ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​យុវជន​ក្រោម​អាយុ ២៣ ឆ្នាំ​របស់ ​ម៉ាឡេស៊ី ដែល​ជា​ឈុត​ត្រៀម​ទៅ​ប្រកួត​ក្នុង​ពាន​រង្វាន់ ស៊ីហ្គេម ២០១៣ នៅ​ប្រទេស​មីយ៉ាន់ម៉ា ខាង​មុខ បាន​ក្លាយ​ជា​ជើង​ឯក​ក្នុង​ពាន​រង្វាន់ Pestabola Merdeka 2013 ក្នុង​ឋានៈជា​ម្ចាស់​ផ្ទះ កាល​ពី​ពេល​ថ្មីៗ។

ពាន​រង្វាន់ Pestabola Merdeka Cup លើក​ទី៤១​ខាង​លើ​​នេះ បាន​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ៧ ដល់ ១៤ កញ្ញា ដោយ​មាន​ក្រុម​ចូលរួម​ចំនួន ៤ គឺ U23 សិង្ហបុរី, Thailand Selected Team, U23 មីយ៉ាន់ម៉ា (ជំនួស​ក្រុម​ U23 ហ្សកដានី) និង​ក្រុម​ម្ចាស់​ផ្ទះ​គឺ​ U23 ម៉ាឡេស៊ី។ ការ​ប្រកួត​​ប្រើប្រាស់​កីឡដ្ឋាន ២ គឺ Darul Makmur Stadium និង Temerloh Mini Stadium។

ក្រុម U23 របស់ ម៉ាឡេស៊ី

ការ​​ប្រកួត​តម្រូវ​ឱ្យ​ក្រុម​ទាំង ៣ ប្រកួត​គ្នា​ សន្សំ​ពិន្ទុ។ ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ ២​ក្រុម​ឡើង​ទៅ​ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ចំណែក​២ ក្រុម​ពិន្ទុ​តិច​ជាង​គេ ប្រកួត​គ្នា​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ ៣។ ជា​ផ្លូវ​ការ U23 ម៉ាឡេស៊ី លើក​ពាន តែ​ម្ដង​បន្ទាប់​ពី​យក​ឈ្នះ​ U23 មីយ៉ាន់ម៉ា ក្នុង​លទ្ធផល ២ – ០ ខណៈ​ក្រុម U23 សឹង្ហបុរី ជា​ក្រុម​លេខ ៣ ក្រោយ​យក​ឈ្នះ Thailand Selected Team ២ – ១។

ដំណាល​គ្នា​នោះ កីឡាករ Wan Zack Haikal Wan Noor ​ខ្សែ​ប្រយុទ្ធ​​របស់ U23 ម៉ាឡេស៊ី ជាប់​ជា​កីឡាករ​ល្អ​ប្រចាំ​ពាន​រង្វាន់ ខណៈ​ដែល​ មិត្ត​រួម​ជាតិ​គេ គឺ ខ្សែ​ប្រយុទ្ធ Rozaimi Abdul Rahman ​​ទទួល​បាន​ស្បែក​ជើង​មាស។

ក្រុម U23 ម៉ាឡេស៊ី លើក​ពាន

បើ​ងាក​មក​មើល​អតីតកាល​វិញ ​ក្រុម​ជម្រើស​ជាតិ​​ កម្ពុជា​ ​ធ្លាប់​ទៅ​លេង​ក្នុង​ពាន​រង្វាន់​នេះ​ចំនួន ៣ លើក​ដែរ គឺ លើក​ទី១ ក្នុង​ឆ្នាំ ១៩៥៧។ កាល​នោះ​មាន​ប្រទេស​ចូលរួម​ចំនួន ៨ ។ ប្រកួត​ក្នុង​ជុំជម្រុះ​​ដំបូង កម្ពុជា ចាញ់ ហុងកុង ៦ – ២។ ក្រុម​កម្ពុជា​ស្ថិត​ក្នុង​ពូល​ជាមួយ​ក្រុម​ចាញ់​ផ្សេង​ទៀត​ដូចជា សឹង្ហបុរី, ភូមា និង ថៃ។ ជា​លទ្ធផល​នៃ​វគ្គ​ជម្រុះ​តាម​ពូល កម្ពុជា នៅ​បាត​តារាង​ក្រោយ ប្រកួត ចាញ់ ថៃ ៣ – ១ ចាញ់​ភូមា ២ – ១ និង ស្មើ សឹង្ហបុរី ១ – ១។ ឆ្នាំ​​ដំបូង​នោះ​ ហុងកុង ជា​ក្រុម​ជើង​ឯក។

ក្រោយ​មក​ទៀត​ក្នុង​អំឡុង​ឆ្នាំ ១៩៧២ កម្ពុជា​បាន​ទៅ​បង្ហាញ​មុខ​ក្នុង​ពាន​រង្វាន់​នេះ​សាជាថ្មី។ ឆ្នាំ​នោះ​​មាន​ក្រុម​ចូលរួម​ចំនួន ១២ ក្រុម។ កម្ពុជា​ស្ថិត​ក្នុង​ពូល A ជាមួយ ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី ជប៉ុន ហ្វីលីពីន ភូមា និង ស្រីលង្កា។ លទ្ធផល​វគ្គ​ជម្រុះ​តាម​ពូល កម្ពុជា ចាញ់ ជប៉ុន ៤ – ១ ចាញ់ ម៉ាឡេស៊ី ៦ – ១ ស្មើ ហ្វីលីពីន ២ – ២ ឈ្នះ ភូមា  ២ – ១ និង ឈ្នះ​ស្រីលង្កា ៦ – ១។ កម្ពុជា ជាប់​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​ពូល ត្រូវ​ទៅ​ប្រកួត​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ៥ ជាមួយ​ក្រុម​ហុងកុង ដែល​ជា​ក្រុម​ចំណាត់​ថ្នាក់​លេខ ៣ នៅ​ពូល B។ លទ្ធផល កម្ពុជា ជាប់​ចំណាត់​ថ្នាក់​លេខ ៥ ក្រោយ​យក​ឈ្នះ ហុងកុង ១ – ០។

មួយ​ឆ្នាំ​បន្ទាប់ ពោល​គឺ ឆ្នាំ ១៩៧៣ កម្ពុជា ទៅ​ចូលរួម​ជា​លើក​ទី ៣ តែ​មិន​បាន​លទ្ធផល​ជា​ផ្លែផ្កា​នោះ​ទេ។ ប្រកួត​​ដំបូង​មុន​ឈាន​ដល់​វគ្គ​ចែក​ពូល កម្ពុជា ចាញ់ សឹង្ហបុរី ដោយ​បាល់​ប៉េណាល់ទី។ ឆ្ពោះ​ទៅ​វគ្គ​ចែក​ពូល កម្ពុជា បន្ត​ចាញ់ កូរ៉េខាងត្បូង ១ – ០ ចាញ់ ម៉ាឡេស៊ី ១ – ០ ចាញ់ ថៃ ៤ – ១ និង ចាញ់ ឥណ្ឌា ៣ – ០។

Pestabola Merdeka Cup អាច ​ចាត់​ទុក​ថា​ជា​ពាន​រង្វាន់​ចំណាស់​មួយ​ក្នុង​តំបន់​អាស៊ាន ព្រោះ​ប្រទេស​ម៉ាឡេស៊ី បង្កើត​ពាន​រង្វាន់​នេះ​ឡើង​តាំង​ពី​ឆ្នាំ ១៩៥៧ ក្នុង​បំណង​​អបអរ​ថ្ងៃ​ឯករាជ្យ​ជាតិ​របស់​ខ្លួន។ មិន​ទៀង​ទាត់​ទេ ឆ្នាំ​ខ្លះ ម៉ាឡេស៊ី រៀបចំ​ឱ្យ​មាន​ការ​ប្រកួត​ហើយ​ឆ្នាំ​ខ្លះ​ក៏​អាក​ខាន​​។ ម្ចាស់​ផ្ទះ​តែងតែ​អញ្ជើញ​ក្រុម​ជម្រើស​ជាតិ​ដទៃ​មក​ចូលរួម​​ប្រកួត ខណៈ​ក្រុមម្ចាស់​ផ្ទះ​​មួយ​នេះ​លើក​ពាន Pestabola Merdeka Cup បាន ​ច្រើន​ជាង​គេ​ពោល​ដល់​ទៅ​ ៩ ដង។ រហូត​ដល់​ឆ្នាំ ២០០៧ ទើប ពាន​រង្វាន់​នេះ​បាន​ប្ដូរ​​សមាសភាព​ក្រុម​ចូលរួម​ពី​ជម្រើស​ជាតិ​ឈុត​ធំ ទៅ​ជា ឈុត​យុវជន​ក្រោយ​អាយុ ២៣ ឆ្នាំ​រហូត​ដល់​សព្វ​ថ្ងៃ​។ តាំង​ពី​ប្ដូរ​​កម្រិត​អាយុ​នៃ​ក្រុម​ប្រកួត​មក U23 ម៉ាឡេស៊ី បាន​លើ​ពាន​នេះ ២ ដង​មក​ហើយ គឺ ឆ្នាំ ២០០៧ និង ២០១៣។

ព័ត៌មាន​កីឡា​បាល់ទាត់​ក្នុង​តំបន់អាស៊ី សូម​ចុច​ទីនេះ…


អត្ថបទ៖ ម៉ឺន រស្មី
ប្រភព៖ rsssf & pestabolamerdeka

រូបថត៖ pestabolamerdeka