ថ្មីៗ​នេះ​ទស្សនាវដ្ដី​ Forbes​ របស់​អាមេរិក​បាន​ចេញផ្សាយ​​​​ឈ្មោះ​ប្តី​ប្រពន្ធ ជា​តារា​ល្បី​ៗ​ហើយ​រក​ចំណូល​បាន​ច្រើន​ជាងគេប្រចាំឆ្នាំ២០១៣។ ទស្សនាវដ្ដី​នេះ​បាន​ប្រគល់​ចំណាត់​លេខមួយ​ទៅ​ឲ្យ​ប្តី​ប្រពន្ធ ​ដ៏​ល្បីល្បាញ​ Jay Z និង Beyonce ដែល​រក​បាន​ចំណូល​សរុប ​៩៥ ​លាន​ដុល្លារ​។

Jay Z និង Beyonce

ទស្សនាវដ្ដី ដ៏​ល្បីល្បាញ មួយ​នេះ​ក៏​បាន​បង្ហាញ​ពី​ប្រភព​ចំណូល របស់​គូ​ស្វាមីភរិយា​មួយ​គូ​នេះ​ផង​ដែរ។ Beyonce បាន​ទទួល​ចំណូល​​ពី​ការ​ប្រគំតន្ត្រី​ជុំវិញ​ពិភពលោក​ “Mrs. Carter” ដែល​អាច​ឲ្យ​តារា​រូប​នេះ​រក​ចំណូល​​បាន​ ២លាន​ដុល្លារ​ក្នុង​មួយ​លើក។

ចំណែក​ឯ Jay Z វិញ គាត់​បាន​ទទួល​ចំណូល​ យ៉ាង​សម្បើម​ដោយ​ ការ​លក់​អាល់ប៊ុម និង ប្រគំ​តន្ត្រី ​”Watch the Throne”។ លើស​ពី​នេះ តារា ​រ៉េប​វ័យ​៤២​ឆ្នាំ រូប​នេះ បាន​ទទួល​ចំណូល បន្ថែម​ទៀត ​តាមរយៈ​ការ​វិនិយោគ​ទៅ​លើ​ក្រុម​បាល់​បោះ​ Brooklyn Nets basketball Team។​​

ឯ​ចំណាត់​ថ្នាក់​លេខ ​២ ​វិញ​​បាន​ទៅ​លើ​តារា​ម៉ូដែល​ Gisele Bundchen និង​ប្ដី​ជា​​កីឡាករ​បាល់​ឱប​​អាមេរិក​ឈ្មោះ​​ Tom Brady ​ដោយ​រក​បាន​ចំណូល​ ៨០​ លាន​ដុល្លារ។

Gisele Bundchen និង​ប្ដី​​ Tom Brady

ប្តី​ប្រពន្ធ​តារា​ហូលីវូដ Angelina Jolie និង Brad Pitt បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​៣ ដោយ​រក​បាន​ចំណូល​ ៥០​ លាន​ដុល្លារ។

Angelina Jolie និង Brad Pitt

ដោយ​ឡែក​ ​ចំណាត់​ថ្នាក់​ទី ៤ បាន​ធ្លាក់​ទៅ​លើ ​ប្តី​ប្រពន្ធ ​Ashton Kutcher និង Mila Kunis ដែល​ជា​តារា​សម្ដែង​ក្នុង​កម្មវិធី​កំប្លែង “That ’70s Show” ដោយ​រក​បាន​ ៣៥ លាន​ដុល្លារ និង លេខ ៥ បាន​ទៅ​លើ ឪពុក​ម្ដាយ ថ្មីថ្មោង Kim Kardashian និង Kayne West ​ ​មាន​ប្រាក់​​ចំណូល ៣០​ លាន​ដុល្លារ។

Ashton Kutcher (ទី​បី​រាប់​ពី​ស្ដាំ) និង Mila Kunis (ទី​ពីរ​រាប់​ពី​​ស្ដាំ)

Kim Kardashian និង Kayne West ​

Forbes ​បាន​កំណត់​​ចំណាត់ថ្នាក់​នេះ​​ ដោយ​ផ្អែក​លើ​ចំណូល​ដែល​រក​បាន​ដោយ​គិត​ពី​ខែ មិថុនា ​ឆ្នាំ ​២០១២ ដល់​ ខែ​ មិថុនា ​ឆ្នាំ២០១៣។ ​​ ​ការ​ប៉ាន់ស្មាន​ចំណូល​របស់​ពួកគេ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ ​ផ្អែកលើ កិច្ច​សម្ភាសន៍ ជាមួយ អ្នក​ផលិត អ្នកចាត់ការ និង មនុស្ស​ដែល​ជាប់​ពាក់ព័ន្ធ​ដទៃ​ទៀត៕