ការ​ស្លៀក​ខ្លី​ ទៅ​បោះ​បាយ​​បិណ្ឌ នៅ​ព្រឹក​ព្រលឹម​ស្រាង​ៗ​​ ​បាន​ទទួល​រង​ការ​រិះ​​គន់​ពី​សំណាក់​សាធារណៈ​​មតិ ក៏​ដូច​ជា​​អ្នក​ប្រើ​​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​។​ អ្នក​ទាំង​នោះ​​និយាយ​ថា​ ការ​​ស្លៀក​ពាក់​ខ្លី​បែប​នេះ​​បាន​ធ្វើ​ប៉ះពាល់​​យ៉ាង​ខ្លាំង​ដល់​វប្បធម៌​ប្រពៃណី​ខ្មែរ​ ពិសេស​​​ទី​អារាម​ ដែល​​ជា​​​កន្លែង​ស្ងប់​សុខ​។

​​​បូរ៉ា​ និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​បាន​​និយាយ​​នឹង​យើងខ្ញុំថា​ ការ​ស្លៀក​ពាក់​ខ្លី​ នៅ​ទី​កន្លែង​​ផ្សេង​ដូច​ជា​មិន​ទាន់​ខុស​អី​ទេ​។ប៉ុន្តែ​នៅ​ទីវត្ត​អារាម​ គួរ​គិត​​ដែរ​ ព្រោះ​ទី​នោះ​​​គឺ​ជា​កន្លែង​ធ្វើ​បុណ្យ​ទាន។​បូរ៉ា​ ថា​ ៖ ​”ខ្ញុំ​​កោត​សរសើរ​​ណាស់​ ដែល​​ពួក​គាត់​ចេះ​​ធ្វើ​បុណ្យ​ទាន​​ ដោយ​ខំ​ក្រោក​តាំង​ពី​ព្រលឹម​ទៅ​​បោះ​បាយ​បិណ្ឌ​​​។ប៉ុន្តែ​​អ្នក​ខ្លះ​ស្លៀក​ពាក់​មើល​ទៅ​​ដូច​ទើប​ចេញ​​ពី​ក្លឹប​កម្សាន្ត​​​ទៅ​វិញ​”។

“ប្រហែល​ពួក​គាត់​គិត​ថា​ ទៅ​បោះ​បាយ​បិណ្ឌ​​​​ ពេល​​យប់​​មិន​សូវ​មាន​អ្នក​ឃើញ​ទើប​ហ៊ាន​ស្លៀក​បែប​ហ្នឹង​​”។​ ទាំង​នេះ​គឺ​ជា​​លើក​ឡើង​របស់​​ ចិន្តា​ និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​។ ចិន្តា​ និយាយ​ថា​ ៖ ​”អ្នក​ខ្លះ​ស្លៀក​ពាក់​កប់​ៗ​​ក្រលៀន មើល​ទៅ​អត់​សម​សោះ​​។​ តើ​ទៅ​ធ្វើ​បុណ្យ​ឬ​ទៅ​បង្ហាញ​រាង​?​”

យុវតី​មិន​​តិច​ទេ ដែល​​និយម​ស្លៀក​ខោ​ខ្លី​បញ្ចេញ​សាច់​ស​ខ្ចី​ ពិសេស​​អ្នក​រស់​នៅ​រាជ​ធានី​ភ្នំពេញ​។ សំបូ និស្សិត​ឆ្នាំ​ទី​៣ នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ ដែល​​បាន​ទៅ​បោះ​បាយ​បិន​ណ្ឌនៅ​វត្ត​​លង្កា​​​កាល​ពី​ថ្ងៃ​ចុង​សប្ដាហ៍​ បាន​​ រៀប​រាប់​ថា​ ពិត​ជា​​មាន​​ខ្លះ​មែន​​។ ប៉ុន្តែ​​ច្រើន​នាក់​ទៀត​ក៏​បាន​ស្លៀក​សមរម្យ​ដែរ។​​ សំបូ​ បាន​បន្ថែម​​ថា ៖ ​”ខ្ញុំ​គិត​ថា​ ទាំង​អស់​នេះ​ប្រហែល​ជា​រឿង​អចេតនា​ទេ​ ហើយ​ប្រសិន​បើ​មាន​​ការ​រិះ​គន់ ​ខ្ញុំ​គិត​ថា​ ពេល​ក្រោយ​ទៀត​​នឹង​លែង​​មាន​ហើយ”​។

“ស្លៀក​ខ្លី​បែប​នេះ​ ហើយ​ធ្វើ​ដំណើរ​នៅ​​ពេល​​យប់​ទៀត​ពិត​ជា​ប្រឈម​ខ្លាំង​ណាស់​ ​​នឹងករណី​​រំលោភ​”។​ ទាំង​នេះ​គឺ​ជា​​ការ​លើក​ឡើង​របស់​ ចំណាន​ បុគ្គលិក​នៅ​ក្រុមហ៊ុន​ឯក​ជន​មួយ ដែល​​សំណៅ​ដល់​យុវតី​ ដែល​និយម​​ស្លៀក​ខ្លី​ ពេល​ក្រោក​ពី​ព្រលឹម​ស្រាង​ៗ​ ទៅ​បោះ​បាយ​បិណ្ឌ។ ​ចំណាន​ បន្ថែម​ថា​ ៖ ​”អាច​មាន​រឿង​រ៉ាវ​អាក្រក់​កើត​ឡើង​ពីរ​យ៉ាង​ចំពោះ​គាត់​ ក្នុង​ពេល​តែ​មួយ​នោះ​គឺការ​ប្រឈម​ និង​ករណី​រំលោភ​ ​ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​ដ៏​ទៃ​រិះ​គន់​ពី​ការ​ស្លៀក​ពាក់​មិន​សមរម្យ​។ ដូច្នេះ​សូម​មេត្តា​យុវវ័យ​ទាំង​អស់​ស្លៀក​ពាក់​ឲ្យ​បាន​សមរម្យ​កុំ​លេច​លើ​លេច​ក្រោយ​​ទៀត​​​”។

តើ​យុវជន​យល់​យ៉ាង​ណា?​