​ខ្សែ​ប្រយុទ្ធ​ Mario Balotelli ទាត់​បាល់​ពិន័យ​ ១១​ម៉ែត្រ​អត់​ចូល​ជា​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Serie A ​ដែល​​ក្រុម​ AC Milan ​ចាញ់​ Napoli ១-២ ​​នៅ​ទឹកដី​ខ្លួន​ឯង​យប់មិញ​។​

ខណៈ​​កីឡាករ ​Miguel Britos ​(នាទី​ទី​៦) ​និង ​Gonzalo ​Higuaín (នាទី​ទី​៥៤​) តែត​និង​ស៊ុត​បញ្ចូល​ទី​ម្នាក់​មួយ​គ្រាប់​ឱ្យ​ភ្ញៀវ​ Napoli ​នាំ​មុខ​២-០​មុន​ទៅ​ហើយ​នោះ ក្រុម​ម្ចាស់​ផ្ទះ​ AC Milan ​មាន​ឱកាស​កាត់​បន្ថយ​ការ​នាំ​មុខ​​ក្នុង​នាទី​ទី​ ៦០​ដោយ​ទទួល​បាន​បាល់​ពិន័យ ​១១​ម៉ែត្រ​។ Balotelli គឺ​ជា​អ្នក​រ៉ាប់រង​​ស៊ុត​ប៉េណាល់ទី ក្រោម​ទំនុក​ចិត្ត​ខ្ពស់​បំផុត​ពី​គ្រូ​បង្វឹក​ក៏​ដូច​ជា​មិត្ត​រួម​ក្រុម​ ព្រោះ​​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​នៃ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​​វ័យ​ ២៣​ឆ្នាំ​រូប​នេះ ទាត់​ ២១​លើក​កន្លង​មក ចូល​ទាំង​២១​លើក ដោយ​គ្មាន​អ្នកចាំទី​ណា​​សង្គ្រោះ​​បាល់​ពិន័យ​ ១១​ម៉ែត្រ​​របស់​គេ​បាន​ឡើយ​ក្នុង​ការ​ប្រកួត​ផ្លូវការ​ទាំង​នោះ​។

ប៉ុន្តែ​កំណត់ត្រា​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ចូល​រហូត​របស់​អតីត​សមាជិក​ក្លិប Inter Milan និង Man City រូប​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​អ្នកចាំទី​​ដៃ​ទី​៣​អេស្ប៉ាញ​ Pepe Reina ​ដែល​លោក​ Rafael Benitez ​ទើប​ខ្ចី​ពី​ Liverpool ​មក​ជួយ​ Napoli​ ក្នុង​រដូវ​កាល​នេះ​។


យ៉ាង​ណា​ក្ដី ​នៅ​នាទី​ទី​៩០+១​ អតីត​យុវជន​ក្លិប Lumezzane ​​ទាត់​បញ្ចូល​ទី​គ្រាប់​លួង​ចិត្ត​ឱ្យ AC Milan ​បាន​មួយ​គ្រាប់​ពី​ដំបូល​ទូក ​មុន​ពេល​ទទួល​កាត​លឿង​ជា​លើក​ទី​២​នៅ​ក្រោយ​ការ​ប្រកួត​ដោយសារ​ជះ​កំហឹង​ដាក់​អាជ្ញាកណ្ដាល​។​

ដោយឡែក ​ក្រុម​រួម​ក្រុង​​របស់​ AC គឺ​ Inter Milan ​បាន​លត់​ម្ចាស់​ផ្ទះ​ដែល​ជា​ក្រុម​ចំណូល​ថ្មី​ Sassuolo ដល់​ទៅ​៧-០ ​ទាត់​បញ្ចូល​ទី​ដោយ​ ​ខ្សែ​ប្រយុទ្ធ​ Rodrigo Palacio, ​ខ្សែ​បម្រើ​ Saphir Taïder, Ricky Álvarez, Diego Milito (២​គ្រាប់), Esteban Cambiasso ​និង​​ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​មួយ​គ្រាប់​របស់​ខ្សែ​ការពារ​ក្រុម​ Sassuolo​។​

Carlos Tevez ​និង​ Fernando Llorente ​រក​បាន​ម្នាក់​មួយ​គ្រាប់​ឱ្យ​ម្ចាស់​ផ្ទះ​ Juventus វាយ​បក​យក​ឈ្នះ​ Hellas Verona ​២-១​ ខណៈ​ Roma ​ស៊ី​ Lazio ​២-០ ​ហក់​ឡើង​ទៅ​ឈរ​កំពូល​តារាង​ ​មាន​១២​ពិន្ទុ​ស្មើ​ Napoli ​តែ​លើស​គ្រាប់​បាល់​ចំណេញ​មួយ​គ្រាប់​។

តារាង​ចំណាត់ថ្នាក់​​ប្រចាំ​សប្ដាហ៍​ទី​៤​

អ្នកទាត់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ក្នុង​៤​ប្រកួត​មក​នេះ