនិត្យ​ដោយ​ក្រុម​គ្រូពេទ្យ​របស់​ក្រុម​ហង្ស​ក្រហម​រួច លទ្ធផល​បង្ហាញ​ថា​​កីឡាករ​ដែល​ផ្ទេរ​មក​ពី​ Inter Milan ក្នុង​តម្លៃ​ប្រហែល​១៤​លាន​ដុល្លារ​កាល​ពី​​ដើម​ឆ្នាំ​២០១៣ ត្រូវ​វះកាត់​ដើម្បី​ព្យាបាល​គន្លាក់ AC នៃ​ស្មា​របស់​គេ​។​


ក្រុម​ជើងឯក​លីក​កំពូល​អង់គ្លេស​១៨​សម័យ​រំពឹង​ថា​​កីឡាករ​រូប​នេះ​នឹង​ចូល​លេង​បាន​វិញ​នៅ​ចុង​ខែ​តុលា​៕​

​ប្រែ​សម្រួល​៖ យ៉ុង ម៉ុងហាក់
ប្រភព​៖ liverpoolfc, រូបថត​៖​​ espn