Breaking News
Loading...
Sunday, September 22, 2013

លោក សម រង្ស៊ី និង កឹម សុខា ដឹកនាំតំណាងរាស្រ្ត ជាប់ឆ្នោត ទៅស្បថមុខប្រាសាទ អង្គរវត្ត ពហិការកិច្ច ប្រជុំសភាលើកដំបូង


ប្រភព ដើមអម្ពិល

សៀមរាប៖ ប្រធានគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធាន លោក កឹម សុខា នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៣ នេះបានដឹកនាំ តំណាងរាស្រ្ត ជាប់ឆ្នោតទាំង៥៥ នាក់ អមដោយ តំណាងរាស្រ្ត ៩នាក់ផ្សេងទៀត(កើនឡើងម្នាក់ទៀត ពីចំនួន៦៣) ដែលពួកគេ បានអះអាងថា ជាប់ឆ្នោតដែរនោះ បាននាំគ្នាទៅ ស្បថនៅមុខ ប្រាសាទអង្គរវត្ត ចំពោះការគោរពឆន្ទះ របស់រាស្រ្ត ពហិការ កិច្ចប្រជុំសភាលើកដំបូង ដែលគ្រោង ធ្វើឡើង នៅច័ន្ទទី២៣ ខែកញ្ញា ឆ្នាំ២០១៣នេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រ ។

នៅព្រឹកថ្ងៃដដែលនេះ នៅមុខប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប គេសង្កេតឃើញ សកម្មជន និងសមាជិក សមាជិកា គណបក្សសង្គ្រោះជាតិ ជាច្រើនរយនាក់ បានទៅចូលរួម ក្នុងពិធីស្បថ របស់មេដឹកនាំរបស់ខ្លួន និងតំណាងរាស្រ្ត ជាប់ឆ្នោតខាងលើនេះ។ នៅវេលាម៉ោង ៨៖៤៥នាទី លោក សម រង្ស៊ី និងលោក កឹម សុខា បានធ្វើដំណើរទៅដល់ មុខប្រាសាទអង្គរវត្តហើយ អបដោយការគាំទ្រពីសំណាក់ សកម្មជនរបស់ខ្លួន ដែលកំពុងរង់ចាំនៅទីនោះ។

យ៉ាងណាក៏ដោយ បើទោះបីគណបក្ស សង្គ្រោះជាតិ ពហិការ កិច្ចប្រជុំសភា លើកដំបូង នាថ្ងៃច័ន្ទនេះ ប៉ុន្តែដំណើរការ នៃកិច្ចប្រជុំ នឹងប្រព្រឹត្តជាធម្មតា ខណៈដែលតំណាងរាស្រ្ត ជាប់ឆ្នោត របស់គណបក្ស ប្រជាជនកម្ពុជា ទាំង៦៨រូប នឹងចូលរួមកិច្ចប្រជុំនេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ បំផុតរបស់ ព្រះមហាក្សត្រ។ កាលពីម្សិលមិញ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងថា កិច្ចប្រជុំសភាជាតិ លើកដំបូងសម្រាប់អាណត្តិទី៥នេះ នឹងប្រព្រឹត្តទៅតាមការ គ្រោងទុក នាថ្ងៃទី២៣ ខាងមុខ នេះ បើទោះបីមានវត្តមានអ្នកតំណាងរាស្រ្តជាប់ឆ្នោត គណបក្សប្រជាជនកម្ពុជា ចំនួន ៦៨រូប និងពុំមានវត្តមានអ្នកតំណាងរាស្រ្ត គណបក្សប្រឆាំងចំនួន ៥៥រូបក៏ដោយ។

លោក ខៀវ កាញារីទ្ធ បានថ្លែងបន្តទៀតថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់នឹងគង់ជាអធិបតី បើកកិច្ចសម័យប្រជុំសភាសម្រាប់អាណត្តិទី៥។ រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្លែងបញ្ជាក់ទៀតថា បន្ទាប់ពីព្រះមហាក្សត្របើកសម័យប្រជុំ អ្នកតំណាងរាស្រ្ត ដែលបាន ចូលរួម ក្នុងកិច្ចប្រជុំ នឹងជ្រើសរើសព្រឹទ្ធបុរសដែលមានវ័យ ចាស់ជាងគេធ្វើជាប្រធាន ដើម្បីបង្កើតក្បាលម៉ាស៊ីន រដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិទី៥ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោក ខៀវ កាញារីទ្ធ ក៏បានបញ្ជាក់បន្ថែមទៀតថា  នៅល្ងាចថ្ងៃចន្ទ ទី២៣ ខែកញ្ញា អ្នកតំណាងរាស្រ្តជាប់ឆ្នោត ដែលបានចូលរួមក្នុងកិច្ចប្រជុំសភាដំបូងទាំងនោះ នឹងចូលស្បថក្នុងព្រះបរមរាជវាំង ដើម្បីចូលកាន់តំណែង ហើយជាមួយគ្នានោះ នៅព្រឹកថ្ងៃអង្គារ ទី២៤  ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីអាណត្តិទី៥ នឹងដឹកនាំសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី ចូលក្នុងព្រះបរមរាជវាំង ដើម្បីស្បថចូលកាន់ តំណែងផងដែរ៕

 

Photo by DAP-NEWS

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved