ការ​ប្រកួត​​​​ប្រដាល់​ជ្រើស​រើស​ជើង​ឯក​​ជាតិ​​ប្រចាំ​ឆ្នាំ​២០១៣​​នៅ​មិន​ទាន់​​​ដឹង​​ច្បាស់​លាស់​​ថា​​កំណត់​ធ្វើ​​​​ពេល​ណា​នៅ​ឡើយ​ បន្ទាប់​ពី​​​ប្រកាស​​លើក​ពេល​​ថ្មី​​ៗ​នេះ។

ការ​ប្រកួត​​ប្រដាល់​​ជើង​ជាតិ​​​ប្រចាំ​ឆ្នាំ​២០១៣ ​រៀប​ចំ​ដោយ​ក្រសួង​​អប់រំ​ ​យុវជន ​និង​កីឡា​​​​គ្រោង​ចាប់​​ថ្លឹង​គីឡូ​កាល​ថ្ងៃ​ទី​១៧​កញ្ញា​ម្សិល​មិញ​​​ម្ង៉ៃ​​​ម៉្លេះ តែ​ត្រូវ​បាន​លើក​ពេល​យ៉ាង​តក់​ក្រហល់។ ​លោក ម៉ិល កាដូ អគ្គលេខាធិការ​​សហព័ន្ធ​​កីឡា​​​ប្រដាល់​​កម្ពុជា​ថា ការ​លើក​ពេល​​នោះ​គឺ​ដោយសារ​ រៀប​ចំ​មិន​ទាន់ ហើយ​ថា​ការ​កំណត់​​កាល​បរិច្ឆេទ​ជា​ថ្មី​សម្រាប់​កម្មវិធី​​ដ៏​ធំ​​​មួយ​នេះ ​​នៅ​មិន​ទាន់​​ដឹង​ថា​ពេល​ណា​នៅ​​ឡើយ។ “​​យើង​នៅ​រង់ចាំ​​ការ​សម្រេចឡើង​វិញ​​​​​ពី​​ឯកឧត្ដម​​ប្រធាន​សហព័ន្ធ​​ថា​នឹង​​ធ្វើ​​ឡើង​នៅ​ពេល​ណា”។ លោក ម៉ិល កាដូ បញ្ជាក់​បន្ថែម​។

អត្ថបទ​ពាក់ព័ន្ធ​សូម​អាន៖ ដឹង​អ្វី​ខ្លះ​ជុំ​វិញ​អ្នក​ប្រដាល់​ល្បី​​​ កែវ រំចង់ ?

ព័ត៌មាន​ថា​​ប្រកួត​ប្រដាល់​ជើង​ឯក​ជាតិ​ឆ្នាំ​​នេះ​មិន​ប្លែក​​ពី​ឆ្នាំ​មុន​ទេ។ ​ការ​ប្រកួត​មាន​២​​វិញ្ញាសា​គឺ សេរី និង​ សកល ដោយ​​ត្រូវ​បែង​ចែក​ជា​២​ក្របខ័ណ្ឌ​ដូច​​គ្នា​​​គឺ​ ក១ និង​ ក២។

ឯកឧត្ដម តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​​​​​មាន​ប្រាសន៍​ថា​មិន​ទាន់​កំណាត់​ពេល​វេលា​រៀប​ចំ​ឡើង​វិញ​នៅ​ឡើយ តែ​​អាច​នឹង​ធ្វើ​ឡើង​ក្រោយ​ការ​ប្រលង​ឌីប្លូម​ចប់​។

ក្រុម​អ្នក​​ទស្សនា​ការ​ប្រកួត​ប្រដាល់​កន្លង​មក

ដោយ​ឡែក ស៊ី​ហ្គេម​លើក​ទី ២៧​នៅ​មីយ៉ាន់ម៉ា ចុង​ឆ្នាំ​នេះ​​កម្ពុជា​នឹង​បញ្ជូន​អ្នក​​​ប្រដាល់​សកល ​​៦​រូប​ទៅ​ប្រជែង​មេដាយ។ កីឡាករ​ឆ្នើម​ទាំង​​៦​រូប​រួម​​មាន ពេជ្រ ម្ទេសខ្មាំង, ឡុង ឡាំដា, ផល សោភ័ណ្ឌ, ស្វាយ​ រដ្ឋា, ឈឿង ពិសី ​និង វ៉ន វីវ៉ា ខណៈ​ដែល​ប្រដាល់​សេរី​មិន​​បញ្ជូន​ទៅ​ ប្រកួត​ទេ ​ដោយ​សារ​ការ​ប្រើប្រាស់​​ឈ្មោះ​ក្នុង​ការ​ប្រកួត​ថា Mauy ដែល​អ្នក​ជំនាញ​​ចាត់​ទុក​ថា​​នឹង​អាច​ធ្វើ​ឲ្យ​បាត់បង់​​អត្តសញ្ញាណ ក្បាច់គុនបុរាណ​ខ្មែរ ប្រសិន​បើ​​មានៈចូល​រួម​ទាំង​ប្រើ​​ឈ្មោះ​​ដែល​មាន​​ទំនោរ​ទៅ​រក ក្បាច់​គុន​របស់​ថៃ និង​ឡាវ បែប​នេះ​​​​៕

អត្ថបទ​៖ ប៉ែន សុផាន់ណា​​