គិត​​ត្រឹម​ថ្ងៃ​នេះ​​គឺ​​បិណ្ឌ​៤​​នៃ​​​​ពិធី​បុណ្យ​ភ្ជុំ​​បិណ្ឌ ​​​ហើយ​​​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​​ជា​បណ្ដើរ​ៗ​បាន​ធ្វើ​ចង្ហាន់ បង្អែម​​ ​និង​នាំ​យក​​ធូប​​ទៀន​​​រួម​នឹង​​​​ផ្កា​ជា​ដើម​​ឆ្ពោះ​ទៅ​​​វត្ត​អា​រាម​នានា ​ដើម្បី​​បញ្ជូន​​កុសល​ទៅ​កាន់​​បុព្វការី​ជន​​​ដែល​ចែក​​ឋាន​​​​​។ ទន្ទឹម​នឹង​នេះ​​អ្នក​ប្រដាល់​​ល្បី​ វ៉ន វីវ៉ា ​ថា​គាត់​​បាន​​​ធ្វើ​ចង្ហាន់​​​​ទៅ​​វត្ត​បាន​២​វត្ត​ហើយ​​ និង​មាន​​គម្រោង​ទៅ​ច្រើន​វត្ត​ទៀត​។

​​អ្នក​ប្រដាល់​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម ​ថា​២​វត្ត​ដែល​​​​គាត់​​បាន​ធ្វើ​​ចង្ហាន់​​ទៅ​ប្រគេន​ព្រះសង្ឃ​គឺ​​​វត្ត​​​ប្រាសាទ និង​វត្ត​ ឧណ្ណាលោម។ ​​បន្ថែម​លើ​នេះ​​គាត់​​បាន​ក្រោក​បោះ​បាយ​បិណ្ឌ​បាន​​២​វត្ត​ដែរ ​ដែល​​​គាត់​ថា​ទាំង​នេះ​ប្រពៃណី​ល្អ​ដែល​កូន​ខ្មែរ​គួរឲ្យ​​ប្រតិបត្តិ​​។ “​យើង​ជា​កូន​ខ្មែរ ត្រូវ​គោរព​ប្រពៃណី​​របស់​យើង។ ​”​ភ្ជុំ​បិណ្ឌ​រាល់​តែ​ឆ្នាំ ​ខ្ញុំ​ទៅ​វត្ត​មិន​ដែល​ខាន​ទេ​​ដើម្បី​​​សន្សំ​កុសល​ និង​ឧទ្ទិស​​មគ្គផល​​​ដល់​​អ្នក​ម្ដាយ​មាន​គុណ​​របស់​ខ្ញុំ​ដែល​ចែក​​ឋាន​ទៅ។ ​ខ្ញុំ​នឹង​ទៅ​​​​វត្ត​ឯ​ស្រុក​នៅ​កំពង់​ចាម​​ដែរ តែ​អត់​ច្បាស់​ថា​បិណ្ឌ​ប៉ុន្មាន​​ឲ្យ​ប្រាកដ​នៅ​ឡើយ​​”​។ ​អ្នក​ប្រដាល់​យក​បាន​មេដាយ​សំរឹទ្ធ​ពី​ស៊ីហ្គេម ២០១១ ​បន្ថែម​បែប​នេះ។

អត្ថបទ​ពាក់ព័ន្ធ​សូម​អាន៖ វ៉ន វីវ៉ា បើក​​ក្លិប​ប្រដាល់ ​តែ​មិន​បោះ​ចោល​សង្វៀន

វ៉ន វីវ៉ា បោះបាយ​បិណ្ឌ​​​នៅ​វត្ត​ឧណ្ណាលោម កាល​ថ្ងៃ​ដំបូង​នៃ​ភ្ជុំ​បិណ្ឌ

វ៉ន វីវ៉ា ​អ្នក​ប្រដាល់​​ម្នាក់​ក្នុង​ចំណោម​៦​នាក់​​ដែល​កំពុង​ត្រៀម​​ខ្លួន​​ឆ្ពោះ​ទៅ​ស៊ីហ្គេម​នៅ​មីយ៉ាន់ម៉ា​ចុង​ឆ្នាំ​នេះ​ បន្ត​​ទៀត​ថា​រៀង​រាល់​ឆ្នាំ​​គាត់​តែង​​ធ្វើ​ចង្ហាន់​ទៅ​វត្ត​មិន​ក្រោម​​​៧​​វត្ត​ឡើយ។ ​ម្ចាស់​ខ្សែ​ក្រវាត់​ ISK ​ពិភពលោក​​​បាន​បន្ត​​ពី​ការ​​ធ្វើ​បុណ្យ​ទាន​ទៀត​ថា​៖​​ ​”​​​ឆ្នាំ​មុន​ៗ​​ខ្ញុំ​​ទៅ​​​វត្ត​នៅ​តាម​​ខេត្ត​​របស់​មិត្តភ័ក្ដិ​ឆ្ងាយ​ៗ​ដូច​ជា​​បាត់ដំបង​ក៏​មាន​។ ​ការ​ធ្វើ​បុណ្យ​ទាន​​​វា​អាស្រ័យ​​លើ​​ចិត្ត​​ជ្រះថ្លា។ ​និយាយ​​ឲ្យ​តែ​​យើង​​ធ្វើ​ទាំង​ចិត្ត​បរិសុទ្ធ​វា​នឹង​បាន​កុសល​តប​វិញ​​”។

គិត​មក​ដល់​ពេល​នេះ​គឺ​ប្រមាណ​មួយ​ឆ្នាំ​ជាង​ហើយ​​ដែល វ៉ន វីវ៉ា ​បាន​បើ​ក្លិប​បង្ហាត់​​ប្រដាល់​ឈ្មោះ​ថា ក្លិប​ប្រដាល់​កូន​ខ្មែរ​អ្នក​តស៊ូ ​ដែល​មាន​ទីតាំង​​នៅ​សង្កាត់​ទួល​សង្កែ​​ ​​បន្ថែម​​​លើ​ការងារ​​ឡើង​​រេញ​​ដ៏​កម្រ​របស់​គាត់។ កីឡាករ​​កម្ពស់​​១៨០​សង់ទីម៉ែត្រ​​មាន​ប្រភព​ចេញ​ពី​ក្លិប​​ប្រដាល់​ខេត្ត​កំពង់​ចាម មុន​ពេល​ដែល​គាត់​ផ្ទេរ​ទៅ​កាន់​ក្លិប​​​ព្រះខ័នរាជ​នៅ​ឆ្នាំ​២០០៤៕

អត្ថបទ៖ ប៉ែន សុផាន់ណា​​